​អាជ្ញាធរខេត្ត​ព្រះវិហារ​ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​ដ៏​រាំ​រ៉ៃ​ជាង​៣​ឆ្នាំ​កន្លងទៅ​

1031
ចែករម្លែក

(​ព្រះវិហារ​)៖​អាជ្ញាធរខេត្ត​ព្រះវិហារ​កាលពី​ថ្ងៃទី​១៤​ខែកក្កដា ឆ្នាំ​២០១៧​បាន​ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​រាំ​រ៉ៃ​ជាង​៣​ឆ្នាំ រវាង​ប្រជាពលរដ្ឋ​ចំនួន​០២​គ្រួសារ និង​ក្រុមហ៊ុន​”​ឌែ​ល​ខាំ​”​។​លោក អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ បាន​ដឹកនាំ​ក្រុមការងារ ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​ដ៏​រាំ​រ៉ៃ​មួយ​ដែល​បានអូសបន្លាយ​ពេល​ជាង​៣​ឆ្នាំ រវាង​ប្រជាពលរដ្ឋ​ចំនួន​០២​គ្រួសារ នៅ​ចំណុច​ភ្នំ​លុង ស្ថិត​ក្នុងភូមិ​ត្រពាំង​ទន្ទឹម ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ​។​

​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់​ដី​ឈ្មោះ ឈិ​ត យី និង​ប្រពន្ធ​ឈ្មោះ យឹម ផាត បាន​ឲ្យ​ដឹងថា​៖ ដី​ដែល​ក្រុមហ៊ុន​រំលោភ និង​ធ្វើការ​ឈូសឆាយ​របស់គាត់​នោះ មាន​ចំនួន ១២​ហិកតា​កន្លះ ដែលមាន​លិខិត​កាន់កាប់​ពី​ភូមិ​-​ឃុំ​។​ទំនាស់​ដី​របស់គាត់ និង​ក្រុមហ៊ុន គឺ​កើតឡើង​អស់​រយៈពេល​ជាង​៣​ឆ្នាំ​ហើយ តែ​ដោះស្រាយ​មិន​ចេញ​សោះ​។ ដី​នេះ គឺ​គាត់​បាន​កាន់កាប់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ និង​បាន​អាស្រ័យ​ផល​ដាំ​ដុះ​ដំណាំ​បាន​មួយចំនួន ស្រាប់តែ​ពេល​គាត់​ដាំ​រួច ក្រុមហ៊ុន​ឌែ​ល​ខាំ បានធ្វើការ​ឈូសឆាយ និង​ព័ទ្ធរបង​យក​ដី​របស់គាត់ ទើប​ធ្វើ​ឲ្យ​គាត់​កើត​ទុក​មិន​សុខចិត្ត ដាក់ពាក្យ​ប្តឹង​ដល់​អាជ្ញាធរ​ឃុំ ស្រុក​រហូតដល់​ខេត្ត​។​

​លោក​អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថា ទំនាស់​ដីធ្លី​នេះ គឺ​បានកើត​ឡើង​ជាង​៣​ឆ្នាំ​ហើយ ។​ប៉ុន្តែ​ដោះស្រាយ​មិន​ចប់​សោះ ដោយ​ដោះស្រាយ​លើកដំបូង បាន​ចាត់​ឲ្យ លោក​អភិបាលរង​ខេត្ត​មក​ដោះស្រាយ តែ​ដោយ​ភាគី​ម្ចាស់​ដី គាត់​ទារ​សំណង​ជាង​២​ម៉ឺន​ដុល្លារ ហើយ​ខាង​ក្រុមហ៊ុន​មិនមាន​លទ្ធភាព​។ ទើប​លើក​នេះ​លោក​អភិបាលខេត្ត ឆ្លៀតពេល​ចុះមក​ដោយផ្ទាល់ ដែល​បាន​អញ្ជើញ​អ្នកពាក់ព័ន្ធ​មក​ដោះស្រាយ​គ្នា​នៅ​សាលាឃុំ​រមទម និង​បាន​សួរ​ខាង​ម្ចាស់​ដី​ខាងលើ ដោយ​គាត់​ទា​សំណង​ឡើង​រហូតដល់​ទៅ ៣០​ម៉ឺន​ដុល្លារ​វិញ តែ​ខាង​ក្រុមហ៊ុន​នៅតែ​មិនមាន​លទ្ធភាព​ដដែល​។​

​ដោយសារ​ការដោះស្រាយ​ចរចារ​តម្លៃ​គ្នា​មិនត្រូវ​លោក​ក៏បាន​ដឹកនាំ​ក្រុមការងារ​ចុះមក​ដោះស្រាយ​ផ្ទាល់ ដល់ទី​តាំង​ដី​ទំនាស់ និង​ឲ្យ​ក្រុមការងារ​ធ្វើការ​វាស់វែង កំណត់​ព្រំប្រទល់​ឲ្យ​បានច្បាស់លាស់ ដើម្បី​ដោះស្រាយ​បញ្ចប់ ក្នុងនោះ​ត្រូវ​ដក​ដី​ទំនាស់ ចេញពី​ដី​ក្រុមហ៊ុន ប្រគល់ជូន​គាត់​វិញ និង​វាស់វែង​ដី ដែល​គាត់​អាស្រ័យ​ផល​ជាក់ស្តែង ដែលមាន​ចំនួន ១២​ហិកតា​កន្លះ​ជូនទៅ​ម្ចាស់​គាត់​វិញ​។ ចំពោះ​ដំណាំ​ដែល​ក្រុមហ៊ុន​បាន​ឈូសឆាយ​ប៉ះពាល់ គឺ​ក្រុមហ៊ុន​បាន​សង​វិញ​ចំនួន ២​ពាន់​ដុល្លារ ដោយមាន​ការយល់ព្រម​ពី​ខាង​ម្ចាស់​ដី​ផងដែរ ហើយ​ឯកឧត្តម ក៏បាន​ឲ្យ​អាជ្ញាធរ​ឃុំ និង​ស្រុក មក​វាស់វែង​កំណត់​ឲ្យ​ច្បាស់លាស់ និង​គ្រប់​ចំនួន​ជូន​គាត់ នៅ​ថ្ងៃស្អែក​បន្តទៀត ព្រមទាំង​ឲ្យ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​គាត់​ផងដែរ​។​

​ដោយឡែក​ចំពោះ​ប្រជាពលរដ្ឋ មួយ​គ្រួសារ​ទៀត​ឈ្មោះ ហែម រដ្ឋា និង​អ្នកស្រី ហែម គីម​មួយ ដែល​ដី​គាត់​មាន​ទំហំ​ចំនួន​៧​ហិច​តា មិនទាន់​អាស្រ័យ​ផល​ទេ ត្រូវ​ក្រុមហ៊ុន​រំលោភ​យក​នោះ ឥឡូវ​មានការ​ព្រមព្រៀងគ្នា​រវាង​ម្ចាស់​ដី និង​ក្រុមហ៊ុន ដោយ​ខាង​ក្រុមហ៊ុន​បាន សុំ​ធ្វើការ​ដោះដូរ​ដី​ក្បែរ​នោះ​ឲ្យ​ចំនួន ០៧​ហិច​តាដ​ដែរ​វិញ និង​ធ្វើការ​ឈូសឆាយ​ជូន​គាត់​ទៀតផង​។​

​លោក​អ៊ុន ចាន់​ដា បាន​បញ្ជាក់ថា​”​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ទាំង ០២​គ្រួសារ​ខាងលើ និង​ក្រុមហ៊ុន ដែលជា​ក្រុមហ៊ុន​មួយ​មានច្បាប់​អនុញ្ញាតិ​ពី​រាជរដ្ឋាភិបាល ក្នុងការ​រុករក​រ៉ែ​នោះ ត្រូវបាន​បណ្តាញ​សង្គម ធ្វើការ​បង្ហោះ​ប្រឌិត បំផ្លើស​ព័ត៌មាន​ពុំមាន​ការពិត ដោយ​ចោទប្រកាន់ ដល់​ថ្នាក់ដឹកនាំ​នាយទាហានជាន់ខ្ពស់ គឺ​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ថា​នៅ​ពីក្រោយ​ខ្នង​។ ករណីនេះ​គឺ មិន​ពិត​នោះទេ ជាក់ស្តែង​ថ្ងៃនេះ​យើង​ចុះ​ដោះស្រាយ​ផ្ទាល់ ខាង​ក្រុមហ៊ុន​គេ​សហការ​ជាមួយ​យើង ចំពោះ​ថា​មាន​កម្លាំង​ការពារ​នោះ ធម្មតា​ក្រុមហ៊ុន​របស់គេ​ធំៗ​នីមួយៗ គឺ​គេ​មាន​អ្នកការពារ​ចឹ​ង​ហើយ ក្នុង​គោលបំណង​មើល​ការខុសត្រូវ​ទ្រព្យសម្បត្តិ និង​ទីតាំង​របស់គេ​តែប៉ុណ្ណោះ ដូច្នេះ​ការចោទប្រកាន់​លើ​ថ្នាក់ដឹកនាំ​របស់​យើង មិនមាន​ការពិត​នោះទេ​”​។​

​ប្រជាពលរដ្ឋ​ទាំង​០២​គ្រួសារ​ខាងលើ ដែល​ទទួលបាន​ដី​មកវិញ និង​បាន​សំណង​ផលប៉ះពាល់​នោះ ពួកគាត់​សប្បាយចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការដោះស្រាយ​នេះ ហើយ​ពួកគាត់​លែង​ជឿ​តាម​ការ​ញុះញង់​របស់​នរណា​តទៅ​ទៀត ព្រោះ​មិន​ដែរ​ដោះស្រាយ​ឲ្យ​គាត់​ទេ គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ចុងក្រោយ​ពួកគាត់​បាន​ថ្លែងអំណរគុណ​ដល់ សម្តេច​តេ​ជោ ហ៊ុន សែន ក៏ដូចជា​លោក​អភិបាលខេត្ត ដែលជា​ថ្នាក់ដឹកនាំ​ដែលមាន​ទំនុកចិត្ត​ខ្ពស់​សម្រាប់​ពួកគាត់ ព្រមទាំង​ក្រុមការងារ ដែល​បាន​ចំណាយពេល​វេលា​ខំ​ធ្វើដំណើរ​មក ទាំង​ផ្លូវ​ពិបាក និង​ក្រោម​ដំណក់ទឹកភ្លៀង ចុះមក​ផ្ទាល់​ដោះស្រាយ​បញ្ចប់​ជូន​គាត់ រហូត​ទទួលបាន​លទ្ធផល​ដែល​ពួកគាត់​បាន​រំពឹងទុក​៕S