​អាជ្ញាធរ​ទុកពេល​មួយខែ​សម្រាប់​វត្ត​គិរី​ឱសថ​ទឹក​ជប់​ក្នុង​ការរុះរើ​សំណង់​ខុស​រចនាបថ​ខ្មែរ​

7771

(​កំពត​)៖​វត្ត​គិរី​ឱសថ​ទឹក​ជប់​មាន​ទីតាំង​នៅលើ​ភ្នំ​តូច​មួយ​ស្ថិត​ក្នុងភូមិ​ស្នំ​ប្រាំពីរ ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ ខេត្តកំពត​។ ទី​អារាម​នេះ​មាន​អធិករណ៍​ជា​ញឹកញយ ព្រមទាំង​បាន និង​កំពុង​បង្កើត​សមិទ្ធផល​មួយចំនួន​ខុសពី​រចនាបថ​ខ្មែរ​។ ផ្តើមចេញពី​បញ្ហា​នេះ ទើប​អាជ្ញាធរ​តម្រូវឱ្យ​ធ្វើការ​កែលម្អ​ឡើងវិញ​ដោយ​ទុក​រយៈពេល​មួយខែ​ក្នុងការ​កែសម្រួល​។​

​លោក​ង៉ែត សាវឿន នាយករង​រដ្ឋបាលខេត្ត​កំពត​បាន​ប្រាប់​ឱ្យដឹងថា​យោង​លិខិត​របស់​មន្ទីរជំនាញ​ដាក់ចូល​រដ្ឋបាល​ខេត្តកំពត និង​របាយការណ៍​ផ្ញើ​ជូនទៅ​ក្រសួង​វប្បធម៌​ស្តីពី​សមិទ្ធផល​មួយចំនួន​ដែល​បាន​កើតឡើង​ក្នុង​ទី​អារាម​វត្ត​គិរី​ឱសថ​ទឹក​ជប់​មាន​ភាពមិនប្រក្រតី កាលពី​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧ កិច្ចប្រជុំ​រក​ដំណោះស្រាយ​មួយ​បាន​ធ្វើឡើង​។

ដោយ​ស្ថិតក្រោម​អធិបតីភាព​លោក​ផ្លោក ផន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អង្គប្រជុំ​បានសម្រេច​ប្រ​កេ​ន និង​ឱ្យ​ព្រះចៅអធិការ ព្រមទាំង​គណៈកម្មការ​វត្ត​កែសម្រួល​នូវ​បញ្ហា​កំហុសឆ្គង​មួយចំនួន រួមមាន ត្រូវ​រុះរើ​ដំបូល​ប្រាសាទ​ដោយ​ប្រើប្រាស់​រចនាបថ​ខ្មែរ​វិញ​។

ចំណែក​បង្អួច​ទាំង​ប្រាំបី​ទិស​ដែលមាន​រូបរាង​ជា​បេះដូង​ត្រូវ​កែសម្រួល​រាង​ជា​ចតុកោណកែង​វិញ​។ លោក​នាយករង​រដ្ឋ​បាន​បាន​បន្តទៀតថា​ជាមួយគ្នា​នោះ​រូបសំណាក​សត្វ​នាគ​មួយគូ​ដែល​បាន​ស្ថាបនា​ជា​រចនាបថ​ចិន​ដាក់​នៅមុខ​ប្រាសាទ​ត្រូវតែ​យកចេញ​។ រីឯ​រូបសំណាក​ព្រះពុទ្ធ​ដែល​ធ្វើ​ពី​ថ្មភក់​ដោយមាន​ដៃ​ដាក់​លើ​ទ្រូង​ត្រូវ​យកចេញ​ពីលើ​ជញ្ជាំង​ប្រាសាទ​ទាំងអស់​។

លោក​ង៉ែត សាវឿន​បានបញ្ជាក់​ទៀតថា​រាល់​ការសម្រេច​ទាំងនេះ គណៈកម្មការ​ខេត្ត​ទុក​រយៈពេល​មួយខែ​ក្នុងការ​កែសម្រួល ហើយ​រាល់​ការសាងសង់​បន្ត​ត្រូវ​ស្ថិតក្រោម​ការត្រួត​ពិ​ត្យ​រចនាបថ​ពី​មន្ត្រី​នៃ​មន្ទី​វប្បធម៌ និង​មន្ទីរ​ធម្មការ​ខេត្ត​។ ចំពោះ​បញ្ហា​អធិករណ៍​ក្នុង​វត្ត​គិរី​ឱសថ​ទឹក​ជប់​ដដែល​នេះ អង្គ​ប្រជុំបាន​ប្រគល់ជូន​គណៈសង្ឃ​ខេត្តកំពត​ធ្វើការ​សម្របសម្រួល និង​ដោះស្រាយ​។​

សូមបញ្ជាក់ថា​វត្ត​គិរី​ឱសថ​ទឹក​ជប់​តែង​កើតឡើង​នូវ​រឿងអាស្រូវ​ជា​បន្តបន្ទាប់ ដូចជា ករណី​អធិករណ៍​រវាង​សង់ និង​សង្ឃ គណៈកម្មការ ព្រមទាំង​ធ្លាប់មាន​ករណី​មក​រៀបចំ​សែនព្រេន​លួចលាក់​របស់​អ្នក​ចម្ងាយ​។​ក្នុងនោះ​ត្រូវ​ប្រពន្ធ​នៃ​ភាគី​កូន​ក​ម្លោះ​តាម​ទាន់​បង្ក​ភាពចលាចល​ជាដើម​យ៉ាងណាមិញ ការសាងសង់​សំណង់​ប្រាសាទ​ខុស​រចនាបទ​ខ្មែរ​នោះ មន្ត្រី​នៃ​មន្ទីរ​វប្បធម៌​បាន​ណែនាំ​ជាច្រើនលើក​មកហើយ ។​

ប៉ុន្តែ​សកម្មភាព​បាន​បន្ត​ហាក់ដូចជា​ផ្គើន​ចំពោះ​សមត្ថកិច្ច​ក្នុង​ដែន​ជំនាញ​តែម្តង​។ ចំណុច​នេះ​មានការ​បង្ហើប​ប្រាប់​ក្នុង​លក្ខខណ្ឌ​សូម​មិន​បញ្ចេញ​ឈ្មោះថា​ទី​អារាម​គិរី​ឱសថ​ទឹក​ជប់​មាន​អ្នក​រង់ចាំ​អន្តរាគមន៍​ក្នុងករណី​រឿងរ៉ាវ​មិន​ប្រក្រតី​កើតឡើង​៕S/ ដោយ​៖​បូកគោ​

​អាជ្ញាធរ​ទុកពេល​មួយខែ​សម្រាប់​វត្ត​គិរី​ឱសថ​ទឹក​ជប់​ក្នុង​ការរុះរើ​សំណង់​ខុស​រចនាបថ​ខ្មែរ​