​អាង​ហែល​ទឹក​ស្តា​ត​អូឡាំពិក សម្រេចបាន​ជាង ៩៥ ភាគរយ​ហើយ​

206
ចែករម្លែក

ដោយ​៖​រ៉ូ​ហ្សា
​ភ្នំពេញ​៖
ការជួសជុល និង​សាងសង់​អាង​ហែល​ទឹក នៅ​ពហុ​កីឡដ្ឋាន​ជាតិ មកទល់ ពេលនេះ សម្រេចបាន​ប្រមាណ​ជា ៩៥ ភាគរយ​ហើយ​។ នេះ​បើតាម​ការអះអាង ពី​ក្រុមហ៊ុន​ដែល​ទទួល​សាងសង់ និង​ជួសជុល ។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជា​ប្រធាន​សហព័ន្ធ​ខ្មែរ កីឡាហែលទឹក បាន​ចុះទៅ​ត្រួត​ពិនិត្យមើល ពី​លទ្ធផល នៃ​ការសាងសង់ និង​ជួសជុល នា​ល្ងាច​ថ្ងៃទី​៤ តុលា ដោយ​អមដំណើរ​មាន​លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា ។​

លោក ស៊ុន ចាន់ថុល ពិនិត្យមើល​ការជួសជុល​អាងទឹក​

​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​អះអាងថា នៅសល់​ការងារ​ច្រើនណាស់ ដែល​ត្រូវធ្វើ មិនអាច​ហើយ តាម​ការគ្រោង ដែលថា ត្រូវ​បញ្ចប់ នា​ចុងខែ​តុលា​នេះ​ទេ​។​

​លោក​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ស្ម័គ្រចិត្ត បាន​មានប្រសាសន៍ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា លោក​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន សៀង​ហៃ ខន​ត្រា​ក់សិន គ្រុប ដែលជា​ក្រុមហ៊ុន​ទទួល​សាងសង់​ផ្លូវ នៅ​កម្ពុជា ហើយ​ក្រុមហ៊ុន​នេះ ក៏​ធ្លាប់​សាងសង់ អាង​ហែល​ទឹកជា​ច្រើន​កន្លែង នៅក្នុង​ប្រទេស​ចិន ក៏ដូចជា នៅ​បណ្ដា​ប្រទេស​ផ្សេងៗ ដើម្បី​ស្ដារ​ពង្រីក​អាង​ហែល​ទឹក​អូឡាំពិក​យើង​នេះ ដោយ​ត្រូវ​ចំណាយ​ជាង ២ លាន​ដុល្លារ​។​

លោក ស៊ុន ចាន់ថុល ពិនិត្យមើល​ការជួសជុល​អាងទឹក​

​លោក​បាន​បន្តថា ពី​ដើម អាង​អូឡាំពិក​យើង​នេះ មានតែ​ប្រាំបី ខ្សែបន្ទាត់​ទេ តែ​ឥឡូវ ពង្រីក​បាន ១០ ខ្សែបន្ទាត់ ដូច​អាង​ហែល​ទឹក​នានា នៅលើ​ពិភពលោក​ដែរ​។ អាង​កែលម្អ​ថ្មី​នេះ មាន​ទំហំ ២៥​ម៉ែត្រ គុណ​នឹង ៥០​ម៉ែត្រ ពី​ដើម​តែ ៥០ គុណ​នឹង ២០​ម៉ែត្រ​ទេ តែ​ពេលនេះ ៥០ គុណ​នឹង ២៥ ម៉ែត្រ គឺ​ត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ​ថ្មី ហើយ​កន្លែង​លោតទឹក ក៏បាន​ពង្រីក​ថ្មី​ដែរ​។ យើង​ក៏បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន ជួសជុល​អគារ​ស្នាក់នៅ សម្រាប់​ក្រុម​ជម្រើសជាតិ បាន​ចំនួន ៥៥ នាក់​ផងដែរ​។

​លោក​បាន​បន្តទៀតថា ក្រៅពីនេះ​មាន​កន្លែង​អាហា​រដ្ឋា​ន និង​ចង្ក្រាន​បាយ ព្រោះថា កីឡាហែលទឹក​នេះ បើ​គ្មាន​ការហូប​អាហារ​គ្រប់គ្រាន់ និង​កន្លែង​ស្នាក់នៅ ត្រឹមត្រូវ​ទេនោះ គឺ​ពិបាក​ក្នុងការ​ដណ្តើម មេដាយ​ណាស់ ហើយ​ទន្ទឹមនេះ យើង​ក៏បាន​សាងសង់ អោយមាន​បន្ទប់​ហាត់ កម្លាំង​កាយសម្បទា សម្រាប់​ទុក​ឲ្យ កីឡាករ​ហ្វឹកហាត់ ព្រោះថា នៅក្នុង​កីឡាហែលទឹក​នេះ ពី​ដើម យើង​ហាត់​តែ​ក្នុង​ទឹក​ទេ តែ​ឥឡូវនេះ គឺ​ត្រូវ​ហាត់​នៅលើ​គោក​ផង និង​ក្នុង​ទឹក​ផង​។​

លោក ស៊ុន ចាន់ថុល ពិនិត្យមើល​ការជួសជុល​អាងទឹក​

​ប៉ុន្តែ​យ៉ាងណា បន្ទាប់ពី​ត្រួត​ពិនិត្យមើល​នេះ លោក​ទេសរដ្ឋមន្ត្រី ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ស្ម័គ្រចិត្ត បានស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​កែលម្អ​ទីកន្លែង​មួយចំនួន ដូចជា​បន្ទប់​បញ្ជា​រប​ង​ដែក និង​ប៉ាណូ ទូរទស្សន៍ LED សម្រាប់​លទ្ធផល ក៏​ត្រូវតែ​ប្ដូរ​ដាក់​ឲ្យ​បាន​ធំ​ជាង​មុន និង​អាចដាក់ LED ដាក់ពិន្ទុ​នេះ នៅ​កន្លែង​អាង​លោតទឹក ខាងត្បូង​មួយទៀត ។ នៅ​កន្លែង​អង្គុយ​ទស្សនា ក៏​ត្រូវតែ​កែលម្អ​ទៀត ដោយ​ត្រូវដាក់​ថ្មដុះ រំលេច​ដោយ​ពណ៌​ខៀវ ក្រហម ស កន្លែង​ជណ្តើរ​កណ្តាល ។ សរុបមក ការសាងសង់ មកទល់ ពេលនេះ គឺ​នៅ​ច្រើន ដែល​តាម​គម្រោង ដែលថា ចុងខែ​តុលា​នេះ នឹង​ចប់សព្វគ្រប់​នោះ គឺ​មិនអាច​ហើយ​ទេ ។​

​សូមបញ្ជាក់ថា ការជួសជុល និង​សាងសង់​អាង​ហែល​ទឹក​នេះ គម្រោង​ចំណាយ​រយៈពេល​ពី ៧​ទៅ​៨​ខែ ដោយ​ចាប់ដំណើរការ​ជួសជុល និង​សាងសង់ ពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ ហើយនឹង​គ្រោង​បញ្ចប់ ការជួសជុល​ជា​ផ្លូវការ នា​ចុងខែ​តុលា ឬ ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៩ ។ នេះ​តាម​ការ​បញ្ជាក់ប្រាប់ របស់លោក​ហែម គិរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក កាលពី​ចុង ខែសីហា​កន្លងមក​។​

​កាលណោះ លោក​ហែម គិរី បាន​និយាយថា តាមពិត យើង​គ្រោង​បញ្ចប់​ចុងខែ​កញ្ញា​ទេ ដោយសារតែ​យើង ត្រូវការ​ផ្លាស់ប្តូរ បច្ចេកទេស​មួយចំនួន ទើប​បញ្ចប់​ដើមខែ​វិច្ឆិកា​វិញ​។ ឈ្នាន់​សម្រាប់​លោតទឹក ត្រូវធ្វើ​ថ្មី​ឡើងវិញ ទាំងអស់ តាម​ស្តង់ដារ​អន្តរជាតិ​។ ការជួសជុល​ថ្មី​នេះ ចំណាយ​ថវិកា​អស់​ជាង ២ លាន​ដុល្លារ​សហរដ្ឋអាមេរិក ។​

​ទោះជា​យ៉ាងណា ក៏​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​មានប្រសាសន៍ថា បើតាម​លោក គិត​មើលឃើញ​គឺថា ខែធ្នូ ក៏​ប្រហែលជា​មិនទាន់​ចប់​ផង តែ​យ៉ាងណា លោក​បញ្ជាក់ថា ធ្វើ​ហើយ​លឿន​កាលណា គឺ​ល្អ​កាល​ហ្នឹង ដើម្បី​ឆាប់​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ សម្រាប់​ឲ្យ​កីឡាករ កីឡាការិនី​កម្ពុជា ធ្វើការ​ហ្វឹកហាត់ ក្នុងការ​ត្រៀមខ្លួន ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ដែល​កម្ពុជា នឹងធ្វើ​ម្ចាស់ផ្ទះ ឆ្នាំ​២០២៣ ៕v