​អាជ្ញាធរ​ស្រុក​ស្វាយ​លើ​ចាប់ផ្ដើម​រុះរើ​តូប​ដែល​ដាក់តាំង​លក់ដូរ​នៅ​លើដី​ចំណីផ្លូ

593
ចែករម្លែក

​ដោយ​បាយ័ន​/​សៀមរាបៈ អាជ្ញាធរ​ស្រុក​ស្វាយ​លើ​រួម​នឹង​សមត្ថកិច្ច​កម្លាំងចម្រុះ​ចាប់ផ្ដើម​រុះរើ​តូប ដែល​ដាក់តាំង​លក់ដូរ​នៅលើ​ដី​ចំណីផ្លូវ​ក្នុងស្រុក នៃ​តំបន់​ផ្សារ​ស្វាយ​លើ​ចាស់ ស្ថិតក្នុង​ភូមិ​ស្វាយ​លើ ឃុំ​ស្វាយ​លើ​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​។​

ដើម្បី​ធានា​ឱ្យបាន​នូវ​សុខ​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សាធារណ​:​តាម​ដងផ្លូវ​។​ការចុះ​រុះរើ​និង​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ជុំវិញ​តំបន់​ផ្សារ​ស្វាយ​សើ​ចាស់​នេះ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៩​។​

​លោក​សាត​ពៅ​អភិបាលរង​ស្រុក​ស្វាយ​លើ​បាន​និយាយថា​នេះ​គឺជា​ថ្ងៃ​ឱសានវាទ​សម្រាប់​ការរៀបចំ​សណ្តាប់ធ្នាប់​នៅតាម​ដងផ្លូវ​ជាតិ​ក្នុងស្រុក​នៃ​តំបន់​ផ្សារ​ស្វាយ​លើ​ចាស់​ដែល​អាជ្ញាធរ​ស្រុក​បាន​ជូនដំណឹង​ដល់​ពួកគាត់​អស់​រយៈពេល​ជិត​មួយខែ​មកហើយ​នោះ ព្រឹក​នេះ​អាជ្ញាធរ​ស្រុក​ស្វាយ​លើ បានចាប់ផ្ដើម​ធ្វើការ​រុះ​រើ​តូប​របស់​បងប្អូន​អាជីវករ ដែល​បាន​ដាក់តាំង​លក់ដូរ​នៅលើ​ដី​ចំណីផ្លូវ ។

​លោក​បាន​បន្តថា​ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុខ​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សាធារណ​:​តាម​ដងផ្លូវ​សាធារណ​:​យើងទាំងអស់គ្នា​ត្រូវ​ចូល​រូ​ម​សហការគ្នា​បញ្ចៀស​នូវ​ការកកស្ទះ​ចរាចរណ៍​ក្នុងការ​ធ្វើដំណើរ​ទៅមក​និង​បញ្ចៀស​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ​។​

ជាពិសេស​នៅក្នុង​តំបន់​ផ្សារ​ស្វាយ​លើ​ចាស់​ក្នុងស្រុក​ស្វាយ​លើ​យើង​នេះ ខណៈ​កន្លងមក មាន​បងប្អូន​អាជីវករ​មួយចំនួន បានដាក់​តាំង​លក់ដូរ​នៅតាម​ចិញ្ចើមផ្លូវ បាន​នឹង​កំពុង​ប្រឈម​ទៅនឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ។​

​លោក​អភិបាលរង​ស្រុក​បាន​បន្តទៀតថា​ប្រសិនបើ​បងប្អូន​អាជីវក​រណា​មិនមាន​តូប​លក់ដូរ​នៅក្នុង​ផ្សារ​ចាស់​នេះ​ទេ បងប្អូន​អាច​ទៅ​លក់ដូរ​នៅ​ផ្សារ​ថ្មី​បាន គឺ​ផ្សារ​រស្មី​ហេង​មករា​ផ្សារ​ស្រុក​ស្វាយ​លើ ដែល​កន្លែង​នោះ​ប្រកបទៅដោយ​ផាសុកភាព​មាន​អនាម័យ​ល្អ​មាន​សណ្តាប់ធ្នាប់​ក្នុងការ​ធ្វើចរាចរ​ណ៏​របស់​ប្រជាពលរដ្ឋ​ផងដែរ ៕S/

​រូបភាពៈ អាជ្ញាធរ​ស្រុក​ស្វាយ​លើ ចាប់ផ្ដើម​ធ្វើការ​រុះរើ​តូប​ដែល​ដាក់តាំង​លក់ដូរ​នៅលើ​ដី​ចំណីផ្លូវ​
​នៃ​តំបន់​ផ្សារ​ចាស់​៕​បាយ័ន​