​អាជ្ញាធរ​អប្សរា​បិទផ្លូវ​មិនឱ្យ​រថយន្ត​ចុះឡើង​ភ្នំ​គូលែន​បន្ទាប់ពី​មាន​គ្រោះថ្នាក់​២​ករណី

353
ចែករម្លែក

ដោយ​បាយ័ន​/​ខេត្តសៀមរាបៈ​អាជ្ញាធរ​ជាតិ​អប្សរា​បានចេញ​សេចក្ដីជូនដំណឹង​មួយ​ស្ដីពី​ការបិទ​ចរាចរណ៍​ទាំងស្រុង​លើផ្លូវ​ខ្នងភ្នំ​គូលែន​ពី​ផ្លូវ​ឡើង​ស្រុក​ស្វាយ​លើ​ដល់​ភូមិ​តា​ពេញ​។​តាមរយៈ​ការប្រជុំ​ពិភាក្សា​និង​ការចុះពិនិត្យ​ជាក់ស្ដែង​ស្ដីពី​បញ្ហា​ប្រឈម​គ្រោះថ្នាក់​នៃ​ការធ្វើ​ចរាចរណ៍​លើផ្លូវ​កំពុង​ស្ថាបនា​លើ​ខ្នងភ្នំ​គូលែន​។​

​ការប្រកាស​បិទ​ចរាច​រណ៍​នេះ​បន្ទាប់ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​រអិល​ធ្លាក់​ពីលើ​ផ្លូវ​ចំណោទ​ចុះ​ពីលើ​ភ្នំ​ចំនួន​២​ករណី​ជាប់ៗ​គ្នា​បណ្តាលឱ្យ​ជនបរទេស​២​នាក់​ស្លាប់​និង​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​ជាង​២០​នាក់​របួសធ្ងន់​និង​ស្រាល​។​ការបិទ​ចរាចរ​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ហង់​ពៅ​អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ការសម្រេច​បិទផ្លូវ​នេះ​គឺ​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ​បាន​ឯកភាពគ្នា​ដែលមាន​សមាសភាព​មក​ពី​សាលាខេត្ត​សៀមរាប​មន្ទី​រ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប​មន្ទីរ​បរិ​ស្ថាន​ខេត្តសៀមរាប​មន្ទីរ​ទេស​ចរណ៍​ខេត្តសៀមរាប នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស និង​គម្រោង​អន្តរ​វិស័យ​អាជ្ញាធរ​ជាតិ​អប្សរា សាលាស្រុក​ស្វាយ​លើ​។​

​សេចក្តីជូនដំណឹង​នោះបាន​បញ្ជាក់ដែរថា​ដោយបាន​សង្កេតឃើញថា​មាន​ផ្នែក​មួយចំនួន​នៃ​ផ្លូវ​មិនទាន់មាន​សុវត្ថិភាព​ក្នុង​ការធ្វើ​ចរាចរណ៍​នៅឡើយ​។​ទីតាំង​មួយចំនួន​នៅមាន​គ្រាប់​គ្រួស​ដែល​អាច​បណ្ដាល​ឲ្យ​រថយន្ត​ក្នុងស្ថានភាព​ចុះ​ចំណោទ​ងាយ​រអិល​ចំណុច​បទ​ក​កោង​មួយចំនួនទៀត​មាន​សភាព​តូចចង្អៀត​និង​មិនទាន់​បានធ្វើ​ជម្រាល​សុ​វត្ថ​ភាព​នៅឡើយ​ជាដើម​។​ល​។

​សូមបញ្ជាក់ថា កំណាត់​ផ្លូវ​ខាងលើ​គឺ​កសាង​ដោយ​ក្រុមហ៊ុន ទ្រី ភាព​គ្រុប​ដែល​ត​ភ្ជាប់​ពី​ស្រុក​ស្វាយ​លើ ឡើង​មកដល់​ខ្នងភ្នំ​គូលែន​ដោយ​ឆ្លងកាត់​ផ្លូវ​បទ​បែប​ដែល​មិនទាន់​រៀបរយ​ដែលជា​ហេតុ​ធ្វើឱ្យ​ងាយ​គ្រោះថ្នាក់​បំផុត​ថែម​ទៀតផង​។​ប៉ុន្តែ​គេ​មិនដឹងថា​ហេតុអ្វី​បានជា​បណ្តោយឱ្យ​មានការ​បើកបរ​ឆ្លងកាត់​បែបនេះ​?

គួរ​រំលឹក​ដែរ​ថា​កាលពី​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៩​មាន​រថយន្ត​ដឹក​អ្នកដំណើរ​មួយគ្រឿង​បាន​ក្រឡាប់​ជាច្រើន​ត្រឡប់​បណ្តាលឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា រងគ្រោះ​ស្រាល​ធ្ងន់​ចំនួន​១២​នាក់​។​នៅ​ថ្ងៃទី​២១ ខែកក្កដា​ឆ្នាំ​២០១៩​មាន​រថយន្ត​មួយគ្រឿង​ទៀត​ដឹក​ភ្ញៀវ​បរទេស​ជនជាតិ​ចិន​ធ្វើដំណើរ​ចុះ​ពីលើ​ភ្នំ​។​

​ក្រឡាប់​ជាច្រើន​ត្រឡប់​បណ្តាលឱ្យ​ជនជាតិ​ចិន​ចំនួន​២​នាក់​បាន​ស្លាប់​នៅនឹងកន្លែង​និង​១១​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​និង​ស្រាល​។​ករណីនេះ​ហើយ​ទើប​អាជ្ញាធរ​អប្សរា​សម្រេច​បិទផ្លូវ​នេះ​ទាំងស្រុង​មិនឱ្យ​រថយន្ត​បើកបរ​ឆ្លងកាត់​ឡើយ​៕S/​