​អាជ្ញាធរខេត្ត​សុំឱ្យ​ពលរដ្ឋ​១៣​គ្រួសារ​រុះរើ​ផ្ទះ​គេច​ពី​ការបាក់​ច្រាំងទន្លេ​

651
ចែករម្លែក

​ដោយ​: គង់​ហេង​/​កំពង់ចាម​:​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បានស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ១៣ គ្រួសារ​នៅ​ឃុំ​សូ​គង ស្រុក​កងមាស​រុះរើ​លំនៅស្ថាន​ដើម្បី​គេចចេញ​ពី​ការបាក់​ច្រាំងទន្លេ​មេគង្គ​ប្រវែង ១៦០ ម៉ែត្រ​នៅ​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ​២០១៨​។​

​លោក​មឿ​ន​ផា​អភិបាលស្រុក​កងមាស​បាន​អមដំណើរ​លោក​អភិបាលខេត្ត​ចុះ​ពិនិត្យ​ស្ថានភាព​ច្រាំងទន្លេ​និង​ផ្ទះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយផ្ទាល់​បាន​ឲ្យ​ដឹងថា​ដោយ​ពិនិត្យ​ច្រាំងទន្លេ​ដែល​កំពុង​បាក់​ខាងលើ​នៅ​ឃ្លាត​ពី​ទំនប់​ប្រហែល​២០​ម៉ែត្រ​ហើយ​ទឹក​លិច​មើលមិនឃើញ​ច្រាំង​នោះ​ទៀត​។​ម្យ៉ាងទៀត​បើ​ប្រៀបធៀប​កម្ពស់​ទឹកទន្លេ ជាមួយ​ទឹក​ខាង​ផ្ទះ​ប្រជាពលរដ្ឋ ១៣ ខ្នង​នោះ​។

​លោក​អភិបាលស្រុក​បាន​ឲ្យ​ដឹង​ទៀតថា ពិនិត្យឃើញ​ជាក់ស្តែង​ស្ថានភាព​គ្រោះថ្នាក់​បែបនេះ លោក​អភិបាលខេត្ត គួច ចំរើន បានស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ១៣ គ្រួសារ​រុះរើ​គេចចេញ​សិន​។ ម្យ៉ាង​ម្ចាស់ផ្ទះ​ទាំងអស់​ក៏​សំណូមពរ​សុំ​រុះរើ​ដែរ ដោយ​ភ័យ​បារម្ភ បើ​ច្រាំង​នឹង​បាក់​ដល់​ទំនប់​នោះ គឺ​នឹង​ជួប​បញ្ហា​គ្រោះថ្នាក់​ច្រើនជាង​។ ក៏​សម្រេច​រុះរើ គឺមាន​ការសហការ​ជួយ​រុះរើ​ពី​កងកម្លាំងប្រដាប់អាវុធ នគរបាល អាវុធហត្ថ និង​យោធា ដឹក​ជ​ញ្ជួ​ន​ទៅ​កន្លែង​សុវត្ថិភាព​បណ្តោះអាសន្ន​។​

​សូមបញ្ជាក់ថា​ជុំវិញ​ករណី​បាក់​ច្រាំងទន្លេ​គ​ង្គ​បង្ក​ពី​ជំនន់​នេះ​នៅ​ខេត្តកំពង់ចាម​បាន​ប៉ះពាល់​ដល់​ស្រុក​ចំនួន ប្រាំ ប្រវែង ៨.៩៩៥ ម៉ែត្រ​។ ក្នុងនោះ​មាន ស្រុក​កងមាស​, ស្រុក​កំពង់សៀម ,​ស្រុក​ស្រី​សន្ធរ​, ស្រុក​ស្ទឹងត្រង់ និង​ស្រុក​កោះសូទិន​។ ដោយបាន​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​គេចចេញ​ចំនួន ៦៩​ខ្នង គិត​ត្រឹម​ថ្ងៃទី ៣១ សីហា​នេះ​៕S/​