​អាជ្ញាធរ​ជាតិ​អប្សរា​ទទួលបាន​ពានរង្វាន់​បេតិកភណ្ឌ​អង្គរ​គ្មាន​ផ្សែង​បារី​ពី​សម្ព័ន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​

453
ចែករម្លែក
  • 7
    Shares

​ដោយៈ​គូលែន​/​សៀមរាបៈ​ដោយ​កិច្ចប្រឹងប្រែង​បណ្តុះបណ្តាល​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​សុខភាព​ផលប៉ះពាល់​ដល់​ប្រាសាទ​និង​មាន​ឆន្ទៈ​មុតមាំ​ធ្វើឱ្យ​រមណីយដ្ឋាន​អង្គរ​ក្លាយជា​បរិស្ថាន​គ្មាន​ផ្សែង​បារី​តាំងពី​ឆ្នាំ​២០១២​មក​។​

សម្ព័ន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​អាស៊ីអាគ្នេយ៍​និង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​បានប្រគល់​ពានរង្វាន់​បេតិកភណ្ឌ​អង្គរ​គ្មាន​ផ្សែង​បារី​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​នៅក្នុង​សិក្ខាសាលា​ស្តីពី​«​ការជំរុញ​ទីក្រុង​សៀមរាប​ជាទី​ក្រុង​គ្មាន​ផ្សែង​បារី​»​។​

នៅ​ថ្ងៃទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០១៩​នា​សណ្ឋាគារ​អប្សរា​ផា​លេស​ក្រោម​អធិបតីភាព​លោក​ហោ​សារុន​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​និង​លោកស្រី​បណ្ឌិត​ដូ​មី​លី​វីឡា​រេ​តំណាង​សម្ពន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​អាស៊ីអាគ្នេយ៍​។​

​លោកស្រី​បណ្ឌិត​ដូ​មី​លី​វីឡា​រេ​បាន​កោតសរសើរ​ចំពោះ​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បាន​ថែរក្សា​រមណីយដ្ឋាន​អង្គរ​និង​ការិយាល័យ​ធ្វើការ​គ្មាន​ផ្សែង​បារី​។​ការខិតខំ​នេះ​ជាហេតុ​ផល​មួយ​ដែល​យើង​បាន​ផ្សព្វផ្សាយ​អង្គរ​ទៅកាន់​ពិភពលោក​ដូចនឹង​រមណីយដ្ឋាន​នៃ​បណ្តា​ប្រទេស​ជាច្រើន​ទៀត​ដែល​គ្មាន​ផ្សែង​បារី​។​ពានរង្វាន់​នេះ​ស័ក្តិសម​ចំពោះ​កិច្ចប្រឹងប្រែង​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បំពេញ​និង​បន្ត​ពង្រឹង​កិច្ចការ​លើកកម្ពស់​បរិ​ស្ថាន​បន្តទៀត​។​

​លោក​ហង់​ពៅ​បាន​សម្តែង​នូវ​សេចក្តីត្រេកអរ​ចំពោះ​ការផ្តល់​ទំនុកចិត្ត​និង​កិត្តិយស​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុងការ​លើកកម្ពស់​បរិ​ស្ថាន​ក្នុង​តំបន់​អង្គរ​គ្មាន​ផ្សែង​បារី​ដែល​កិច្ចការ​នេះ​សម្រេចបាន​គឺ​បាន​ពី​ការចូលរួម​ទាំងអស់គ្នា​ទាំង​សាលាខេត្ត​សៀមរាប​មន្ទីរ​បរិស្ថាន​ក្រសួងសុខាភិបាល​អង្គរ​គាំពារ​សុខភាព​និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។​តាមរយៈ​ពានរង្វាន់​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្ត​ភារកិច្ច​ហើយ​ពង្រីក​តំបន់​គ្មាន​ផ្សែង​បារី​ក្នុង​រមណីយដ្ឋាន​អង្គរ​ឱ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន​បន្ថែមទៀត​។​

​លោក​ហោ​សារុន​ក៏បាន​កោតសរសើរ​និង​ចូលរួម​ត្រេកអរ​ចំពោះ​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បានធ្វើឱ្យ​តំបន់​អង្គរ​ដែលជា​បេះដូង​នៃ​កម្ពុជា​ក្លាយជា​កន្លែង​គ្មាន​ផ្សែង​បារី​។ លោក ក៏បាន​បញ្ជាក់ថា នៅ​ខែតុលា ឆ្នាំ​២០១៩​ខាងមុខនេះ​ខេត្តសៀមរាប​នឹង​ក្លាយជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​៧​នៃ​បរិស្ថាន​គ្មាន​ផ្សែង​បារី​ផងដែរ​។​នេះ​ជា​កិត្តិយស​ណាស់​សម្រាប់​ខេត្តសៀមរាប​ដែល​អាច​ទាក់ទាញ​ទេសចរ​ឱ្យមក​កាន់​តំបន់​អង្គរ​កាន់តែ​ច្រើនឡើង​។​

​សូម​បញ្ជាក់ដែរថា​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​មាន​មនុស្ស​៧​លាន​នាក់​បាន​ស្លាប់​រៀងរាល់ឆ្នាំ​(៦​លាន​នាក់​ជក់បារី​៨៦០​ពាន់​នាក់​ស្រូប​ផ្សែង​បារី​ពី​គេ​)​។​ក្នុងនោះ​ថវិកា​ចំនួន​១.៤​ពាន់​លាន​ដុល្លារ​បាន​ខាតបង់​ដោយ​ការប្រើប្រាស់​ថ្នាំជក់​(​ព្យាបាល​ជំងឺ​និង​ស្លាប់​មុនពេល​កំណត់​បាត់​បង់ក​ម្លាំ​ង​ពលកម្ម​)​។​

ចំពោះ​ទំហំ​នៃ​ការខាតបង់​នៅ​កម្ពុជា​គឺ​មនុស្ស​១​ម៉ឺន​នាក់​បាន​ស្លាប់​ក្នុង​១​ឆ្នាំ​(​ប្រហែល​៣០​នាក់​ក្នុង​១​ថ្ងៃ​)​របាយការណ៍​របស់​WHO​។​ថវិកា​ប្រមាណ​២០០​លាន​ដុល្លារ​ខាតបង់​ដោយសារ​ការទិញ​បារី (NIS 2015)​។​រីឯ​ថវិកា​ប្រមាណ​១៦២​លាន​ដុល្លារ​ត្រូវ​ចំណាយ​ដើម្បី​ព្យាបាល​ជំងឺ​ប្រាំ​មុខ (NCHP)៕S/

​រូបភាពៈ​អាជ្ញាធរ​ជាតិ​អប្សរា​ទទួលបាន​ពានរង្វាន់​បេតិកភណ្ឌ​អង្គរ​គ្មាន​ផ្សែង​បារី​ពី​សម្ពន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​អាស៊ីអាគ្នេយ៍​និង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​៕​