​អាជ្ញាធរ​ប្រើពេល១៥​ម៉ោងទម្រាំ​ស្ទូច​រថយន្ត​ចេញពី​ប្រឡាយៈ​លទ្ធផល​ស្លាប់​ពីរ​នាក់​

896
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​អាជ្ញាធរ​ខណ្ឌ​ខណ្ឌ​ច្បារអំពៅ​បាន​ប្រើពេលជាច្រើនម៉ោង​ទើប​អាច​រើ​យក​ដែក​ស្ទូច​ដែល​ធ្លាក់​ប្រឡាយ​កាលពី​ថ្ងៃទី​១០ ខែមេសា រហូតដល់​ម៉ោងជាង​២​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​១១ ខែមេសា​ឆ្នាំ​២០១៨ នេះ ទើប​អាច​សម្រេច​ការងារ​បាន​បាន​ជោគជ័យ​។ករណីនេះ​មាន​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​។

​ព័ត៌មាន​បានឱ្យដឹងថា​តាម​សភាព​សព​ជនរងគ្រោះ​ទំនងជា​ស្លាប់​ដោយសារ​ថ​ប់ង្ហើម​ក្នុង​ប្រឡាយ​ព្រោះ​ត្រូវ​រថយន្ត​ក្រឡាប់ ចាក់​ដែក​រាប់​តោន ហើយ​ជនរងគ្រោះ គ្មាន​វិធី​ណា​ដែល​អាច​ចេញ​បាន រហូត​ស្លាប់​តែម្តង​។ ព្រោះ​ទម្រាំ​ស្ទូច​រថយន្ត​ចេញពី​ប្រឡាយ​បាន គឺ​រង់ចាំ​ខាង​ក្រុមហ៊ុន​រើ​ដែក​ចេញ​អស់ ប្រើពេល​ប្រហែល​១៥​ម៉ោង ។

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា​ជនរ​ង​គ្រោះ​ឈ្មោះ ខាត់ ស្រី​ម៉ិច អាយុ​១៩​ឆ្នាំ ភេទ​ស្រី ទីកន្លែង​កំណើត ឃុំ​ទៀន ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៥៤ ផ្លូវ​២០A ភូមិ​ថ្មី សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​និង​ឈ្មោះ ឈួន សុវណ្ណ​មុន្នី អាយុ ១៨​ឆ្នាំ ភេទ​ប្រុស ទីកន្លែង​កំណើត ឃុំ​បារគូ ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្ដាល ទីលំនៅ​បច្ចុប្បន្ន ភូមិ​ត្បូង​ក្តី ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល ។​

​គួរ​បញ្ជាក់ថា​គ្រោះថ្នាក់​ចរាចរ​មួយ​នៅលើ​កំណាត់​ផ្លូវ ថៃ​ហ្គ័​រ រវាង​រថយន្ត​ដឹក​ដែក និង​ម៉ូតូ កើតឡើង​កាលពី​​ម៉ោង​១២ និង​២០​នាទី ថ្ងៃត្រង់​ទី​១០ ខែមេសា ឆ្នាំ​២០១៨ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ។ ភាគី​រថយន្ត​ជា​ប្រភេទ​រថយន្ត​ធុន​ធំ​ដឹក​ដែក​យ៉ាង​ច្រើនសន្ធឹក សន្ធាប់ បាន​ក្រឡាប់​ធ្លាក់​ប្រឡាយ​ស្ទើរ​ខ្ទេច​រថយន្ត​ទាំងស្រុង ។

ប៉ុន្តែ​តៃកុង​រងរបួស​តិចតួច​ប៉ុណ្ណោះ ។ រីឯ​ភាគី​ខាង ម៉ូតូ មាន​គ្នា​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សង់​សេ​១២៥ ពាក់​ផ្លាកលេខ​ភ្នំពេញ 1CB-5769 ។ ភ្លាមៗ​គេ​បានឃើញ​សព​ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់ទៀត​នៅ​កប់​ក្រោម​រថយន្ត​ក្នុង​ប្រឡាយទឹក ។

​សាក្សី​និយាយថា​រថយន្ត និង​ម៉ូតូ ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ដោយ​រថយន្ត​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន​។ ខណៈ​មកដល់​ចំណុចកើតហេតុ ភាគី​ខាង​ម៉ូតូ​បាន​វ៉ា​រថយន្ត​មួយគ្រឿង​តែ​មិនទាន់​ផុត ក៏​បុក​ជាមួយ​រថយន្ត​ដឹក​ដែក​តែម្តង ។​បច្ចុប្បន្ន​សព​តម្កល់​នៅ​វត្ត​ទឹកថ្លា រីឯ​យានយន្ត រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ៕S/មន