​អាជ្ញាធរ​ជាតិ​អប្សរា​ប្រជុំ​ដើម្បី​តាមដាន​មតិ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ

133
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​កាលពី​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៩​លោក​ហង់​ពៅ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ដឹកនាំ​កិច្ចប្រជុំ​តាមដាន​អនុសាសន៍​ដែល​ទទួល​បានជា​ផ្លូវការ​តាមរយៈ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣២​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​កន្លង​មកលើ​គោលដៅ​អនុវត្ត​ការងារ​នៅតាម​ការដ្ឋាន​ក្នុង​តំបន់​អង្គរ​ទាំង​ផ្នែក​អភិរក្ស និង​អភិវឌ្ឍន៍​។

​គោលបំណង​សំខាន់​នៃ​អង្គប្រជុំ​នេះ​ដើម្បី​តាមដាន​រាល់​អនុសាសន៍​ដែល​បានកំណត់​ជំរុញ​ការអនុវត្ត​ការងារ​កាន់តែ​មាន​ប្រសិទ្ធភាព​។​លើសពីនេះ​ទៀត​ក៏បាន​ជជែក​វែកញែក​អំពី​អនុសាសន៍​នីមួយៗ​ដើម្បី​ស្វែងយល់​ពី​បញ្ហា​ភាពខ្វះខាត​ចម្ងល់​លទ្ធភាព​ក្នុងការ​អនុវត្ត​និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​បានកើត​ឡើង​នៅតាម​ការដ្ឋាន​រួមគ្នា​។

​ក្រោយពី​កិច្ចប្រជុំ​អ្នកជំនាញការ​អាជ្ញាធរ​ជាតិ​អប្សរា​រួមទាំង​សមាជិក​តំណាង​លេខាធិការដ្ឋាន​អាយ​ស៊ី​ស៊ី​-​អង្គរ នឹង​ចុះ​តាមដាន​ផ្ទាល់​តាម​ការដ្ឋាន​ទាំង​ក្នុង​និង​ក្រៅ​តំបន់​អង្គរ​ដើម្បី​មើល​ស្ថានភាព​ជាក់ស្តែង ងាយស្រួល​រាយការណ៍​ជូន​អង្គប្រជុំ​បច្ចេកទេស​នៃ​អាយ​ស៊ី​ស៊ី​-​អង្គរ​លើក​ទី​៣៣​ដែល​នឹង​ប្រព្រឹត្តទៅ​នា​ខែធ្នូ​ខាងមុខនេះ​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​នេះ ធ្វើឡើង​ជាប្រចាំ​ដើម្បី​តាមដាន​រាល់​ការអនុវត្ត​កិច្ចការ​អភិរក្ស ជួសជុល និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​រមណីយដ្ឋាន​អង្គរ​ជាពិសេស​ផ្ទៀងផ្ទាត់​ភាពសមស្រប​ទាំង​លក្ខណៈ​បច្ចេកទេស ទាំង​ការអនុវត្ត​គម្រោង និង​ទាំង​សម្ភារៈ​៕S/

​រូប​ថ​តៈ​អាជ្ញាធរ​ជាតិ​អប្សរា​បើក​ការប្រជុំ​ដើម្បី​តាមដាន​អនុសាសន៍​គណៈកម្មាធិកា​រ​អាយ​ស៊ី​ស៊ី​-​អង្គរ (​អប្សរា​)​

#