​អាជ្ញាធរ​ជំរុញ​ដល់​យុវជន​ត្រូវ​ចូលរួម​ក្នុងការ​អភិរក្ស​និង​អភិវឌ្ឍ​វប្បធម៌​ជាតិ​

81
ចែករម្លែក

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖”​អាជ្ញាធរខេត្ត​ព្រះវិហារ​ជំរុញ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​ពិសេស​ស្រទាប់​យុវជន​ត្រូវ​ចូលរួម​ទទួលខុសត្រូវ​ក្នុងការ​អភិរក្ស​និង​អភិវឌ្ឍ​វប្បធម៌​ជាតិ​។​ដើម្បី​លើកស្ទួយ​វប្បធម៌​ចម្រុះ​របស់​កម្ពុជា​ឱ្យទទួល​បាន​នូវ​វឌ្ឍនភាព​និង​ប្រកបដោយ​និរន្តរភាព​”​។​

​លោកស្រី​ចឹក​ហេង​អភិបាលរង​ខេត្តព្រះវិហារ​បាន​មានប្រសាសន៍​នៅក្នុង​ពេលដែល​លោកស្រី​បាន​អញ្ជើញ​ជា​អធិបតី​ក្នុងការ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​២២​ទិវា​វប្បធម៌​ជាតិ​៣​មីនាឆ្នាំ​២០២០​ក្រោម​ប្រធានបទ​“​យុវជន​ដើម្បី​វប្បធម៌​ជាតិ​”​។​ពិធី​នេះ​បានធ្វើ​ឡើង​នៅ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​១៧​មីនាឆ្នាំ​២០២០​។​ដោយមាន​ការចូលរួម​ពី​មន្ត្រីខេត្ត​ក្រុមប្រឹក្សា​ខេត្ត​ក្រុង​ស្រុក​ព្រមទាំង​លោក​លោកស្រី​ប្រធាន​-​អនុប្រធាន​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត​លោកគ្រូ​អ្នកគ្រូ​និង​យុវជន​យ៉ាងច្រើន​កុះករ ផង​ទៀត​។​

​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​ញ​ខេត្តព្រះវិហារ លោក នៅ ចាន់​គង់ បានឱ្យដឹងថា ខេត្តព្រះវិហារ មាន​ប្រាសាទបុរាណ ចំនួន ២៨៦​កន្លែង​,​ស្រះ​បុរាណ​១២៨​កន្លែង​,​ទួល​បុរាណ​៨៤​កន្លែង​,​គ្រឹះ​៣១​កន្លែង​, រហាល​២​កន្លែង​,​បឹង​បុរាណ​៦​កន្លែង​,​ស្ពាន​បុរាណ​១០​កន្លែង​,​ឡ​ស្លដែក​២៤​កន្លែង​និង​រមណីយដ្ឋាន​ធម្មជាតិ ៣​កន្លែង ផងដែរ​។​

​លោកស្រី​ចឹក​ហេង​អភិបាលរង​ខេត្តព្រះវិហារ​បាន​មានប្រសាសន៍ថា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​សម្តេច​បានធ្វើឱ្យ​ប្រទេសជាតិ​ទទួលបាន​នូវ​សុខសន្តិភាព​។​ការអភិវឌ្ឍន៍​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​។​លោកស្រី​បាន​បន្តថា​រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​និង​ផ្ដល់​អាទិភាព​ខ្ពស់​ដល់​ការអភិរក្ស​ការពារ​និង​លើក​តម្លៃ​វប្បធម៌​អរិយធម៌​ជាតិ​ស្របតាម​គោលនយោបាយ​វប្បធម៌​របស់​រាជរដ្ឋាភិបាល​។​

​លោកស្រី​ចឹក​ហេង​បាន​ជម្រុញ​ដល់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​អ្នកពាក់ព័ន្ធ​ទាំងអស់​ពិសេស​យុវជន​ដែលជា​ទំពាំង​ស្នង​ឬ​ស្សី​ត្រូវ​រួមគ្នា​ទទួលខុសត្រូវ​ក្នុងការ​អភិរក្ស​និង​អភិវឌ្ឍ​វប្បធម៌​ជាតិ​ដើម្បី​លើកស្ទួយ​វប្បធម៌​ចម្រុះ របស់​កម្ពុជា​យើង​ឱ្យទទួល​បាន​នូវ​វឌ្ឍនភាព និង​ប្រកបដោយ​និរន្តរភាព ជា​និរន្ត​ន៍​៕S/​