​អាជ្ញាធរ​ជាតិ​អប្សរា​និង​ព្រះសង្ឃ​សហការគ្នា​ដើម្បី​អភិរក្ស​សំណង់​បេតិកភណ្ឌ​សាសនា​

208
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​អាជ្ញាធរ​ជាតិ​អប្សរា​និង​ព្រះសង្ឃ​នៅ​វត្ត​ព្រះឥន្ទ​ទេព​បាន​សហការ​គ្នា​ដើម្បី​អភិរក្ស​សំណង់​បេតិកភណ្ឌ​សាសនា​។​នេះ​គឺជា​ការបញ្ជាក់​ឱ្យដឹងពី​អាជ្ញាធរ​ជាតិ​អប្សរា នា​ថ្ងៃទី​៧ ខែឧសភា​ឆ្នាំ​២០២០​នេះ​។​វត្ត​ព្រះ​ឥន្ទទេព​ស្ថិតនៅ​ទិស​ខាងលិច​ឈៀង​ខាងត្បូង​នៃ​ប្រាសាទ​បា​យ័ន្ត​ដែលជា​រាជធានី​បុរាណ​នា​សម័យអង្គរ ។​

​ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះ​ឥន្ទទេព​ឱ្យដឹងថា​ព្រះអង្គ​បានសម្រេច​ព្រះទ័យ​សាង​សង់រោង​ឧបោសថ​ធ្វើ​អំពី​ឈើ​បែប​ប្រពៃណី​ដែល​មិន​ប៉ះពាល់​ដល់​បុរាណ​ដ្ឋា​ន​វិញ​។​បន្ទាប់ពី​អ្នកបច្ចេកទេស​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា​ពិគ្រោះ​យោបល់​ឃើញថា សំណង់​ធ្វើ​ពី​បេតុង​ជា​សំណង់​អាច​ប៉ះពាល់​ខ្លាំង​ដល់​បុរាណ​ដ្ឋា​ន ហេ​ដ្ឋា​រចនា​សម្ពន្ធ​សំណង់​បុរាណ​នៅ​ខាងក្រោម​ដី​ដោយ​មិនអាច​រក្សាបាន​នូវ​ស្ថាបត្យកម្ម​ដើម​។​

​រោង​ឧបោសថ​នេះ​បានចាប់ផ្តើម​ជួសជុល​តាំងពី​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០២០​ហើយ​ក្រុមការងារ​កិច្ចការ​វត្ត​អារាម​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​តែង​ចុះ​ពិនិត្យ​ការដ្ឋាន​នោះ​ជាប់​ជានិច្ច​ដើម្បីឱ្យ​ស្របតាម​លក្ខណៈ​បច្ចេកទេស​និង​ប្លង់​ស្ថាបត្យកម្ម​បែប​បុរាណ​ខ្មែរ​។​គិត​មកដល់​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០២០​ការជួសជុល​បាន​រួចរាល់​ប្រមាណ​៧០​ភាគរយ​ហើយ​។


​ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​នៅតែ​បន្ត​ចុះ​ពិនិត្យ​រហូតដល់​ការជួសជុល​បាន​រួចរាល់​១០០​ភាគរយ​។​ព្រះ​តេជគុណ​បាន​អំពាវនាវ​ដល់​វត្ត​អារាម​ទាំងអស់​រាល់​សំណង់​គឺ​សុំ​សាងសង់​ពី​ឈើ​ជំនួស​បេតុង​វិញ​ព្រោះថា​ការអភិរក្ស​មរតក​វប្បធម៌​នេះ​ជា​សម្បត្តិ​វប្បធម៌​នៃ​មនុស្ស​ជំនាន់​មុន​ឱ្យនៅ​បន្ត​រស់​ទៅដល់​អ្នកជំនាន់ក្រោយ​ទៀត​៕S/

​រូបភាព​: អាជ្ញាធរ​ជាតិ​អប្សរា​និង​ព្រះសង្ឃ​សហការគ្នា​ដើម្បី​អភិរក្ស​សំណង់​បេតិកភណ្ឌ​សាសនា​៕​អប្សរា​