​អាជ្ញាធរ​ចុះ​បែងចែក​ក្បាល​ដីឡូត៍​ជូន​ពលរដ្ឋ​ស្រុក​ស្រែអំបិល​ជាង​១៧៥​គ្រួសារ

648
ចែករម្លែក

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​បន្ទាប់ពី​បាន​តវ៉ា​សុំ​ដោះស្រាយ​និង​ទទួល​ទូទាត់​សំណង​រួចរាល់​នៅឯ​រាជធានី​ភ្នំពេញ​អាជ្ញាធរ​និង​មន្ទីរជំនាញ​ខេត្តកោះកុង​បាន​ចុះ​រៀបចំ​បែងចែក​ក្បាល​ដីឡូត៍​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ឃុំ​ចំនួន​៣ ស្រុក​ស្រែក​អំបិល​ជាង​១៧៥​គ្រួសារ តាមរយៈ​ការចាប់​ឆ្នោត​ជ្រើសរើស ដើម្បី​បង្ហាញ​តម្លាភាព និង​យុត្តិធម៌​។

បញ្ហា​ទំនាស់​រឿង​ដីធ្លី​ដ៏​ចម្រូងចម្រាស់​គ្នា​ដែល​កើតមាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នៅក្នុង​ស្រុកស្រែ​អំបិល​។​ក្នុងនោះ មាន​ពលរដ្ឋ​ចំនួន​១៧៥​គ្រួសារ រស់នៅក្នុង​ឃុំ​ជីខ​លើ ឃុំ​ដង​ពែង និង​ឃុំ​កណ្តោល ត្រូវបាន​អាជ្ញាធរ​ខេត្តកោះកុង​រៀបចំ​កំណត់​បែងចែក​ជូន​ពល​រដ្ឋ​ទៅតាម​សំណើ​ហើយ បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ដែនដី​ចាត់​មន្ត្រី​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​ចុះ​ស្រង់​ស្ថិត​ពិនិត្យ​ទិន្នន័យ​ជា​ផ្លូវការ​ឡើងវិញ​។​

​ក្រោយ​បញ្ចប់​ការចាប់​ឆ្នោត​បែង​ចែង​តំបន់​ក្បាលដី​ជូន​ពលរដ្ឋ លោក អន ភារៈ អភិបាលរង​ខេត្តកោះកុង បាន​ថ្លែង​ឱ្យដឹង​កាលពី​ថ្ងៃទី​១៦ មិថុនា​ឆ្នាំ​២០១៨​ថា ការងារ​បែងចែក​ក្បាលដី​ឡូ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣ នៅ​ស្រុក​ស្រែអំបិល ជា​ជំ​ហ៊ាន​ទី​២​ហើយ ដែលមាន​នៅលើ​ផ្ទៃដី​សរុប​ប្រមាណ​ជា​៦៧២​ហិកតា បូករួម​ទាំង​សំណង​ជា​ថវិកា​ចំនួន​២.៥០០​ដុល្លារ​អាមេរិក​ផងដែរ​។ ទំ​ហ៊ំ​បែងចែក​ក្បាលដី គឺ​ផ្តោតទៅលើ​គ្រួសារ​នីមួយ​ដែល​រង​ការបាត់បង់​ជាមួយ​ក្រុមហ៊ុន​ផលិត​ស្ករស​។​

​លោក អន ភារៈ បន្ថែមថា​”​ដើម្បីឱ្យ​ការងារ​នេះ​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ អាជ្ញាធរ​នឹង​ចេញ​ជា​បង្កាន់ដៃ​ក្បាល ដី​ជូន​ពលរដ្ឋ​សិន​ដែល​ពួកគាត់​ពិត​បាន​កាប់​កាន់​ដី​ជាក់ស្តែង និង​បង្កបង្កើនផល​កសិកម្ម​លើដី​នោះ​សិន​។ បន្ទាប់​ទៀត យើង​នឹង​ចេញ​អនុយោគ​លើដី​ធ្លី មុននឹង​ចេញ​ប័ណ្ណ​ប្លង់​កម្មសិទ្ធិ​”​។​

​គួរ​កត់សម្គាល់ថា ការដែល​ប្រជាពលរដ្ឋ​ស្រុកស្រែ​អំបិល​ទទួលបាន​សំណង និង​មាន​ដីធ្លី​ប្រើប្រាស់​វិញ​នេះ​ធ្វើឡើង​ពី​ពួកគាត់​ប្រមូលផ្តុំ​ឡើងទៅ​តវ៉ា​ទាមទារ​ដាក់​ញា​ត្តិ​សុំ​អន្តរាគមន៍​ដោះស្រាយ​ពី​រដ្ឋមន្ត្រីក្រសួង​ដែនដី និង​តំណាង​រដ្ឋាភិបាល នៅឯ​រាជធានី​ភ្នំពេញ នាពេល​ថ្មីៗ​កន្លងទៅនេះ​។​

​អភិបាលរង​ខេត្តកោះកុង ក៏បាន​រម្លឹកថា ការចាប់​ឆ្នោត​ប្រគល់​ក្បាលដី​ជូន​ពលរដ្ឋ​ជំ​ហ៊ាន​ទី​១​នោះ មាន​ពលរដ្ឋ​ជាង​២០០​គ្រួសារ ។​ក្នុងនោះ​មួយ​គ្រួសារ​ទទួលបាន​ទំហំ​ក្បាល​ដីឡូត៍​សម្រាប់​ប្រើប្រាស់​១​ហិច​តាក​ន្លះ គ្មាន​សំណង​ជា​ថវិកា​ទេ ព្រោះ​ដីធ្លី​ដែល​អាជ្ញាធរ​បែងចែក​វា​នៅក្បែរ​ភូមិឋាន​ពួកគេ​រស់នៅ ជាក់ស្តែង​ការងារ​ជំ​ហ៊ាន​ទី​១ នឹង​បញ្ចប់​នាពេល​ឆាប់ៗ​ខាងមុខ​។

​ដោយឡែក អ្នកស្រី យី គ​ន្ធា ពលរដ្ឋ​ឃុំ​ជីខ​ក្រោម និង​លោក ចាន់ វណ្ណា ពលរដ្ឋ​ឃុំ​ដង​ពែង ជា​ក្រុម​ប្រជាពលរដ្ឋ​ដែល​ធ្លាប់តែ​រងគ្រោះ​បញ្ហាដីធ្លី​ជាមួយ​ក្រុមហ៊ុន​ផលិត​ស្ករស​របស់លោក​ឧកញ៉ា លី យ៉ុង​ផាត់ បានបង្ហាញ​ភាពសប្បាយ​រីករាយ និង​ថ្លែង​អំណ​គុណ​ដល់​រដ្ឋាភិបាល​កម្ពុជា ក្រសួង​ដែនដី និង​អាជ្ញាធរខេត្ត​ដែល​បាន​យកចិត្តទុកដាក់​គិតគូរ​ដោះស្រាយ​បែង​ចែង​ដីធ្លី​ជូន​ពួកគាត់ ដើម្បី​បន្តធ្វើ​ដាំ​ដុះ​កសិកម្ម​ចិញ្ចឹមជីវិត​ឡើងវិញ គ្រា​រង​ផលប៉ះពាល់​តាំងពី​ឆ្នាំ​២០០៦​មកម្ល៉េះ​។

​ក្រុម​ប្រជាពលរដ្ឋ​ដដែល បញ្ជាក់ទៀតថា ប្រសិនបើ​រដ្ឋាភិបាល ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ជួយ​ដោះស្រាយ​ដីធ្លី​នេះ​ទេ ពួកគាត់​ច្បាស់​ជា​គ្មាន​ដីធ្លី​រស់នៅ និង​ដាំ​ដុះ​ដំណាំ​កសិកម្ម សម្រាប់​ចិញ្ចឹម​គ្រួសារ​ឡើយ​។ ទោះបីជា ក្បាល​ដីឡូត៍ ដែល​អាជ្ញាធរ​បែងចែក​ជូន​ពួកគាត់​នៅ​ឆ្ងាយ​ពី​ភូមិឋាន​យ៉ាង​ក៏ដោយ ចង់ ឬ​មិន​ចង់​ក៏​សុខចិត្ត​ទទួលយក​ដែរ​។​

​តាម​ការបញ្ជាក់​របស់​អភិបាលរង​ខេត្តកោះកុង លោក អន ភារៈ ការងារ​បែងចែក​ដីធ្លី​នេះ​នៅក្នុង​ខេត្តកោះកុង នៅ​មិនទាន់​បញ្ចប់​បាន​ទាំងស្រុង​ទេ ដោយ​អាជ្ញាធរ​កំពុង​បន្ត​រិះរក​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​៣១៧​គ្រួសារ និង​១៧០​គ្រួសារ​បន្ថែមទៀត​៕S/

​អាជ្ញាធរ​ចុះ​បែងចែក​ក្បាល​ដីឡូត៍​ជូន​ពលរដ្ឋ​ស្រុក​ស្រែអំបិល​ជាង​១៧៥​គ្រួសារ