​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ជួសជុល​ច្រាំង​កស្សិណ​ប្រាសាទអង្គរវត្ត​ភ្ជាប់​ចន្លោះ​

598
ចែករម្លែក
  • 271
    Shares

ដោយៈ​បាយ័ន​/​សៀមរាបៈ​អាជ្ញាធរ​អប្សរា​បាន​កំពុង​ជួសជុល​ច្រាំង​កស្សិណ​ប្រាសាទអង្គរវត្ត ស្របទៅតាម​គោលការណ៍​នៃ​កិច្ចការ​អភិរក្ស ដែល​ច្រាំង​កស្សិណ​ផ្នែក​ខាងលិច​ស្លាប​ខាងជើង ។​ត្រូវបាន​ជួស​ជុស​ដោយ​ប្រទេស​អ៊ីតាលី​ប្រវែង​៨០​ម៉ែត្រ ហើយ​បានបញ្ចប់​នៅ​ឆ្នាំ ២០១៥ និង​ជួសជុល​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ជំហាន​ដំបូង​ប្រវែង ៤០​ម៉ែត្រ ក៏បាន​បញ្ចប់​នៅ​ឆ្នាំ​២០១៧​។

​តែបើ​តាម​ការបញ្ជាក់រ​បស់​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា​ទោះយ៉ាងណា​គម្រោង​ជួសជុល​ទាំងពីរ​កន្លងមក​ពុំទាន់​បាន​ភ្ជាប់​គ្នា​នៅឡើយ​ដូច្នេះ​ពេលនេះ​អាជ្ញាធរ​ជាតិ​អប្សរា​មាន​គោលបំណង​ជួសជុល​កស្សិណ​ប្រាសាទអង្គរវត្ត​ដើម្បី​ត​ភ្ជាប់​ចន្លោះ​ប្រវែង​១០​ម៉ែត្រ​នៃ​គម្រោង​ទាំងពីរ​។​

​លោកស្រី នង បូរ៉ា​វី បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន និង​បុរាណវិទ្យា​បង្ការ អ្នកគ្រប់គ្រង​នៅ​ការដ្ឋាន​ជួសជុល​ច្រាំង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត បានឱ្យដឹងថា ការជួសជុល​ច្រាំង​កស្សិណ​ប្រវែង​១០​ម៉ែត្រ​នោះ​គឺ​នៅ​ទីតាំង​បង្ហូរទឹក​របស់​បារាំង​ពី​ត្រពាំង​សេះ​ចូលក្នុង​កស្សិណ ដែលជា​ចំណុចកណ្ដាល ឬ​ភ្ជាប់​គម្រោង​ទាំងពីរ​មិនទាន់មាន​ការជួសជុល​នៅឡើយ​។

ទើប​ពេលនេះ​អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​ដើម្បី​បំពេញ​ចំណុច​ដែល​នៅ​ជា​ចន្លោះប្រហោង​នៃ​ច្រាំង​កស្សិណ ហើយ​អ្នកជំនាញ​ក៏បាន​ឲ្យ​ដឹងថា គម្រោង​នេះ​នឹង​ប្រើពេល ៦​ខែ ដោយ​ចាប់ពី​ខែមីនា រហូតដល់ ខែកញ្ញា ឆ្នាំ​២០១៩​។​

​ចំពោះ​បច្ចេកទេស​ជួសជុល​បន្ទាប់ពី​កំណាយ​ស្រាវជ្រាវ​បានឱ្យ​អ្នកជំនាញ​ដឹងថា​ចាស់​បុរាណ​កសាង​ច្រាំង​កស្សិណ ដោយ​ដី​បុក​បង្ហាប់​បាត​គ្រឹះ​ក្រោម ដូច្នេះ​ដើម្បី​រក្សា​តម្លៃ​នៃ​បេតិកភណ្ឌ​វប្បធម៌ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជ្រើស​យក​បច្ចេកទេស​បុរាណ​មក​អនុវត្ត​។ ដោយ​កាយ​យក​ដី​ចាស់ ដី​ស្អុយ​ចេញ ហើយ​ជំនួស​ដោយ​ដី​ថ្មី ហើយ​បុក​បង្ហាប់​គ្រឹះ​ក្រោម​ឱ្យ​មាំ​ជាមួយ​ថ្មភ្នំ ថ្ម​ក្រលៀន ដីខ្សាច់ និង​ល្បាយ​ដី​ដែល​បាន​ពី​កម្ទេច​ថ្មបាយក្រៀម ដីឥដ្ឋ កំបោរ​ស​។​

​ចំពោះ​គ្រឹះ គឺ​បាន​ពង្រីក​ទំហំ​គ្រឹះ​ចាស់​៨០​សង់ទីម៉ែត្រ​ទៅ​១២០​សង់ទីម៉ែត្រ ហើយ​ជម្រៅ​គ្រឹះ​ទៅ​ក្រោម​៣០ សង់ទីម៉ែត្រ​ទៅ​៨០​សង់ទីម៉ែត្រ ធ្វើយ៉ាងណា​ឱ្យ​កាំ​កស្សិណ រឹងមាំ​បានល្អ​។ ក្រៅពី​ពង្រឹង​គ្រឹះ​ហើយ អ្នកជំនាញ​ក៏បាន​ពង្រឹង​រចនា​សម្ព​ន្ធ​ច្រាំង​កស្សិណ ដោយ​ប្រើ​ថ្មបាយក្រៀម​ថ្មី​ជំនួស​ថ្មបាយក្រៀម​ចាស់​ដែល​ពុកផុយ​មិនអាច​ប្រើ​ឡើងវិញ​។​

​លោកស្រី បូរ៉ា​វី ក៏បាន​បញ្ជាក់​ដែរ​ពី​មូលហេតុ​សំខាន់ៗ​ដែល​ធ្វើឱ្យ​រចនា​សម្ពន្ធ​សំណង់​កស្សិណ អង្គរវត្ត​ផ្នែក​ខាងលិច​ស្លាប​ខាងជើង​រង​នូវ​ការខូចខាត​យ៉ាងខ្លាំង គឺ​ដោយសារតែ​អាយុកាល​នៃ​សំណង់ ការ​ពុកផុយ​នៃ​ស្រទាប់​ថ្មបាយក្រៀម​ខាងក្រោម​ឫស​ឈើ​ចាក់​ជ្រែក​ទៅក្នុង​ថ្ម​ធ្វើឱ្យ​ថ្ម​រំកិល​ពី​ទីតាំង​ដើម​។​ល​៕S/

​រូបភាព​÷ អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ជួសជុល​ច្រាំង​កស្សិណ​ប្រាសាទអង្គរវត្ត​ភ្ជាប់​ចន្លោះ​។ រូបថត​អាជ្ញាធរ​អប្សរា​