​អាជ្ញាធរ​ក្រុង​នឹង​កាយ​បើក​បង្ហូរ​មុខទឹក​ស្អុយ​បាន​លឿន​កុំឱ្យ​លិច​ភូមិ​

201
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​អាជ្ញាធរ​ក្រុង​សៀមរាប​នឹង​ចាត់វិធានការ​កាយ​បើក​មុខទឹក​បង្ហូរទឹក​ស្អុយ​ឱ្យបាន​លឿន​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្វាយដង្គំ​និង​សង្កាត់​សៀមរាប​ក្នុង​ក្រុង​សៀមរាប​។​នេះ​គឺជា​ការបញ្ជាក់​របស់លោក​ហាយ​យង់​ប្រធានការិយាល័យ​អភិវឌ្ឍន៍​ក្រុង​និង​ជា​តំណាង​អាជ្ញាធរ​ក្រុង​សៀមរាប បានឱ្យដឹង​នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៩​។​

​លោក​ហាយ​យង់​ប្រធានការិយាល័យ​អភិវឌ្ឍន៍​ក្រុង​និង​ជា​តំណាង​អាជ្ញាធរ​ក្រុង​សៀមរាប​បានឱ្យដឹងថា ការកាយ​បើកមុខ​ទឹក​នេះ ខាង​សាលាក្រុង​នឹងមាន​វិធានការ​នាពេលខាងមុខ​។​ប៉ុន្តែ​នៅ​ចំពោះមុខ ទាំង​អាជ្ញាធរ​និង​ជំនាញ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​គឺ​ត្រូវតែ​ដាក់លូ​កាត់​ទទឹងផ្លូវ​និង​បើកមុខ​ទឹក​នៅ​ផ្នែក​ខាងក្រោម​ឱ្យ​ទឹក​ហូរ​អស់ពី​ភូមិ​សិន​ព្រោះ​មិនអាច​ឱ្យ​ទឹក​លិចលង់​ភូមិដ្ឋាន​ដូច្នេះ​ទេ ។​

​អ្នកស្រី ខៀវ ចិន្តា ជា​តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ និង​ភូមិ​ត្រៀក​សង្កាត់​សៀមរាប បានឱ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ក្រុង​សៀមរាប មាន​ភ្លៀង​ធ្លាក់​មក​ស្ទើរតែ​រាល់ថ្ងៃ ដែលជា​ហេតុ​ធ្វើឱ្យ​ទឹកស្អុយ​នៅក្នុង​លូ​ប្រឡាយ​ផ្លូវ​ក្រវាត់ក្រុង​បាន​ហូរ​កាត់​ផ្លូវ​គ្រួស​ក្រហម​ហៀរ​ចូលមក​ក្នុងភូមិ ធ្វើ​ឲ្យ​ផ្លូវ​នោះ​រង​ការខូចខាត និង​បង្ក​ជា​ក្លិនស្អុយ​ពេញ​ភូមិ​។​

​លោកស្រី​បាន​បន្តថា​ដោយសារតែ​លូ​ប្រឡាយ​ធំ​នៅ​ផ្លូវ​ក្រវាត់ក្រុង​ត្រូវបាន​បុគ្គល​មួយចំនួន​ចាក់ដី​លុប ធ្វើ​ឲ្យ​ទឹក​ដែ​ហូរ​ពី​ផ្នែក​ខាងលើ​ច្រាល​ហៀរ​ចូលមកក្នុង​ភូមិដ្ឋានរ​បស់​ប្រជាពលរដ្ឋ​ដូច្នេះ​សុំ​អាជ្ញាធរ​ក្រុង​សៀមរាប​មេត្តា​ចាត់វិធានការ​កាយ​បើកមុខ​ទឹក​នៅ​ប្រឡាយ​ធំ​នោះ​ឡើងវិញ​កុំឱ្យ​លិច​ភូមិដ្ឋាន​ពួកគាត់​បែបនេះ​ទៀត​៕S/

​រូបភាព​:​អាជ្ញាធរ​ក្រុង​នឹង​កាយ​បើក​មុខទឹក​បង្ហូរទឹក​ស្អុយ​ឱ្យបាន​លឿន​កុំឱ្យ​លិច​ភូមិដ្ឋាន​ប្រជាពលរដ្ឋ​៕​គូលែន​

#