​អាជ្ញាធរ​ខណ្ឌ​ចាត់វិធានការ​ក្តៅ​លើ​សំណង់​រំលោភ​លើ​ចំណី​ផ្លូវជាតិ​

354
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ សំណង់​រោង ផ្ទះជួល​សង់​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៣​ចំណុច​ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ច្រើន​ខែ ឆ្នាំ​មកហើយ​។ ទើប​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ពោធិ​សែន​ជ័យ​កម្លាំងចម្រុះ​គ្រឿងចក្រ​ចុះទៅ​ការរុះរើ​ចេញពី​ចំណីផ្លូវ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា សំណង់ រោង ផ្ទះជួល តូប សង់​លើ​ចំណីផ្លូវ​ជាតិ​លេខ​៣ ចំណុច​ខាងលើ ច្រើន​ឆ្នាំ​ហើយ​ម្ចាស់​ទទួលបាន​សំណង​ពី​សាលាក្រុង​ភ្នំពេញ​និង​មាន​កិច្ចសន្យា​រុះរើ​ចេញ​ដោយ​ខ្លួនឯង បែ​ជា​អូសបន្លាយ​ម្ចាស់​សន្យា​ម្តង​ហើយ​ម្តងទៀត​។​

ខណៈដែល​គម្រោង​ស្ថាបនា​ពង្រីក​ផ្លូវជាតិ​ក៏​កំពុង​សាងសង់ ព្រម​គ្នា​ជាមួយ សំណង់​ស្ពាន​អាកាស ម្ចាស់ផ្ទះ រោង នៅតែ​មិន​រុះ​ចេញ​។ ទើប​នៅ​ព្រឹក​នេះ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ​សែន​ជ័យ ក្រោម​បញ្ជា​ពី​លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ ដឹកនាំ​កម្លាំង ដោយ​លោក ប៉ាង លីដា អភិបាលរងខណ្ឌ មន្ត្រី​ជំនាញ ពាក់ព័ន្ធ​យក​គ្រឿងចក្រ​ទៅ​កាយ រុះរើ​ចេញ ។​

​ទោះជា​មានការ​ស្រែ​កកើត​ទុក្ខ​មិន​សុខចិត្ត ពី​បុរស​ម្នាក់​ជា​ម្ចាស់ផ្ទះ យ៉ាងណាក្តី អ្វីដែល​សមត្ថកិច្ច អាជ្ញាធរ​ធ្វើ​នេះ​ព្រោះ​កន្លងមក​ច្រើន​ឆ្នាំ​ហើយ​សន្យា​ម្តង​ហើយ​ម្តងទៀត​ក្រោយពី​ទទួលបាន​នូវ​សំណង​ផលប៉ះពាល់​រួចរាល់​៕S/​