​អាជ្ញាធរ​ស្រុក​មោង​ឬ​ស្សី​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ទឹក​សន្សំសំចៃ​

597
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​អាជ្ញាធរ​ស្រុក​មោង​ឬ​ស្សី​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ប្រើប្រាស់​ទឹក​ឱ្យបាន​ត្រឹមត្រូវ​ដោយ​វ​រក្សា​ទឹក​ក្នុង​ស្រះ​បឹងបួរ​ឱ្យ​ល្អ​ជៀសវាង​ការ​បាច​បូម​យក​ត្រី​បង្ក​ដល់​ខូច​ទឹក​ព្រោះ​រដូវប្រាំង​ឆ្នាំនេះ​អូសបន្លាយ​ពេល​យូរ​អាច​ប្រឈម​ការខ្វះខាត​ទឹក​។​

​លោក​ទេព​ហន​អភិបាលស្រុក​មោង​ឬ​ស្សី​កាលពី​ថ្ងៃទី​3​ខែកុម្ភៈ​ឆ្នាំ​2019​នេះ​បានប្រកាស​និង​ជូនដំណឹង​ជា​សាធារណ​:​ពិសេស​លើ​មូលដ្ឋាន​របស់ខ្លួន​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ក្នុង​តំបន់​ទីប្រជុំជន​។ក៏ដូចជា​ក្រៅ​ទីប្រជុំជន​ទាំងអស់​ប្រើប្រាស់​ទឹក​ម៉ាស៊ីន​ក្តី​ទឹកស្រះ​បឹងបួរ​ក្តី​ឱ្យបាន​ត្រឹមត្រូវ​សមស្រប​ក្នុង​លក្ខណៈ​សន្សំសំចៃ​ជៀសវៀង​ការស្រោចស្រព​ដំណាំ​នានា​ដែល​មិនសូវ​ចាំបាច់។​ពិសេស​នោះ​ការ​បូម​បាច​យក​ត្រី​បង្ក​ឱ្យ​កខ្វក់​ឬ​ខូច​ទឹក​ប្រើប្រាស់​លែង​បាន​ប្រឈម​នឹង​ការខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​។​

​លោក​អភិបាលស្រុក​បាន​បន្តថា​បច្ចុប្បន្ន​ប្រភព​ទឹកធំៗ​ដែល​ផ្គត់ផ្គង់​បម្រើការ​ប្រើប្រាស់​ទូទាំង​ស្រុក​រួមមាន​ស្ទឹង​មោង​ឬ​ស្សី​បឹង​ក្នុង​ឃុំ​បាសាក់​រួមទាំង​ប្រភពទឹក​មួយចំនួនទៀត​ក្នុង​ឃុំ​ព្រែកជីក​ផងដែរ​ត្រូវបាន​គោក​រាក់​និង​រីង​ហួត​យ៉ាងខ្លាំង​ខុសពី​ធម្មតា​។​កត្តា​នេះ​បាន​ជំរុញឲ្យ​អាជ្ញាធរ​ស្រុក​រួមជាមួយ​មន្ទីរ​ធន​ធាន​ទឹក​ខេត្ត​គិតគូ​រចុះ​ដោះស្រាយ​ហើយនឹង​ពិនិត្យ​លទ្ធភាព​តាម​ដែល​អាចធ្វើ​ទៅបាន​ក្នុងការ​ទាញយក​ទឹក​មកអោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​ពី​អាង​ស្តុក​ទឹក​ក​ង្ហ​តរបស់​ស្រុក​បាណន់​។​

ជាមួយគ្នានេះ​អាជ្ញាធរ​ស្រុក​មោង​ឬ​ស្សី​ក៏បាន​ចេញ​សេចក្តីជូនដំណឹង​រួចហើយ​ដែរ​ទៅដល់​បណ្តា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​មូលដ្ឋាន​ឱ្យ​បង្កើន​អាង​ស្តុក​ទឹក​បន្ថែមទៀត​ដើម្បី​រក្សា​និង​តម្កល់​ទឹក​សម្រាប់​បម្រើការ​ចែកចាយ​ទឹក​ឱ្យបាន​គ្រប់គ្រាន់​ទៅដល់​អតិថិជន​ព្រោះ​រដូវប្រាំង​ឆ្នាំនេះ​បានអូសបន្លាយ​ពេលវេលា​យូរ​។​

ដូចគ្នានេះ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបង​ក៏បាន​កត់សម្គាល់​និង​បារម្ភ​ផងដែរ​ចំពោះ​ប្រភពទឹក​ដ៏​ធំ​មួយទៀត​របស់​ខេត្ត​គឺ​អាង​ស្តុក​ទឹក​កំពីងពួយ​មានលទ្ធភាព​ស្រោចស្រព​លើ​ដំណាំ​ស្រូវ​រដូវប្រាំង​របស់​ប្រជាកសិករ​បង្កបង្កើនផល​ត្រឹម​ផ្ទៃដី​៨.៩៥០​ហិកតា​ប៉ុណ្ណោះ​។​

​ប៉ុន្តែ​ជាក់ស្តែង​ប្រព​ន្ធ័​ធារាសាស្ត្រ​ខាងលើនេះ​ត្រូវ​ប្រជាកសិករ​បាន​ទាញយក​ទឹក​មក​ស្រោចស្រព​ស្រូវ​រដូវប្រាំង​រហូតដល់​ផ្ទៃដី​១១.២០០​ហិកតា​។​ដោយឡែក​អាង​ស្តុក​ទឹក​ដ៏​ធំ​មិនចេះ​រីងស្ងួត​មួយទៀត​គឺ​ប្រភព​ទឹកស្ទឹង​សង្កែ​បច្ចុប្បន្ន​ក៏​កំពុង​រីង​រាក់​កាន់តែខ្លាំង​ទៅៗ​ផងដែរ​៕S/