​អាជ្ញាធរ​ខេត្តសៀមរាប បញ្ជាក់​អំពី​ការឆេះ​មហោស្រព អាណាចក្រ​អង្គរ

6112
ចែករម្លែក

​ដោយៈ​អង្គរតូច​
​សៀមរាបៈ​អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង បានផ្តល់​បទសម្ភាសន៍​ខ្លី​មួយ នៅ​កន្លែងកើតហេតុ បន្ទាប់ពី​អគ្គិភ័យ​ដ៏​សាហាវ លេប​ត្របាក់ យក​មហោស្រព អាណាចក្រ​អង្គរ ដែលមាន​តម្លៃ រាប់សិប​លាន​ដុល្លារ ស្ទើ​តែ​ទាំងស្រុង​។​

​ក្នុង​បទសម្ភាសន៍ អំឡុង​ម៉ោង​ជិត ១២ ថ្ងៃត្រង់​ទី​១៦ ខែមីនា លោក​អភិបាលខេត្ត បាន​មានប្រសាសន៍ថា ក្នុងនាម​អាជ្ញាធរ លោក​មានការ​សោកស្តាយ យ៉ាងខ្លាំង ចំពោះ​ហេតុការណ៍ ដ៏​អាក្រក់​មួយ​នេះ​។ ប៉ុន្តែ​ក្រុម​សមត្ថកិច្ច ក៏បាន​ព្យាយាម ជួយ​អន្តរាគមន៍ យ៉ាង​យកចិត្តទុកដាក់​បំផុត ហើយ​ហេតុការណ៍​នេះ ក៏​មិន​បង្ក​ឲ្យ​មាន​មនុស្ស រងរបួស​នោះទេ ថ្វី​ត្បិត​ការឆាបឆេះ​នេះ វា​បាន​បំផ្លាញ ផ្នែក​ខាងក្នុង​ទាំងស្រុង ក៏ពិតមែន តែ​មិន​មួយរយ​ភាគរយ​នោះទេ ព្រោះ​ផ្នែក​ខាងក្រៅ គឺ​គ្រប់គ្រង​បាន​។

​លោក​បាន​បន្តថា ការដែល​ឆេះ​លឿន​បែបនេះ ព្រោះ​ផ្នែក​ខាងក្នុង មានការ​តុបតែង ដោយ​គ្រឿង​ស្នោ សម្រាប់​ការពារ​សម្លេង ឆ្លង​ចេញមកក្រៅ​។​

​ចំណែក​អភិបាលក្រុង​សៀមរាប លោក សូរ ប្លា​តុង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា អគ្គិភ័យ​នេះ បាន​រលត់ទៅវិញ​ទាំងស្រុង នៅ​ម៉ោង​ជិត ១២ ថ្ងៃត្រង់ ថ្ងៃ​ដដែល បន្ទាប់ពី​ដុំ​ផ្សែង​ដ៏​ខ្មួលខ្មាញ់ និង​អណ្តាតភ្លើង ក្រហមឆ្អិនឆ្អៅ វាយប្រហារ អស់​រយៈពេល​ប្រមាណ​ជាង ២ ម៉ោង​។ ក្នុង​ហេតុការណ៍​នេះ ក៏មាន​រថយន្ត ពន្លត់​អគ្គិភ័យ មិនតិចជាង ៦ ស្ថាប័ន​នោះឡើយ មកជួយ​អន្តរាគមន៍​។ ក្នុងនោះ រួមមាន រថយន្ត​ប៉ូលិស ប៉េអឹម បរិស្ថាន ព្រលានយន្តហោះ និង​អាជ្ញាធរ​ជាតិ​អប្សរា និង​សាធារណៈការ​ផងដែរ សរុប​រហូត​រាប់សិប​គ្រឿង​។

​លោក​បាន​បន្តថា ការដែល​ប្រើ​រថយន្ត​ទឹក ច្រើន​គ្រឿង ហើយ​មាន​រយៈពេល​វែង ក្នុងការ​អន្តរាគមន៍​ពន្លត់ ដោយសារ​មហោស្រព មាន​ដំបូល​ខ្ពស់ ចំណែក​ភ្លើង​ឆេះ ចេញពី​ផ្នែក​ខាងក្នុង ដូច្នេះហើយ ប្រសិនបើ​ចូល ឬ​ឡើង ខុស​បច្ចេកទេស អាច​បង្ក​គ្រោះថ្នាក់ មក​ក្រុម​សមត្ថកិច្ច​វិញ​បានដែរ​។ ចំណែក​ថា គ្រោះអាក្រក់​នេះ ផ្តើមចេញ​ពីអ្វី​មុន​នោះ លោក​នៅ​មិនទាន់​ច្បាស់​នោះទេ ដោយ​សមត្ថកិច្ច​ជំនាញ កំពុង​ស្រាវជ្រាវ រក​ការពិត​។ ឯ​ទំហំ​ទឹកប្រាក់ នៃ​ការខូចខាត​នោះ ក៏​មិនទាន់​ដឹង​ដែរ​។​

​សូមបញ្ជាក់ថា សាល​មហោស្រព អាណាចក្រ​អង្គរ ដែល​បាន​បង្កើតឡើង នៅលើ​ទឹកដី ក្រុង​ទេសចរណ៍​សៀមរាប គឺជា​ការវិនិយោគ​រួមគ្នា រវាង​ពាណិជ្ជករ​កម្ពុជា និង​ចិន ក្នុង​ទំហំ​ទឹកប្រាក់ ប្រមាណ​ជា ៣០ លាន​ដុល្លារ​អាមេរិក នេះ​បើ​យោងតាម ឯកសារ​ជាក់លាក់ ក្នុងពេល​សម្ពោធ​ដំណើរការ​។ សាល​មហោស្រព​នេះ​ត្រូវបាន​សម្ភោ​ធ​ដំណើរការ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧​។​

​ថ្លែង​ក្នុង​សន្និសីទកាសែត នា​ថ្ងៃ សម្ពោធ​នោះ លោក មួង សុភាព ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា មហោស្រព​នេះ អាចជួយ​ពលរដ្ឋ​កម្ពុជា ជាង ២០០ នាក់ ឲ្យ​មាន​ការងារ​ធ្វើ​។ ក្រៅពីនោះ មហោស្រព ក៏​ជួយ​លើកមុខ​កម្ពុជា ពិសេស​ខេត្តសៀមរាប​។
​លោក​បាន​ថ្លែង​ទៀតថា មហោស្រព​នេះ មាន​ភាពទំនើប និង​មាន​មុខងារ​ច្រើនជាងគេ នៅ​ប្រទេស​កម្ពុជា និង​នៅ​តំបន់​អាស៊ី​អា​គ្នេ​យ៏​។
​យោងតាម​ការបញ្ជាក់ របស់​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ មហោស្រព​មួយ​នេះ ក្រៅពី​ជួយ​ពលរដ្ឋ ឲ្យ​មាន​ការងារ​ធ្វើ​ច្រើន​នាក់ ក៏​ជា​ធ្នាក់​សម្រាប់​ទាក់ទាញ អ្នកទេសចរ​ផងដែរ​។ ប៉ុន្តែ​ប្រហែល​អំឡុង​ម៉ោង ៩ ព្រឹក ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨ គ្រោះ​អគ្គិភ័យ​ដ៏​អាក្រក់ បាន​លេប​ត្របាក់ យក​មហោស្រព​ខាងលើ មាន​ទីតាំង​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ជាប់​បុរី​ប្រឹម​ប្រិ​យ៏ តាម​ដង​វិថី ទៅកាន់​ប្រាសាទអង្គរវត្ត អស់​ស្ទើ​ទាំងស្រុង សល់​តែ​សំបក​ក្រៅ​។

​ហេតុការណ៍​នេះ ស្នងការ​ង​ទទួល​ការងារ​អគ្គិភ័យ លោក​វរសេនីយ៍ឯក ភឹង សម្បត្តិ បានឱ្យដឹង​នៅ​កន្លែងកើតហេតុ​ថា តាម​ការ​ឲ្យ​ដឹង ពី​បុគ្គលិក​បំរើការ​ទីនេះ បញ្ជាក់ថា បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។

​យ៉ាងណាក៏ដោយ ក្នុងពេល​ដុំ​ផ្សែងខ្មៅ​ដ៏​ខ្មួលខ្មាញ់ លាយឡំ​អណ្តាតភ្លើង កំពុង​វាយប្រហារ ទៅលើ​មហោស្រព គេ​ឃើញ​ថៅកែ ដែលជា​ជនជាតិ​ចិន បាន​ត្រឹម​ដើរ​ទៅមកៗ ស្ទើ​ស្រក់ឈាម ហើយក៏​ទៅ​អង្គុយ​បង្ហាញ ពី​ក្តី​អស់សង្ឃឹម​។ ចំណែក​ក្រុម​បុគ្គលិក ដែល​នៅ​បំរើការ​ទីនោះ ក៏​ប្រមូលគ្នា​ជា​ក្រុម សម្តែង​ការសោកស្តាយ រហូត​ហូរ​ទឹកភ្នែក​រៀងៗ​ខ្លួន ព្រោះ​មិន​នឹកថា មួយប៉ប្រិចភ្នែក គ្រប់យ៉ាង ត្រូវ​រលាយ​អស់​បែបនេះ​៕V

អង្គុយ​ក្រោម​ការ​ចោមរោម ពី​ហ្វូងមនុស្ស គឺជា​ថៅកែ​ចិន​