​អាជ្ញាធរ​ផ្អាក​សកម្មភាព​ការដ្ឋាន​ជួសជុល​ទូក​នេសាទ​មួយកន្លែង​ព្រោះ​គ្មាន​ច្បាប់​

799
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​កាលពី​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៨​រដ្ឋបាលខេត្ត​ព្រះសីហនុ​ដឹកនាំ​ដោយ​លោកស្រី​ហៀក​ហ៊ី​មុ​ល្លី​អភិបាលរង​ខេត្ត​ព្រះសីហនុ​បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​អ៊ូ​ទូក​មួយកន្លែង​នៅ​ឃុំ​ទំនប់រលក​ស្រុក​ស្ទឹងហាវ​ដែល​សង្ស័យ​អត់​ច្បាប់​។​

​ម្ចាស់​ការដ្ឋាន​អះអាងថា សម្រាប់​បច្ចេកទេស​ក្នុងការ​រៀបចំ​ដាក់​ដែក​រ៉ៃ​នៅ​បាតដី​ក្នុង​ទឹកសមុទ្រ ហើយ​បញ្ហា​ចាក់ដី​ចូលក្នុង​ទឹក​បែបនេះ​ក៏បាន​ទទួលរង​នូវ​ការរិះគន់​ជា​បន្តបន្ទាប់​។​នៅក្នុង​បទសម្ភាសន៍​ជាមួយ​បណ្តាញ​ផ្សព្វផ្សាយ លោកស្រី​ហៀក ហ៊ី​មុ​ល្លី​ថ្លែងថា “​តាម​គោលការណ៍​របស់​ឯកឧត្តម​យន្ត មីន​អភិបាលខេត្ត​ព្រះសីហនុ​រដ្ឋបាលខេត្ត​បានសម្រេច​ឱ្យ​ម្ចាស់​ការដ្ឋាន​កាយ​យក​ដី​ដែល​ចាក់​ចូល​សមុទ្រ​ក្នុង​ការដ្ឋាន​នេះ​ចេញ​វិញ​សិន​”​។រួច​តម្រូវឱ្យ​ម្ចាស់​ការដ្ឋាន​ស្នើសុំ​ច្បាប់​ជា​ផ្លូវការ​ដោយ​បង្ហាញ​ពី​គំរូ​ប្លង់​ត្រឹមត្រូវ​ដាក់ជូន​ទៅកាន់​អជ្ញាធរ​ខេត្ត​ដើម្បីឱ្យ​ផ្នែក​ជំនាញ​ពាក់​ព​ន្ធ័​ត្រួតពិនិត្យ​សិន​មុន​និង​អនុញ្ញាតឱ្យ​ជួសជុល​អ៊ូ​ទូក​នេះ​បន្តទៀត​។​

​លោកស្រី​អភិបាលរង​ខេត្ត​បញ្ជាក់ថា​ជាគោលការណ៍​រដ្ឋបាលខេត្ត​គាំទ្រ​ឱ្យមាន​កន្លែង​ជួសជុល​ទូក​នេសាទ​(​អ៊ូ​ទូក​)​ក្នុងស្រុក​ស្ទឹងហាវ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​ដែល​យក​ទូក​នេសាទ​មក​ជួសជុល​មិនបាច់​ទៅរក​ការជួសជុល​នៅ​ប្រទេស​ថៃ​ឬ​វៀតណាម​។​ប៉ុន្តែ​ការស្ថាបនា​បន្ថែម​នូវ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ក្នុងការ​រដ្ឋា​ន​អ៊ូ​ទូក​នេះ គប្បី​មានច្បាប់​ត្រឹមត្រូវ​ជាមុនសិន​។

​លោក​ឆាយ​សុគន្ធ​ដា​អភិបាលស្រុក​ស្ទឹងហាវ​ថ្លែងប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ដែរ​ថា​នៅ​ស្រុក​ស្ទឹងហាវ​មាន​ទូក​នេសាទ​ជាង​១​ពាន់​គ្រឿង​។​អ៊ូ​ទូក​នៅ​ឃុំ​ទំនប់រលក​នេះ​បច្ចុប្បន្ន​ចាស់​ទ្រុឌទ្រោម​និង​អាច​ជួសជុល​បានត្រឹមតែ​ទូក​នេសាទ​ចំណុះ​១០​ឬ​២០​តោន​ប៉ុណ្ណោះ​។​ចំណែក​ទូក​ចំណុះ​លើសពីនេះ​ពិសេស​ទូក​នេសាទ​ចំណុះ​៥០​តោន​ទៅ​៧០​តោន​មិនអាច​ឡើង​ជួសជុល​នៅ​អ៊ូ​ទូក​នេះ​បានទេ​គឺ​ត្រូវ​ទៅរក​សេវា​ជួសជុល​នៅ​ប្រទេស​ថៃ​ឬ​ប្រទេស​វៀតណាម​។​

​ស្ថានភាព​បែបនេះ លោក​អភិបាលស្រុក​បញ្ជាក់ថា​លោក​ចង់ឱ្យមាន​កន្លែង​ជួសជុល​ទូក​នៅក្នុង​ស្រុក ដែលមាន​ស្តង់ដារ​ល្អ​មួយ​ស្របច្បាប់​និង​មានការ​ទទួលស្គាល់​ពី​ស្ថាប​ន័​ជំនាញ​ដើម្បី​បំពេញតម្រូវការ​ជូនព​ល​រដ្ឋ​ម្ចាស់​ទូក​នេសាទ​។​ក្រោយ​ការសម្រេច​បែបនេះ​ម្ចាស់​ការដ្ឋាន​អ៊ូ​ទូក​បានឱ្យ​គ្រឿងចក្រ​កាយ​យក​ដី​ដែល​ចាក់​ចូលក្នុង​ទឹក​នោះ​ចេញ​មកវិញ​ជា​បណ្តើ​រហើយ​។​

​ជាមួយនិង​ការផ្អាក​សកម្មភាព​ពង្រីក​ការដ្ឋាន​និង​កំពុង​រៀបចំ​ជា​ច្បាប់ទម្លាប់​ប្លង់គោល​ដើម្បី​ដាក់ជូន​រដ្ឋបាលខេត្ត​និង​ស្ថាប​ន័​ជំនាញ​ពាក់​ព​ន្ធ័​ពិនិត្យ​សម្រេច​សារជាថ្មី​រីឯ​ដំណើរ​ជួសជុល​ទូក​នេសាទ​តូចៗ​នៅ​ដំណើរ​ការធម្មតា​៕S/

​អាជ្ញាធរ​ផ្អាក​សកម្មភាព​ការដ្ឋាន​ជួសជុល​ទូក​នេសាទ​មួយកន្លែង​ព្រោះ​គ្មាន​ច្បាប់​