​អាជ្ញាធរខេត្ត​កំពង់ចាម​ចុះទៅ​ទំនប់​បឹង​វា​ម​ក្នុងស្រុក​ស្រី​សន្ធរ​ដើម្បី​កប់​ដាំ​គ្រាប់​និង​កូន​ត្នោត​

1046
ចែករម្លែក

​ដោយ​: គង់​ហេង​/​កំពង់ចាមៈ​ខេត្តកំពង់ចាម​រួមមាន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ព្រះសង្ឃ​ផង​នោះ បាន​និមន្ត និង​ធ្វើដំណើរ​ទៅ​កប់ ដាំ គ្រាប់ និង​កូន​ត្នោត​ចំនួន ៥.២៥២ គ្រាប់ និង​ដើម នៅតាម​ជើង​ទំនប់​បឹង​វា​ម​ប្រវែង​៨ គីឡូម៉ែត្រ​ស្ថិតក្នុង​ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ​កាលពី​ថ្ងៃទី ១៨ មីនា ២០១៨​។​

លោក គឹម សាវឿន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ចាម​បាន​ណែនាំ ពន្យល់​ដល់​ចូលរួម មុន​កប់​ដាំ​គ្រាប់​និង​កូន​ត្នោត​រាប់រយ​នាក់​ថា ត្នោត​អាច​ដាំ​បាន​លើដី​ស្ទើរ​គ្រប់​ប្រភេទ ដូចជា ដីឥដ្ឋ​កម្រិត​ទាប ដី​អាស៊ី​តបាស និង​ដី​មិនមាន​ជីជាតិ ជា​ដី​សមស្រប​។ ត្នោត​ងាយ​សម្រប​ខ្លួន​ទៅនឹង​តំបន់​រាំងស្ងួត និង​សើម ហើយ​អាច​លូតលាស់​បានល្អ គឺអាច​ធន់​ធានា​រដូវប្រាំង​បាន​ពី ៤​ទៅ ៨​ខែ​។​
​ ​
លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា ការដាំ​ត្នោត​មាន​ពីរ​របៀប គឺ​ការដាំ​ដោយ​គ្រាប់​ផ្ទាល់​តែម្តង និង​ការដាំ​បណ្តុះ​កូន​រួច​ទើប​យកទៅ​ដាំ​។ ក្នុងនោះ​ការដាំ​គ្រាប់ត្នោត​នៅលើ​ដី ឬ​ជីក​ជម្រៅ​ពី ១០​ទៅ ១៥ សង្ទីម៉ែត្រ និង​មាន​ទំហំ​រណ្តៅ ២០ សង្ទីម៉ែត្រ គុណ​នឹង ២០​សង្ទីម៉ែត្រ គុណ​នឹង ១៥​សង្ទីម៉ែត្រ នៅលើ​ដី​សើម​មធ្យម​។ រយ​:​ពេល​ពី ៣០ ទៅ​៦០ ថ្ងៃ ចាប់ផ្តើម​ដុះ​ពន្លក​ចេញពី​គ្រាប់ និង​រយ​:​ពេល ៩ ទៅ​ខែ​១២ ខែ​ពន្លក​នោះ​ដុះ​ចេញផុត​ពី​ដី​លេច​រូបរាង​ជា​ស្លឹក​។​
​ ​
​លោក គឹម សាវឿន បាន​បន្ថែមថា ចំណែក​ការដាំ ដោយ​បណ្តុះ​កូន​រួច​យកទៅ​ដាំ​វិញ​ម្តង គឺ​ការដាំ​កូន​របៀបនេះ​ពិបាក​ជាង​ការដាំ​គ្រាប់​។ ដោយ​ទាមទារ​ឲ្យ​អ្នក​ដាំ​ជី​ដី​ជម្រៅ​ពី ២៥ ទៅ ៣០​សង្ទីម៉ែត្រ និង​មាន​ទំហំ​រណ្តៅ ៤០ សង្ទីម៉ែត្រ គុណ​នឹង ៤០​សង្ទីម៉ែត្រ គុណ​នឹង ៣០​សង្ទីម៉ែត្រ គឺ​ដាំ​នៅលើ​ដី​សើម​មធ្យម​។ រយ​:​ពេល​ពី​៤ ទៅ ១០ ឆ្នាំ​ចាប់ផ្តើម​កែទម្រង់​ដើម​របស់​វា ពោលគឺ​វា​(​ត្នោត​)​មាន​អាយុ ២០ ឆ្នាំ​ចាប់​ផ្តើមចេញ​ផ្កា អាច​ទាញ​ផល​ជា​បណ្តើរៗ​ហើយ​។​

​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​លើកឡើងថា ការចូលរួម​កប់ ដាំ គ្រាប់ និង​កូន​ត្នោត​សរុប​ចំនួន ៥.២៥២ ពី​សំណាក់​អស់លោក លោកស្រី​នា​ឳ​កាស​នេះ គឺ​សង្ឃឹមថានឹង​ផ្តល់នូវ​អត្ថប្រយោជន៍​ថ្មី​បន្ថែមទៀត នៃ​ទំនប់​បឹង​វា​ម​ដែលមាន​ប្រវែង​ជាង​៨ គីឡូម៉ែត្រ​ក្រៅពី​បានផ្តល់​លើ​វិស័យ​កសិកម្ម​ជូន​ប្រជាពលរដ្ឋ​ចំនួន ប្រាំ ឃុំ​ក្នុងស្រុក​ស្រី​សន្ធរ​នេះ​។​

​​សូមបញ្ជាក់ថា ខេត្តកំពង់ចាម​មាន​ផ្ទៃដី​ដាំ​ដើមត្នោត​សរុប​ចំនួន ៧៧២ ហិកតា និង​មាន​ដើមត្នោត​សរុប​ចំនួន ២១២.៣០០​ដើម​។ ក្នុងនោះ​ផ្ទៃ​ដើមត្នោត​ប្រមូល​ផល​ចំនួន ៦១៦ ហិកតា និង​មាន​ដើមត្នោត​សរុប​ចំនួន​១៦៩.៤០០​ដើម​។ ស្រុក​ដែល​សម្បូរ​ដើមត្នោត​ច្រើនជាងគេ​មាន ស្រុក​បាធាយ ស្រុក​ជើងព្រៃ និង​ស្រុក​ព្រៃឈរ។S/

​អាជ្ញាធរខេត្ត​កំពង់ចាម​ចុះទៅ​ទំនប់​បឹង​វា​ម​ក្នុងស្រុក​ស្រី​សន្ធរ​ដើម្បី​កប់​ដាំ​គ្រាប់​និង​កូន​ត្នោត​


​ ​ ​