​អាជីវករ​អ្នកលក់ដូរ​នៅមុខ​ប្រាសាទអង្គរវត្ត​ទទួល​ថែរក្សា​បរិស្ថាន​និង​ការ​វេច​ខ្ចប់​សំរាម​

166
ចែករម្លែក

​ដោយ​បាយ័ន​/​សៀមរាបៈ​បរិស្ថាន​ល្អ​និង​ការ​វេច​ខ្ចប់​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​គឺជា​ប្រធានបទ​យ៉ាងសំខាន់​នៃ​កម្មវិធី​អប់រំ​បរិស្ថាន​ក្នុង​ឧទ្យាន​អង្គរ​ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៩ នា​មុខ​ប្រាសាទអង្គរវត្ត​។​ពិធី​ន​នេះ​មាន​អ្នកចូលរួម​ជាង​៧០០​អង្គ​/​នាក់​និង​ប្រព្រឹត្ត​ក្រោម​ការចូលរួម​ពី​លោក​យិ​ត​ចាន់​ដារ​ដ្ឋ​អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​តំណាង​អភិបាលខេត្ត​,​មន្ទីរ​បរិស្ថាន​,​សាលា​អនុគណ​ក្រុង​សៀមរាប​និង​វិស័យ​ឯកជន​។​

​ព្រះ​តេជ​គណ​ព្រះ​សទ្ធម្ម​ប្ប​កាស​នី​បណ្ឌិត​តាត​មហា​ទី​ព្រះចៅអធិការ​វត្ត​ព្រះឥន្ទ​កោសា​ដែល​តែងតែបាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ថែរក្សា​បរិស្ថាន​និង​ការដាំ​កូនឈើ​ឡើងវិញ​ក្នុង​ឧទ្យាន​អង្គរ​មាន​សង្ឃដីកា​ថា​បរិស្ថាន​ស្អាត​ការរស់នៅ​ស្អាត​នាំមក​នូវ​សុខភាព​ល្អ​។​ពិសេស​សម្រាប់​តំបន់​អង្គរ​គឺជា​កន្លែង​ទេសចរណ៍​ដ៏​សំខាន់​ផង​នោះ​ត្រូវតែ​ស្អាត​គ្រប់កន្លែង​។​

​ទេសចរ​គ្រប់រូប​ត្រូវ​ចេះ​គោរព​ច្បាប់ទម្លាប់​និង​ចូលរួម​ទុកដាក់​សំរាម​ឱ្យបាន​ល្អ​ពេល​ហូបចុក​រួច​។​ព្រោះ​ទីនេះ​ជាទី​សក្ការៈបូជា​ដ៏​ស័ក្តិសិទ្ធិ​និង​ជា​បេះដូង​នៃ​ប្រទេស​ក្នុងការ​ស្រូប​ទាញ​ចំណូល​ជូន​ជាតិ​ដែល​យើង​ត្រូវ​ថែរក្សា​បរិស្ថាន​ឱ្យ​បានល្អ​ដើម្បី​ទាក់ទាញ​ទេសចរ​គ្រប់ទិសទី​។

​លោក​យិ​ត​ចាន់​ដា​បាន​លើកឡើងថា​បញ្ហា​បរិស្ថាន​ជា​កត្តា​សំខាន់​មួយ​ដែល​បាន​ជួយ​កំណត់​អំពី​កំណើន​និង​ធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ​។​ដូច្នេះ​អ្វីៗ​ទាំងអស់​គឺជា​ចំណែក​នៃ​ទំនួល​ខុសត្រូវ​របស់​អ្នក​គ្រប់គ្នា​ដើម្បីឱ្យ​បរិស្ថាន​នៅទីនេះ​ស្អាត​មិនមែន​សម្រាប់តែ​ឧទ្យាន​អង្គរ​ទេ​តែ​ក៏​សម្រាប់​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែរ​។

ទាក់ទង​នឹង​បរិស្ថាន​ល្អ​និង​សោភ័ណភាព​ស្រស់បំព្រង​លោក​ក៏បាន​សំណូមពរ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមមាន​អាជីវករ​លក់ដូរ​អ្នកទេសចរ​អ្នកបម្រើ​ការងារ​ក្នុង​ឧទ្យាន​អង្គរ​ត្រូវ​បន្ត​ចូលរួម​លើកកម្ពស់​បរិស្ថាន​ស្អាត​ជា​បន្តទៅទៀត ដើម្បីឱ្យ​អង្គរ​នៅតែ​ជា​គោលដៅ​ទស្សនា​ដ៏​ចម្បង​ក្នុង​ពិភពលោក​៕S/

រូប​ថ​តៈ​អាជីវករ​អ្នកលក់ដូរ​នៅមុខ​ប្រាសាទអង្គរវត្ត​ទទួល​ថែរក្សា​បរិស្ថាន និង​ការ​វេច​ខ្ចប់​សំរាម​(​អប្សរា​)