​អាជ្ញាធរ​កោតសរសើរ ពលរដ្ឋ​ដែល​ស្រុះស្រួល​គ្នា វិល​ទៅ​លើក​ផ្លូវលំ ដោយ​ដៃ​

1272
ចែករម្លែក

​ដោយ : ភ្នំ​ស្វាយ​ /
​បន្ទាយមានជ័យ: អាជ្ញាធរ​ក្រុង​សិរីសោភ័ណ បាន​កោតសរសើរ ប្រជាពលរដ្ឋ ដែល​ស្រុះស្រួល​គ្នា វិល​ទៅ​លើក​ផ្លូវលំ ដោយ​ដៃ ដែល​ឆ្លុះបញ្ចាំង​ពី​កម្លាំង រួបរួមសាមគ្គី ចេះ​ចែករំលែក និង​ការស្រឡាញ់​ការងារ​ហត្ថកម្ម​។ ផ្លូវលំ​នោះ ជាការ​ស្ថាបនា លើ​គន្លង​ផ្លូវ​រទេះ ដែល​ភ្ជាប់​ភូមិ ទៅ​វាលស្រែ​។​

​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ បានឱ្យដឹង នៅ​ថ្ងៃទី​២៥ មេសា​ថា​: លោក​និង​មន្ត្រី បាន​ពិនិត្យ និង​សូម​អគុណ ប្រកបដោយ​ការសរសើរ នូវ​ការធ្វើ​ផ្លូវលំ ដោយ​ដៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ គឺ​ផ្លូវលំ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ ត្រង់​ម្តុំ​ស្ពាន​ទី​២ ទៅ​ភូមិ​កន្ទួត សង្កាត់​ភ្នៀ​ត ដែលមាន​ប្រវែង​ជិត ៥ គ​.​ម ។ អាជ្ញាធរ នឹង​ពិនិត្យ​លទ្ធភាព ជួយ​តាម​ក្រោយ​។

​លោក ហ៊ឹ​ល រ៉ា​យ៉ា បាន​និយាយ​ដូច្នេះ ខណ​:​ពេល​លោក បាន​ត្រឡប់​ពី​ប្រគេន​ស៊ីម៉ង់ត៍ ដល់​វត្ត និង​នាំយក​ស័ង្កសី និង​ឈើ​ក្រប ដែលជា​អំណោយ​របស់ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ទៅ​ជួសជុលផ្ទះ​ប្រជាពលរដ្ឋ ដែល​ខូចខាត​ដោយ​ខ្យល់​កន្ត្រាក់ នៅ​ភូមិប​ង្រុះ សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ​។

​សូម​រំលឹកថា អំឡុង​មុន​ឆ្នាំ​២០០០ ផ្លូវលំ និង​ផ្លូវ​តាម​ភូមិ ឃុំ នៅ​កម្ពុជា ភាគច្រើន ជា​ផ្លូវ​ដែល​ស្ថាបនា​ដោយ​ដៃ (​ប្រើ​មនុស្ស​លើក​) ក្នុងនោះ​មាន​ផ្លូវ​ជាច្រើន កសាង​ក្រោម​គម្រោង អង្គការ​អភិវឌ្ឍន៍​នានា របស់​អន្តរជាតិ ក្នុង​កម្មវិធី “​អង្ករ​ពលកម្ម​” ។ តែ​តម​ក រូបភាព​ស្ថាបនា​ផ្លូវ ច្រើនតែ​ប្រើ​គ្រឿងចក្រ​៕V

#