​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​អនុស្សរណៈ​ជាមួយ​វិទ្យាស្ថាន​KICT

499
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​អនុស្សរណៈ​ជាមួយ​វិទ្យាស្ថាន​KICT​ដើម្បី​សិក្សា​លើ​ការរៀបចំ​លំហូរ​ចរាចរ​ក្នុង​រមណីយដ្ឋាន​អង្គរ​ស្រប​ពេលដែល​រមណីយដ្ឋាន​អង្គរ​កំពុងតែ​ទទួលបាន​នូវ​កំណើន​ទេសចរ​ជា​រៀងរាល់ឆ្នាំ ។​

អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​គិតគូរ​ដល់​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​និង​គ្រប់គ្រង​លំហូរ​ចរាចរ​ឲ្យ​បានល្អ​ប្រសើរ​ដើម្បី​លើកកម្ពស់​បទពិសោធន៍​ទស្សនា​របស់​ភ្ញៀវទេសចរ​ការពារ​នូវ​តម្លៃ​លេចធ្លោ​របស់​រមណីយដ្ឋាន​អង្គរ​ព្រមទាំង​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ​។​

ក្នុងន័យនេះ​អាជ្ញាធរ​ជាតិ​អប្សរា​បានសម្រេច ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​វិទ្យាស្ថាន​កូរ៉េ​សម្រាប់​វិស្វកម្ម​សំណង់ និង​បច្ចេកវិទ្យា KICT (Korea Institute of Civil Engineering and Building Technology) នា​រសៀល​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក សុខ សង្វារ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​បណ្ឌិត Junhwa Jung អនុប្រធាន​នៃ​វិទ្យាស្ថាន​KICT​។

​ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់លោក​ស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ទៅកាន់​សាធារណរដ្ឋ​កូរ៉េ​កាលពី​ចុងខែ​តុលា​កន្លងទៅ​ថ្មីៗ​នេះ​។​

លោក សុខ សង្វារ បាន​បញ្ជាក់ថា គោលបំណង​ចម្បង​នៃ​អនុស្សរណៈ​នេះ គឺ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​សិក្សា​រួមគ្នា​អំពី ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការគ្រប់គ្រង​ចរាចរ​ក្នុង​រមណីយដ្ឋាន​អង្គរ​ឲ្យ​បានល្អ​ប្រសើរ ក្នុងន័យ​ត្រៀមខ្លួន​សម្រាប់​កំណើន​ទេសចរ​ជា​រៀងរាល់ឆ្នាំ​។​

លោក Junhwa Jung បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ ដែល​បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា លើ​ការងារ​រៀបចំ​ចរាចរ​ក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក​អង្គរ​។ KICT ធ្លាប់បាន​រៀបចំ​ដោយ​ជោគជ័យ​នូវ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​លំហូរ​ចរាចរ​ក្នុងប្រទេស​កូរ៉េ​ក៏ដូចជា បណ្តា​ប្រទេស​ផ្សេងៗ​មួយចំនួនទៀត​។

​លោក​បាន​បន្តថា កិច្ចសហការ​នេះ​នឹងចូលរួម​លើកស្ទួយ​តម្លៃ​បេតិកភណ្ឌ​ពិភពលោក ក៏ដូចជា រួមចំណែក​ជាមួយ​ពលរដ្ឋ​ខ្មែរ​ក្នុង​កិច្ចការពារ​រមណីយដ្ឋាន​អង្គរ​។ ​លោក សុខ សង្វារ បាន​ថ្លែងអំណរគុណ​ចំពោះ​វិទ្យាស្ថាន KICT ដែល​បាន​គាំទ្រ​ចំពោះ​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍ​ក្នុង​រមណីយដ្ឋាន​អង្គរ តាមរយៈ​កិច្ចសហការ​ដែល​ឈាន​មកដល់​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​នៅថ្ងៃនេះ​។ លោក​បាន​បញ្ជាក់ថា អនុស្សរណៈ​នេះ​គឺជា​លទ្ធផល​មួយ​យ៉ាង​ល្អ ក្រោយពី​ក្រុម​ទាំងពីរ​បានធ្វើការ​ជាមួយគ្នា​អស់​រយៈពេល​ជាង​មួយឆ្នាំ​កន្លងមក​។​

​លោក​សង្ឃឹមថា កិច្ចសហការ​រវាង​ស្ថាប័ន​ទាំងពីរ​នឹង​កាន់តែ​រឹងមាំ​ថែមទៀត និង​សម្រេចបាន​នូវ​លទ្ធផល​យ៉ាង​ល្អប្រសើរ​នាពេល​ឆាប់ៗ​ខាងមុខនេះ ជាពិសេស គឺ​ការរៀបចំ​លំហូរ​ចរាចរ​ក្នុង​តំបន់​អង្គរ​បានល្អ​ប្រសើរ ដែល​អាច​កាត់បន្ថយ​នូវ​ផលប៉ះពាល់​ទាំង​ផ្នែក​បរិស្ថាន និង​បេតិកភណ្ឌ​ក្នុង​តំបន់​អង្គរ​៕S/

អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​អនុស្សរណៈ​ជាមួយ​វិទ្យាស្ថាន​KICT​ដើម្បី​សិក្សា​លើ​ការរៀបចំ​លំហូរ​ចរាចរ​ក្នុង​រមណីយដ្ឋាន​អង្គរ