​អាជ្ញាធរ​ជម្លៀស​ប្រជាពលរដ្ឋ​ពីរ​ឃុំ​មកកាន់​ទីទួល​សុវត្ថិភាព​

986
ចែករម្លែក
  • 5
    Shares

​(​ត្បូងឃ្មុំ​)៖​អាជ្ញាធរ​បានសម្រេច​ជម្លៀស​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១.០០០ គ្រួសារ​រស់នៅ​ឃុំ​ទន្លេ​បិទ និង ឃុំ​ជី​រោទ៍​១ ស្រុក​ត្បូងឃ្មុំ ដែល​រង​ការលេចលង់​លំនៅស្ថាន​ពី​ទឹកជំនន់​ទន្លេមេគង្គ ខណ​:​ដែល​ទឹកទន្លេ​មួយ​បាន​ដល់​កម្ពស់ ១៤,៥៤ ម៉ែត្រ​នៅ​ព្រឹក​ថ្ងៃទី ៣១ ខែកក្កដា គឺ​ខ្ពស់ជាង​ថ្ងៃទី ៣០ ខែកក្កដា​០,១៨​ម៉ែត្រ​។​

​ប៉ុន្តែ​តាម​ការព្យាករណ៍​របស់​មន្ត្រី​ធនធានទឹក និង ឧតុនិយម នៅ​ថ្ងៃទី ៣១ កក្កដា​ថា ខេត្តកំពង់ចាម និង ខេត្ត​ត្បូងឃ្មុំ ទឹកទន្លេ​មេគង្គ​អាច​នឹង​ស្រក​ចុះមក​នៅត្រឹម​កម្ពស់​១៤.៥០​ថ្ងៃទី​០១​ខែសីហា​,​ថ្ងៃទី​០២​ខែសីហា​ស្រក​មក​នៅ​កម្ពស់​១៤,៣៧​ម៉ែត្រ​និង​ថ្ងៃទី​០៣​ខែសីហា​ស្រក​មក​នៅ​កម្ពស់​១៤,២៨​ម៉ែត្រ​។​

ចំណែក​នៅ​ស្រុក​ក្រូចឆ្មារ​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា​នៅ​មិនទាន់មាន​ការជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​លំនៅស្ថាន​ដោយសារ​ទឹកជំនន់​ទន្លេមេគង្គ​នៅឡើយ​ទេ​ដោយ​គ្រាន់តែ​នាំគោ​ក្របី​ទៅ​ទីទួល​មួយចំនួន និង ជន់​លេច​ផ្លូវ​ក្នុង​ឃុំ​កំពង់ទ្រាស​មួយ​ខ្សែ​។​
​ ​
​បុរស​ឈ្មោះ​ស្មាន​កើ​អាយុ​៤៥​ឆ្នាំ​ជាមួយ​ប្រពន្ធ​កូន​សរុប​សមាជិក​ចំនួន​ប្រាំបួន​នាក់​បាន​កំពុង​រស់នៅ​លើ​ទួល​មួយកន្លែង​ក្បែរផ្លូវ​ជាតិ​លេខ​៧​ភូមិ​ទន្លេ​បិទ​លើ​ឃុំ​ទន្លេ​បិទ​ជាមួយ​ប្រជាពលរដ្ឋ​ច្រើន​គ្រួសារ​ផ្សេងទៀត​បាន​ឲ្យ​ដឹងថា​ទឹកទន្លេ​មេគង្គ​បាន​ហូរ​លេច​ក្រោមផ្ទះ​ប្រក់​ស័ង្កសី​ទំហំ ៤ ម៉ែត្រ​គុណ​នឹង ៥​ម៉ែត្រ គឺ​នៅសល់​ប្រមាណ បី​តឹក​ទៀត​ប៉ុណ្ណោះ​នឹង​លេច​ដល់​រនាប ខណ​:​ដែល​ជើង​សសរផ្ទះ​មាន​កម្ពស់ ២,៥០ ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រែក​តូច ឃុំ​ជី​រោទ៍​មួយ ស្រុក​ត្បូងឃ្មុំ គិត​ត្រឹម​ព្រឹក​ថ្ងៃទី ៣១ សីហា​នេះ​។​
​ ​
​បុរស​ដែលមាន​មុខរបរ​ជា​អ្នកនេសាទ​ម្នាក់នេះ​បាន​ឲ្យ​ដឹងថា ការដែល​នាំ​ប្រពន្ធ និង កូន​ចំនួន ប្រាំពីរ​នាក់មក​រស់នៅ​រួមគ្នា​ជាមួយ​អ្នកភូមិ​ច្រើន​ទៀត​នេះ គឺ​ដោយសារតែ​ទឹកបាន​ហូរ​ខ្លាំង​ចេញពី​បឹង​ចូល​ទន្លេ​វិញ ហើយ​សសរផ្ទះ​របស់លោក​អាច​មិន​ធានា​ជាមួយ​ចរន្តទឹក​ហូរ​ទេ​។​
​លោក ហួត យ៉ង់ មេឃុំ​ជី​រោទ៍​មួយ​បាន​ឲ្យ​ដឹងថា មកដល់​ថ្ងៃទី ៣១ សីហា​នេះ​ខាង​អាជ្ញាធរ​បាន​ឲ្យ​ប្រជាពលរដ្ឋ​សរុប​ចំនួន ៤១២ គ្រួសារ ចាក​ចេញពី​ភូមិ​ព្រែក​តូច ភូមិ​រកា​ធំ និង ភូមិ​ជី​រោទ៍​ក្រោម​ទីមួយ មក​រស់នៅ​ជា​បណ្តោះអាសន្ន​ជាមួយ​សត្វពាហន​: គោ​ចំនួន ១៧៩​ក្បាល ក្របី​ចំនួន ១០ ក្បាល សេះ​ចំនួន ប្រាំមួយ​ក្បាល និង ពពែ​ចំនួន ១៧៣​ក្បាល នៅលើ​ទីទួល​សុវត្ថិភាព​ក្នុង​ឃុំ​ទន្លេ​បិទ​។​

លោក​មេឃុំ​បាន​បន្តថា ពេលនេះ​ផ្លូវ​បេតុង​កាត់​ភូមិ​ព្រែក​តូច និង ភូមិ​រកា​ធំ បាន​លិច​មួយរយ​ភាគរយ​ហើយ គឺ​មិន​ធ្វើចរាចរ​ឆ្លងកាត់​ដោយ​ថ្មើ​ជើង និង យានជំនិះ រថយន្ត​បាន​ទៀត​ទេ គឺអាច​ធ្វើដំណើរ​តាម​ទូក​កាណូត​ផ្សេងៗ​។ ក្រៅពី​លិច​ផ្លូវ​បេតុង​ខាង គឺ​ជំនន់​ទន្លេមេគង្គ​បាន​ជន់​លេច​ទាំងស្រុង​នូវ​កំណាត់​ផ្លូវលំ​មួយ​ខ្សែ​ទៅកាន់​ភូមិ​ទួល​កែវ​។ បើ​ទឹកជំនន់​មួយ​នេះ​ឡើង​កម្ពស់​បី​តឹក​បន្ថែមទៀត នឹង​លិច​ទាំងស្រុង​ឃុំ​ជី​រោទ៍​មួយ​។​
​ ​
​លោក​ចែត​វុទ្ធី​មេឃុំ​ទន្លេ​បិទ​បាន​ឲ្យ​ដឹងថា​មកដល់​រសៀល​ថ្ងៃទី​៣១​សីហា​នេះ​ដើម្បី​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​អាជ្ញាធរ​បាន​ជម្លៀស​ពួកគាត់​ចេញពី​ភូមិ​ព្រែក​តូច ភូមិ​ទួល​គ ភូមិ​ទន្លេ​បិទ​លើ ភូមិ​ទន្លេ​បិទ និង ភូមិ​យាយ​ស សរុប​ចំនួន​ប្រហែល​ជាង ៥០០ គ្រួសារ និង សត្វពាហន​:​រាប់រយ​ក្បាល​ទៀត​ទៅកាន់​ទួល​សុវត្ថិភាព​ចំនួន​បី​កន្លែង​នៅក្នុង​ឃុំ​ទន្លេ​បិទ​នេះ​។​
​ប្រភព​ដដែល​បាន​បន្តថា ក្នុងនោះ​ជំនន់​ទន្លេមេគង្គ​បាន​ជន់​លេច​កំណាត់​ផ្លូវ​ចំនួន ប្រាំ​ខ្សែ ដែល​ឆ្លងកាត់​ភូមិ​យាយ​ស ភូមិ​ទន្លេ​បិទ ភូមិ​ព្រែក​តូច ភូមិ​ព្រែកជីក ភូមិ​អន្លង់​ពោធិ និង ភូមិ​ទួល​ខ្សាច់​៕S/ ដោយ​: ភោគ សម្បត្តិ​

​អាជ្ញាធរ​ជម្លៀស​ប្រជាពលរដ្ឋ​ពីរ​ឃុំ​មកកាន់​ទីទួល​សុវត្ថិភាព​