​អាជ្ញាធរ​ស្នើឱ្យ​គណ​:​អាជីវករ​ផ្សារ​ទាំង​២៣​បង្កើត​បទបញ្ជាផ្ទៃក្នុង​សម្រាប់​ផ្សារ​នីមួយៗ​

679
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​បាន​សំណូមពរ​ដល់​គណ​:​អាជីវក​រទាំង​ចំនួន​២៣​កន្លែង​ធ្វើយ៉ាងណា​ដំបូងបង្អស់​ចាំបាច់​ត្រូវបង្កើត​បទបញ្ជាផ្ទៃក្នុង​នៃ​ផ្សារ​នីមួយៗ​គឺ​ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​មិនត្រូវ​ធ្វើការ​ងារ​តាម​អារម្មណ៍​គឺត្រូវធ្វើ​ការងារ​តាម​ផែនការ​ច្បាស់លាស់​។​

​នៅក្នុង​ការជួបប្រជុំ​ដើម្បី​ត្រួត​ឡើងវិញ​លើ​ការអនុវត្ត​និង​ការគ្រប់គ្រង​ផ្សារ​គ្រប់​ប្រភេទ​នៃ​គណ​:​អាជីវករ​ផ្សារ​សរុប​ជាង ១០០ នាក់ ក្នុង​សាលាខេត្ត​កំពង់ចាម​នៅ​ព្រឹក​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ​២០១៨ គឺ​លោក គួច ចំរើន​បាន​មានប្រសាសន៍ថា​យើង​មាន​ផ្សារ​សរុប​ចំនួន​២៣​ផ្សារ​គឺ​ផ្សារ​មួយចំនួន​បាន​អនុវត្តន៍​របៀបរបប​គ្រប់គ្រង​បែប​គណ​:​អាជីវករ​ផ្សារ តាំងពី​ដើមឆ្នាំ​២០១៨​។

ឯ​ផ្សារ​មួយចំនួន​ទើបបាន​ដំណើរការ​គ្រប់គ្រង​របៀប​ដដែល​នេះ​ក្នុង​កំឡុង​ប៉ុន្មាន​ខែ​នេះ​ដែល​បានធ្វើ​តាមរយ​:​ការបោះឆ្នោត​ចេញពី​សមាជិក​អាជីវករ​ផ្សារ​នីមួយៗ​។​លោក​គួច​ចំរើន​បាន​មានប្រសាសន៍​លើកឡើងថា កត្តា​នេះ សូម​ស្នើ​ដល់​គណ​:​អាជីវករ​ទាំងអស់​ដំបូង​គេ ត្រូវធ្វើ​បទបញ្ជា​ផ្ទៃ គឺ​សំខាន់​ណាស់​។ មាន ន័យ​ថា អង្គភាព ឬ​ក្រុមហ៊ុន​មួយ​មិនអាច​ខ្វះ ឬ​អត់​មាន​បទបញ្ជាផ្ទៃក្នុង​បានទេ​។

វា​(​បទបញ្ជាផ្ទៃក្នុង​)​ជា​ម៉ែត្រ​សម្រាប់​វាស់ កំណត់ ពី​ការបែងចែក​តួនាទី ប្រធាន អនុប្រធាន សមាជិក​តាម​ផ្នែក​នីមួយៗ​ឲ្យ​បានច្បាស់លាស់​។​បទបញ្ជាផ្ទៃក្នុង​នេះ​ទៀតសោត​គឺ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការគ្រប់គ្រង​តាមបែប​ប្រជាធិបតេយ្យ​ថ្នាក់ដឹកនាំ​ជ្រើសរើស​ចេញពី​ការបោះឆ្នោត​ត្រឹមត្រូវ​។​

​លោក​អភិបាលខេត្ត​បានលើកឡើង​ទៀតថា​ដូច្នេះ​បងប្អូន​គណ​:​អាជីវករ​ផ្សារ​ទាំងអស់​ត្រូវយក​ចិត្ត​ទុកដាក់​បញ្ហា​នេះ​គឺ​បង្កើត​ឲ្យ​មានដូចជា​របប​ប្រជុំ​ទៀងទាត់​ឬក៏​ការកំណត់​បញ្ហា​ចំណូល​ចំណាយ​ច្បាស់លាស់ និង​តម្លាភាព​។ ជាពិសេស​កុំ ធ្វើ​ការងារ​គ្រប់គ្រង​តាម​អារម្មណ៍ គឺត្រូវធ្វើ​ការងារ​តាម​ផែនការ ដែល​ជាប់​ពាក់ព័ន្ធ​នឹង ការបង្កើត​ឲ្យ​មាន​បទបញ្ជាផ្ទៃក្នុង​នេះឯង​។​

​អ្នកស្រី ឡុង ឆៃ​អ៊ី ប្រធាន​គណ​:​អាជីវករ​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម បាន​ឲ្យ​ដឹង​ដែរ​ថា ផ្សា​របឹង​កុក ដែលមាន​សមាភាព​គណ​:​អាជីវករ​ផ្សារ​សរុប​ចំនួន ប្រាំបួន រូប គឺ​យើង​បានសម្រេច​បង្កើត​បទបញ្ជា​ផ្ទៃ តាំងពី​ចូល​គ្រប់គ្រង​ចំនួន ប្រាំ​ខែ​មុននេះ​រួចហើយ​។ ដោយ​ដំណើរ​គ្រប់គ្រង​បាន​ប្រព្រឹត្ត​យ៉ាង​រលូន ក្នុងការ​អនុវត្តន៍​ជាក់ស្តែង គោរព​តាម​បទបញ្ជា​ផ្ទៃ​ដែល​បាន​បង្កើតឡើង​នោះ​។​

​គួរ​បញ្ជាក់ថា ផ្សា​រទាំង​ចំនួន ២៣ នៅ​ខេត្តកំពង់ចាម​បាន​ដំណើរការ​អនុវត្ត របប​គ្រប់គ្រង​តាមបែប គណ​:​អាជីវករ​ផ្សារ តាមរយ​:​ការបោះឆ្នោត​ជ្រើសរើស​គណ​:​អាជីវករ ចេញពី​ក្រុមអាជីវករ​ផ្សារ​នីមួយៗ តាំងពី​ដើមឆ្នាំ​២០១៨​។ ប៉ុន្តែ​កាលនោះ​ផ្សារ​មួយចំនួន​បាន​អនុវត្តន៍​គ្រប់គ្រង និង​នៅមាន​ផ្សារ​មួយចំនួន នៅជាប់​អាណត្តិ របស់​ក្រុមហ៊ុន​វិនិយោគ គឺ​ទើបបាន​អនុវត្តន៍​នៅ​ប៉ុន្មាន​ខែ​នេះ​៕S/

​អាជ្ញាធរ​ស្នើឱ្យ​គណ​:​អាជីវករ​ផ្សារ​ទាំង​២៣​បង្កើត​បទបញ្ជាផ្ទៃក្នុង​សម្រាប់​ផ្សារ​នីមួយៗ​