​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​ពិធី​ក្រុង​ពលី​ដំណើរការ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​

264
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​អាជ្ញាធរ​ជាតិ​អប្សរា​បានរៀបចំ​ពិធី​ក្រុង​ពលី​ដើម្បី​សុំ​ការអនុញ្ញាត​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី​វត្ថុ​ស័ក្តិសិទ្ធិ​ដែល​ថែរក្សា​តំបន់​អង្គរ​ក្នុងការ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​ឱ្យ​រួច​ផុតពី​ហា​នី​ភ័យ​ទុកជា​កេរតំណែល​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ។​

​ពិធី​ក្រុង​ពលី​ដំណើរការ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់ បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៩​នេះ​ក្រោម​អធិបតីភាព​លោក​យិ​ត​ចាន់​ដារ​ដ្ឋ​អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​,​លោកស្រី​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ , ព្រះ​វិជ័យ​រង្សី ឡា​ច លាង ព្រះគ្រូ​អនុគណ​ក្រុង​សៀមរាប និង​ព្រះ​សម្ម​ទ្ធ​ប្ប​កាស​នី​តាត​មហា​ទី​ព្រះចៅអធិការ​វត្ត​ព្រះឥន្ទ​កោសា រួមទាំង លោក លោកស្រី ជា​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ជាច្រើន ។​

​លោក​យិ​ត​ចាន់​ដា​រដ្ឋ​បានឱ្យដឹងថា​គម្រោង​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​គឺជា​សមិទ្ធផល​ទី​២​បន្ទាប់ពី​រហាត់ទឹក​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់លោក​ជំទាវ​បណ្ឌិត​សៀង​ចាន់​ហេង​ដែល​បានរួម​ចំណែក​ក្នុង​ការជួសជុល​បេតិកភណ្ឌ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។

ដូច្នេះ​ក្នុងនាម​ឱ្យ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា​សូម​ថ្លែងអំណរគុណ​ដល់​លោកជំទាវ​និង​ក្រុមការងារ​ដែលជា​អ្នកវិនិយោគទុន​ក្នុង​វិស័យ​ឯកជន​តែង​បានគិត​គូរ​ដល់​វិស័យ​បេតិកភណ្ឌ​ដែល​កំពុង​ត្រូវការ​ការរួមចំណែក​ពី​សប្បុរសជន​គ្រប់ទិសទី​ដើម្បី​ជួសជុល​មរតក​វប្បធម៌​ជាតិ​ជាមួយ​ស្ថាប័នរដ្ឋ​ទាំង​សំណង់​បុរាណ​។

​ការដាំ​កូនឈើ​ដើម្បី​លើកកម្ពស់​ភាព​បៃតង​ក្នុង​តំបន់​អង្គរ​ដែល​កិច្ចការ​នេះដែរ​គឺ​លោកជំទាវ​ពិតជា​គំរូ​មួយ​ដែល​បាន​បំពេញ​កាតព្វកិច្ច​យ៉ាង​ល្អ​ក្នុងនាម​ជា​កូន​ខ្មែរ​មួយរូប ដែល​ត្រូវតែមាន​ចំណែក​ក្នុងការ​ការពារ ថែរក្សា​មរតក​ដូនតា​ដោយ​ខាន​ពុំបាន​។​

​លោកជំទាវ​បណ្ឌិត​សៀង​ចាន់​ហេង​បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ក្រុង​ពលី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​ទសបារមី​នៃ​តំបន់​អង្គរ​ក្នុងការ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​ឱ្យមាន​ភាព​រូបរាង​ឡើងវិញ​រួច​ចាក​ផុតពី​ភាព​ខ្ទេចខ្ទាំ​និង​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​។ដែល​បានឱ្យ​វិស័យ​ឯកជន​រួមចំណែក​ក្នុង​កិច្ចការពារ​ថែរក្សា​កសាង​និង​អភិរក្ស​នូវ​សមិទ្ធផល​មរតក​បេតិកភណ្ឌ​ដែល​ដូនតា​បន្សល់​ទុកឱ្យហើយ​លោកជំទាវ​សន្យាថា​នឹង​បន្ត​កិច្ចការ​នេះ​ជា​បន្តបន្ទាប់​ទៅតាម​លទ្ធភាព និង​ឱកាស​ដែល​អាចធ្វើ​ទៅបាន​។​

​សូម​បញ្ជាក់ដែរថា ប្រាសាទ​កណ្តាល​ស្រះស្រង់​បាន​កសាងឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ សតវត្ស​ទី​១២​ជា​តំណាងឱ្យ​ភ្នំ​ព្រះ​សុមេរុ​ខណៈ​បច្ចុប្បន្ន​ប្រាសាទ​នេះ​បាន​រង​ការ​បាក់បែក​ជាខ្លាំង​ដោយសារ​កត្តា​ធម្មជាតិ​ហើយ​ដើម្បី​លើក​តម្លៃ​ប្រវត្តិសាស្ត្រ​សំណង់​ប្រាសាទ​និង​ទេសភាព​វប្បធម៌​នៃ​ស្រះស្រង់​ឡើងវិញ​នោះអាជ្ញាធរ​ជាតិ​អប្សរា​និង​វិស័យ​ឯកជន​បាន​រួមដៃគ្នា​ជួសជុល​ប្រាសាទ​នេះ​ឡើងវិញ​។

ដំណើរការ​ជួសជុល​គ្រោង​នឹង​ចាប់​ផ្តើមឡើង​នៅ​រដូវប្រាំង​ព្រោះ​ទឹក​រីង​ងាយស្រួល​ក្នុង​ការធ្វើ​កំណាយ​ស្រាវជ្រាវ​និង​ជួសជុល​ហើយ​បច្ចុប្បន្ននេះ​អាជ្ញាធរ​ជាតិ​អប្សរា​នឹងធ្វើ​ការសិក្សា​លម្អិត​ទាក់ទង​នឹង​ប្រាសាទ​រួមទាំង​ផ្នែក​បុរាណវិទ្យា​ហើយ​ឆ្លង​យោបល់​ក្នុង​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ​ដែល​នឹង​ប្រព្រឹត្តិ​ទៅនា​ខែធ្នូ​ខាងមុខនេះ ទើប​ដំណើរការ​ជួសជុល​បាន ៕S/

​រូបភាព​:​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​ពិធី​ក្រុង​ពលី​ដំណើរការ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​៕​អប្សរា​