​អាជីវក​ខ្មែរ​នៅ​ផ្សារ​រោង​ក្លឿ​៖​ម៉េច​ក៏​ឧស្សាហ៍​អស់​សំបុត្រ​ចូល​ផ្សារ​ថៃ​ម្ល៉េះ​?

1232
ចែករម្លែក

​(​ព្រំដែន​ក​ម្ព​ជា​-​ថៃ​)៖​អាជីវករ​ខ្មែរ​ដែល​ចេញចូល​ប្រកប​របរ​រកស៊ី​ធ្វើការ​នៅ​ផ្សារ​រោង​ក្លឿ​ឬ​ច្រើន​ហៅថា​ផ្សារ​ថៃ​នៅ​ឃុំ​ខ្លង​លឹក​ស្រុក​អារញ្ញ​ប្រាថេត​ខេត្ត​ស្រះកែវ ឈមមុខ​នឹង​សង្កាត់​-​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​បាន​ខឹងសម្បារ ត​អ៊ូ​រទាំ​ថា អាជ្ញា​រធរ​ក្រុង​ប៉ោយប៉ែត​នៅតែ​ធ្វើ​ឲ្យ​រអាក់រអួល​ខកខាន​ការធ្វើដំណើរ​ចេញចូល​ឬ​ការប្រកប​រកស៊ី​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​

នោះ​គឺ​ការបោះពុម្ព​សន្លឹក​សំបុត្រ​ចេញ ចូល​ឥតគិតថ្លៃ​ទៅ​ផ្សារ​ថៃ​។​ករណី​គ្មាន​សំបុត្រ​នោះបាន​កើតឡើង​ម្តងទៀត​នៅ​ព្រឹក​ធំ​ថ្ងៃទី​២៦ សីហា ឆ្នាំ ២០១៧ ហើយ​បង្កអោយមាន​មនុស្ស​កកកុញ​ស្ទះ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។​

​ពលរដ្ឋ​អាជីវករ​កម្មករ​ខ្មែរ​ខ្លះ​បានអោយដឹងថា​:​ចាប់តាំងពី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​របស់​ភាគី​កម្ពុជា​តែម្នាក់ឯង​ទទួល​បោះពុម្ព​ផលិត​សំបុត្រ​ចែកជូន​ដោយ​ឥតគិតថ្លៃ​ជូន​ពលរដ្ឋ​ខ្មែរ​ចេញចូល​ផ្សារ​ថៃ​កាលពី​មីនាឆ្នាំ​២០១៧​កន្លងមក គេ​សង្កេតឃើញថា បញ្ហា​ខ្វះ​ឬ​អស់​សំបុត្រ​មាន​ចំនួន​៥-៦​ដង​ហើយ ។​គឺ​វា​ខុសពី​កាល​សំបុត្រ​ចុ​ល​ផ្សារ​ថៃ​ត្រូវ​បោះពុម្ព​ដោយ​ភាគី​ថៃ លក់​ដោយ​ភាគី​កម្ពុជា ហើយ​ចែក​លុយ​ពាក់កណ្តាល​ជាមួយ​ភាគី​ថៃ​។​

ពលរដ្ឋ​អាជីវករ​កម្មករ​បាន​បន្ទោស​ថា​នោះ​មកពី​ការធ្វេសប្រហែស​ខ្វះ​ការប្រុងប្រយ័ត្ន​ឬ​យកចិត្តទុកដាក់​ឬ​ត្រៀមលក្ខណៈ​ជាមុន​អោយ​ច្បាស់លាស​ម៉ត់ចត់​។​ប៉ុន្តែ មន្ត្រីនគរបាល​អន្តោរ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ប្រាប់​អ្នកសារព័ត៌មាន​ថា​: ករណីនេះ​ខាង​នគរបាល​ចាំតែ​ហែក​បោះត្រា​និង​ផ្តល់​សំបុត្រ​ជូន​ពលរដ្ឋ​ចូល​ផ្សារ​ថៃ​ដោយ​ឥតគិតថ្លៃ​។​ឯ​សន្លឹក​សំបុត្រ​ជា​បន្ទុក​របស់​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​។​

ឯ​មន្ត្រី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​បាន​សុំ​ការយោគយល់ អនុគ្រោះ​ពី​ពលរដ្ឋ​ករណី​ខ្វះ​សំបុត្រ​នេះ ដោយ​ឆ្លើយ​ដោះសា​រថា​: ខ្វះ​ឬ​អស់​សំបុត្រ​មកពី​ម៉ាស៊ីន​ផលិត​សំបុត្រ​បាន​ខូច​។​
​ក្រោយ​ខ្វះ​សំបុត្រ​នោះ​នៅ​ជាង​១​ម៉ោង​ក្រោយមក​គេ​ឃើញ​មន្ត្រី​អាជ្ញាធរ​ក្រុង​បាន​ប្រមូល​សំបុត្រ​បាន​ចំនួន​៣.០០០​មក​ចែកជូន​។​ដល់​ម៉ោងជាង​១១​ថ្ងៃត្រង់ សំបុត្រ​អស់​ម្តងទៀត ។​ដល់​ម៉ោង​២​រសៀល​ទើប​មាន​សំបុត្រ​ចែកជូន​ទៀត​។​

​សូម​រំលឹកថា ពលរដ្ឋ​អាជីវករ កម្មករ​ខ្មែរ​ចេញ ចូល​ផ្សារ​ថៃ​ក្នុង​១​ថ្ងៃៗ​មាន​ពី​៨​ពាន់​ទៅ​១​ម៉ឺន​បី​ពាន់​នាក់​។​ពីមុន​សំបុត្រ​នេះ បាន​លក់​ក្នុងតម្លៃ​១០​បាត​ឬ​១.០០០​រៀល​។​ប៉ុន្តែ​នៅ​ខែមេសា​២០១៧​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​បញ្ឈប់​លក់​សំបុត្រ​យកលុយ​ពី​ពលរដ្ឋ​ដើម្បី​ទាក់ទាញ​ប្រជា​ប្រី​យ​ភាព​កាល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​កន្លងមក​៕S/​ដោយ :​ភ្នំ​ស្វាយ​

រូបថត :​ពលរដ្ឋ អាជីវក​ខ្មែរ​ប្រកប​របរ​នៅ​ផ្សារ​រោង​ក្លឿ​:​ម៉េច​ក័​ឧស្សាហ៍​អស់​សំបុត្រ​ចូល​ផ្សារ​ថៃ​ម្ល៉េះ​(​ភ្នំ​ស្វាយ​)

#