​អាជ្ញាធរ​ភ្នំពេញ​បាន​បំបាត់​ហើយ​ពាក្យ​ថា​”​ប្រជាពលរដ្ឋ​មករក​ចៅសង្កាត់​ពិបាក​ជាង​រក​រដ្ឋមន្ត្រី​”

349
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​លោក​បានបញ្ជាក់​ឱ្យដឹងថា​នៅក្នុង​អាណត្តិ​នេះ​អាជ្ញាធរ​ភ្នំពេញ​បាន​បំបាត់​ហើយ​ពាក្យ​ថា​”​ប្រជាពលរដ្ឋ​រក​ចៅសង្កាត់​ពិបាក​ជាង​រក​រដ្ឋមន្ត្រី​”​។ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បង្កើត​ក្រុមការងារ​បដិសណ្ឋារកិច្ច​មួយ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ពេលដែល​ពួកគាត់​មាន​បញ្ហា​ត្រូវ​ពឹងពាក់​ចៅសង្កាត់​។​

លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​បែបនេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៩​នេះ ខណៈ​លោក អញ្ជើញ​ទៅធ្វើ​បាឋកថា និង​សំណេះសំណាល ស្តីពី​រចនាសម្ព័ន្ធ​ចាត់តាំង តួនាទី​ភារកិច្ច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​ព្រមទាំង​បទពិសោធន៍​ការងារ​ដល់​យោធា​ចា​រ្យ​នាយទាហាន​នាយទាហានរង​ពលទាហាន​និង​និស្សិត​នាយទាហាន​សកម្ម​ជិត​១​ពាន់​នាក់​នៅ​សាលា​នាយទាហាន​សកម្ម (​ត្មាត​ពង​)​។​

​លោក​អភិបាល​រាជធានី​បាន​បន្តថា​៖​សម្រាប់​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏ដូចជា​នៅតាម​រដ្ឋបាល​ខណ្ឌ​ទាំង​១៤​គឺ​សុទ្ធ​តែមាន​ការិយាល័យ​ច្រកចេញចូល​តែមួយ​ដើម្បី​បំរើសេវា​ឱ្យនៅ​កៀក​ជិត​ជាមួយ​ប្រជាពលរដ្ឋ​។​ចំណែកឯ​នៅ​ថ្នាក់​សង្កាត់​វិញ​គឺ​មិនមាន​ច្រកចេញចូល​តែមួយ​នោះទេ​តែ​យើង​បាន​បង្កើត​ក្រុមការងារ​បដិសណ្ឋារកិច្ច​មួយ​ដើម្បី​ដោះស្រាយ​។​

ក៏ដូចជា​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ​ដែល​ក្រុមការងារ​នេះ​មាន​ចៅ​រង​សង្កាត់​ម្នាក់​ជា​អ្នកប្រចាំការ​ចាំ​ជួប​និង​ដោះស្រាយ​។​ដូច្នេះ​ពាក្យ​ថា​ការរក​ចៅសង្កាត់​ពិបាក​ជាង​រក​រដ្ឋមន្ត្រី បាន​បំបាត់​ហើយ​នៅក្នុង​អាណត្តិ​នេះ​។​

​គួរ​បញ្ជាក់ថា​៖​ក្នុង​ពិធី​នោះដែរ​លោក​ឃួ​ង​ស្រេង​និង​ប្រតិភូ​សាលា​រាជធានី​ភ្នំពេញ​ក៏បាន​នាំនូវ​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ទៅ​ផ្តល់ជូន​នាយទាហាន​ជា​សិក្ខាកាម​។​

ព្រមទាំង​បានផ្តល់​នូវ​ថវិកា​សម្រាប់​កសាង​របង​ប៉ែក​ខាងត្បូង​សាលា​នាយទាហាន​សកម្ម​និង​ទទួលយក​សំណើរ​សុំ​កសាង​អគារ​របស់​នាយក​សាលា​មក​ពិនិត្យ​និង​ពិភាក្សា ដើម្បី​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​ជូន​ពេល​ក្រោយ​៕S/​

#