​អាជ្ញាធរខេត្ត​ក្រើនរំលឹក​ដល់​មន្ត្រី​កុំ​យក​អំណាច​ទៅ​ដោះស្រាយ​បញ្ហា

528
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​អភិបាលខេត្ត​ព្រះវិហារ​លោក​អ៊ុន​ចាន់​ដា​បាន​ក្រើនរំលឹក​ដល់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ថា​កុំ​យក​អំណាច​ដើម្បី​ដោះស្រាយ​បញ្ហា​ត្រូវយក​ច្បាប់​មក​ដោះស្រាយ​បញ្ហា​។​ជាពិសេស​ត្រូវ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យមាន​តម្លាភាព​ប្រសិទ្ធិភាព​។​

​មានមតិ​ក្រើនរំលឹក​នេះ​ក្នុងឱកាស​ដែល​លោក​អភិបាលខេត្ត​ព្រះវិហារ​រួមជាមួយ​ថ្នាក់ដឹកនាំ​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​អញ្ជើញ​ចូលរួម​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ការិយាល័យ​ច្រកចេញចូល​តែមួយ​និង​ការិយាល័យ​ប្រជាពលរដ្ឋ នៅ​ស្រុក​រវៀង ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​។​

​លោក​អ៊ុន​ចាន់​ដា​បាន​ថ្លែងថា​ការិយាល័យ​ច្រកចេញចូល​តែមួយ​ដែល​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​នៅពេលនេះ គឺជា​អគារ​ទី​៣​ហើយ ដែល​បាន​លេចចេញ​ជា​រូបរៀង ក្នុង​ក្របខណ្ឌ​រដ្ឋបាល​ខេត្តព្រះវិហា​រ​។ ដំបូង​ឡើយ​យើង​មាន​ការិយាល័យ​ច្រកចេញចូល​តែមួយ​នៅ​ក្រុង​ព្រះវិហារ​។​

ក្នុងនោះ​នឹង​បន្តទៅ​បង្កើត​នៅ​អង្គភាព​ច្រកចេញចូល​តែមួយ​របស់​រដ្ឋបាលខេត្ត​និង​ឆ្នាំ​២០១៩​នេះ​។​ការិយាល័យ​ច្រកចេញចូល​តែមួយ នៅ​ស្រុក​រវៀង បានចេញ​ជា​រូបរាង ស្របតាម​ការណែនាំ​រប​ស់​ក្រសួងមហាផ្ទៃ​។​

​លោក​បន្តថា​«​គោលបំណង​នៃ​ការខិតខំ​របស់​យើង​ក្នុងនាម​ជាម​ន្ត្រី​ដែល​ត្រូវ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​នេះ​គឺ​ត្រូវ​រៀបចំ​កន្លែងធ្វើការ​នេះ​ឱ្យបាន​សមរម្យ​ជា​កន្លែង​ផ្តល់​សេវា​កុំឱ្យ​ចេះតែ​ហៅ​ប្រជាពលរដ្ឋ មក​ទទួល​សេវា​។​

ប៉ុន្តែ​ពេល​ប្រជាពលរដ្ឋ​មកសុំ​សេវា​ពី​យើង ហើយ​មិនដឹង​ទៅរក​កន្លែង​នៅឯណា​? ទៅសុំ​ពី​អ្នកណា​?​ដែលជា​ហេតុ​ធ្វើឱ្យ​ពួកគាត់​ខាត​ពេលវេលា​។​ចឹ​ង​ហើយ​បាន​យើង​បង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយ​នេះ​ឡើង​»​។​

​លោក​អ៊ុន​ចាន់​ដា​ក៏បាន​ណែនាំ​ឱ្យ​មន្ត្រី​ត្រូវ​ប្រឹងប្រែង​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​គឺ​ប្រកបដោយ​តម្លាភាព​ប្រសិទ្ធិភាព និង​ភាពជឿ​ទុកចិត្តបាន​។ ទន្ទឹមនឹង​នោះដែរ លោក​ក៏បាន​ណែនាំ​ឲ្យ​មន្ត្រី ត្រូវខិតខំ​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើតមានឡើង​ហើយ​ការដោះស្រាយ​មិន​ត្រូវយក​អំណាច​ទៅប្រើ​ទេ​គឺ​អនុវត្ត​ទៅតាម​ច្បាប់​ត្រូវ​ពិនិត្យមើល​លើ​អង្គហេតុ​និង​អង្គច្បាប់​ឲ្យ​បានច្បាស់លាស់​ទើប​ធ្វើ​ឲ្យ​ភាគី​ទំនាស់​ទាំង​២ ទទួលយកបាន​៕S/​

#