​អាជ្ញាធរ​អំពាវនាវ​ពលរដ្ឋ​ឱ្យ​នាំគ្នា​បន្ត​ពិសា​សាច់ជ្រូក​ដើម្បី​បញ្ចៀស​នូវ​វិបត្តិ​សេដ្ឋកិច្ច​

150
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​អភិបាលខេត្ត​កំពត​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​សិស្ស​និស្សិត​ទូទាំង​ខេត្ត​នាំគ្នា​បន្ត​ពិសា​សាច់ជ្រូក​ដើម្បី​បញ្ចៀស​នូវ​វិបត្តិ​នៃ​ចំណូល​សេដ្ឋកិច្ច​សម្រាប់​កសិករ និង​អាជីវ​រករ​ដោយសារ​ការជឿ​ពាក្យ​ច​ចាម​អារាម​ពាក់ព័ន្ធ​នឹង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។​

​ក្នុង​ពិធី​ជួបជុំ​នា​បរិវេណ​រង្វង់​មូល​រូបសំណាក​ផ្លែ​ទុរេន​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៩​ដើម្បី​បញ្ជ្រាប​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​លោក​ជាវ​តា​យ​បាន​មានប្រសាសន៍ថា​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ជា​ជំងឺឆ្លង​ពី​សត្វ​ជ្រូក​ដែលមាន​ជំងឺ​ទៅ​ជ្រូក​ដទៃទៀត​។​បណ្តាលឱ្យ​ពពួក​សត្វចតុបាទ​នេះ​ងាប់​យ៉ាង​ឆាប់រហ័ស​។​

ប៉ុន្តែ​មេរោគ​នេះ​មិន​ចម្លង​ដល់​មនុស្ស​ទេ​។​ហេតុផល​ដែល​មន្ត្រី​ជំនាញ​ហាមឃាត់​ក្នុង​ការនាំ​សត្វ​ឬ​សាច់ជ្រូក​ផ្ទុកមេរោគ​ប៉េស្ត​ជ្រូក​អា​ហ្វិ​ក​ឆ្លងកាត់​ក៏​ព្រោះតែ​បង្ការ​នូវ​ការចម្លង​ទៅ​សត្វ​ជ្រូក​ដទៃ​ប៉ុណ្ណោះ​។

លោក​អភិបាលខេត្ត​បាន​បន្តថា​ទោះបី​ការបរិភោគ​សាច់ជ្រូក​មាន​ជំងឺប៉េស្ត​ជ្រូក​អា​ហ្វិ​ក​មិនបាន​ចម្លង​ដល់​មនុស្ស​ក្តី​តែ​ការ​ទុកដាក់​ឬ​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ជា​ប្រភព​ចម្លង​ប្រកបដោយ​គ្រោះថ្នាក់​ដែលនាំឱ្យ​អ្នក​ចិញ្ចឹម​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​បំផុត​។​ដូច្នេះ​រាល់ពេល​ទិញ​សាច់ជ្រូក​ទៅ​បរិភោគ​ត្រូវ​ប្រាកដថា​សាច់​ទាំងនោះ​មាន​អនាម័យ និង​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​របស់​ស​ម​ត្ថ​កិច្ច​ជំនាញ​រួចរាល់​។

​លោក​ជាវ​តា​យ​បាន​បញ្ជាក់ថា​ដើម្បី​បញ្ចៀស​នូវ​ការខាតបង់​ប្រាក់ចំណូល​សម្រាប់​សេដ្ឋកិច្ច​គ្រួសារ​កសិករ​ដែលជា​អ្នក​ចិញ្ចឹម​ក៏ដូចជា​អ្នករក​ទទួលទាន​មុខរបរ​នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​សិស្ស​និស្សិត​ទូទាំង​ខេត្ត​បន្ត​ពិសា​សាច់ជ្រូក​ទាំងអស់គ្នា​។​អ្វីដែល​លោក​លើកទឹកចិត្ត​មិនឱ្យ​មានការ​ខ្លាចរអា​បែប​នោះ​ក៏​ព្រោះតែ​អាជ្ញាធរ​ជំនាញ​បាន​ទប់ស្កាត់​និង​បញ្ជាក់​ពី​ភាព​គ្មាន​គ្រោះថ្នាក់​រួចហើយ​។​

លោក​ចាន់​រិ​ទ្ធ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពត​បាន​រាយការណ៍​ថា​ក្នុង​ឆមាស​ទីមួយ​ឆ្នាំ​២០១៩​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​បានធ្វើ​ជីវ​សុវត្ថិភាព​ដោយ​បាញ់ថ្នាំ​រម្ងាប់​មេរោគ​នៅ​កន្លែង​ចិញ្ចឹម​ជ្រូក​បាន​ចំនួន​៦៧​កន្លែង​តាម​ភូមិឋាន​និង​ទ្រុង​ចិញ្ចឹម​របស់​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​បាន​១៧​លើក​សត្តឃាតដ្ឋាន​៩៩​លើក​និង​តាមផ្លូវ​ជាតិ​ចំនួន​ប្រាំ​ពីរលើក​។

​បន្ថែម​លើ​នោះ​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០១៩​មន្ត្រី​ជំនាញ​បាន​ដកហូត​និង​គ​ម្ទេ​ច​គ្រឿងក្នុង​ជ្រូក​ទម្ងន់​៦៧​គីឡូក្រាម ផ្ទាំង​សាច់សត្វ​ជ្រូក ៤៥​គីឡូក្រាម ឆ្អឹង​ជ្រូក​ឈឺ​៣១២​គឺ​ឡូ​ក្រាម​ដែល​នាំចូល​ពី​ខេត្តតាកែវ​។ ជាមួយនេះ​ក៏បាន​ដកហូត​និង​កប់​សត្វ​ជ្រូក​ឈឺ​ទាំងមូល​ចំនួន​មួយ​ក្បាល​ទម្ងន់​១៦០​គីឡូក្រាម​នៅ​ស្រុក​អង្គរជ័យ​ដែល​នាំចូល​ពី​ខេត្តតាកែវ​និង​បាន​ដកហូត​ព្រមទាំង​ដុត​កម្ទេច​សាច់​លាយ​ឆ្អឹង​សត្វ​ជ្រូក​ឈឺ​ទម្ងន់​៣៥​គីឡូក្រាម​នៅ​ក្រុង​កំពត​៕S/​