​អាជ្ញាធរ​អំពាវនាវ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ឈប់​សម្រាលកូន​តាមបែប​បុរាណ​

637
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ប្តូរ​ឥរិយាបទ​ពី​សម្រាលកូន​ដោយ​ឆ្មប​បែប​បុរាណ​តាម​ផ្ទះ​មក​សម្រាលកូន​តាម​មណ្ឌល​សុខភាព​វិញ​ដើម្បី​សុវត្ថិភាព​មាតា​និង​ទារក​។​

​ការអំពាវនាវ​នេះ​ក្នុងឱកាស​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​សម្ភព​និង​បន្ទប់​រង់ចាំ​ចំនួន​៤​កន្លែង​ដែលមាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​។​ពិធី​នេះ​មានការ​ចូលរួម​ពី​លោក​គួ​ង​ឡូ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ស្ថិតក្នុង​ភូមិ​យាង​ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

លោក​អ៊ុន​ចាន់​ដា​បាន​ថ្លែងថា​បច្ចុប្បន្ននេះ​ក្រសួងសុខាភិបាល​បានផ្តល់​សំណង់​ដ៏​ច្រើន​តាម​តំបន់​ព្រំដែន​ដាច់​ស្រ​យ៉ា​ល​។​ទាំងនេះ​បញ្ជាក់​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​ក្រសួងសុខាភិបាល​ជាពិសេស​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​ប្រមុខ​ដែល​តែងតែ​គិតគូរ​ដល់​សុខភាព​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់​ស្រ​យ៉ា​ល​។​

​លោក​អ៊ុន​ចាន់​ដា​ក៏បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ប្តូរ​ឥរិយាបទ​ពី​សម្រាលកូន​ដោយ​ឆ្មប​បុរាណ​នៅតាម​ផ្ទះ​ងាក​មក​សម្រាលកូន​នៅតាម​មណ្ឌល​សុខភាព​ទើប​ជាការ​ប្រសើរ​និង​មាន​សុវត្ថិភាព​។​

ជាមួយគ្នា​នោះ​ត្រូវ​សម្អាត​បរិស្ថាន​អនាម័យ​ជុំវិញ​ផ្ទះ​និង​ដាក់​ថ្នាំ​អាល់​បែ​ត​តាម​ពាងទឹក​ដើម្បី​បំបាត់​មុ​ស​ខ្លា​និង​ការពារ​កុំឱ្យ​កើត​ជំងឺគ្រុនឈាម​គ្រុនចាញ់​។​លោក​ក៏បាន​ថ្លែង​នូវ​ការ​អរគុណ​ដល់​មូលនិធិ​សកល​តាមរយៈ​អង្ក​កា​រអា​ដ្រា​កាណាដា​ផងដែរ​ដែល​បាន​យកចិត្តទុកដាក់​ចូលរួម​ក្នុង​សកម្មភាព​លើ​វិស័យ​សុខាភិបាល​។​

​លោក​វេជ្ជបណ្ឌិត​គួ​ង​ឡូ​បានឱ្យដឹងថា​អគារ​មណ្ឌល​សុខភាព​និង​បន្ទប់​រង់ចាំ​ទាំង​៤​កន្លែង​ដែល​សម្ភោ​ធ​ដាក់ឱ្យ​ដំណើរការ​នៅពេលនេះ​គឺ​ស្ថិតក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​ជាំ​ក្សាន្ត​នៅ​មណ្ឌល​សុខភាព​រុងរឿង​៤ នៅ​មណ្ឌល​សុខភាព​យាង និង​ប៉ុស្តិ៍​សុខភាព​អន្ទឹល ស្ថិតក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​លោក គួ​ង ឡូ បាន​បន្តា​ថា​អគារ​សម្ភព​និង​បន្ទប់​រង់ចាំ​ទាំង​៤​កន្លែង​នេះ​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី​២៣ ខែមករា​ឆ្នាំ​២០១៨​និង​បានបញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​២៣​ខែ​វិ​ច្ឆ​កា​ឆ្នាំ​២០១៨​។​អគារ​នេះ​មាន​ទំហំ​ប្រវែង​១០​ម៉ែត្រ​គុណ​៥​ម៉ែត្រ​មាន​២​បន្ទប់​គឺ​បន្ទប់​រង់ចាំ​និង​បន្ទប់​សម្ភព​។​

ដោយមាន​បំពាក់គ្រឿងសង្ហារឹម​និង​គ្រឿង​បរិក្ខា​សម្រាលកូន​ដោយ​ចំណាយ​ថវិកា​សាងសង់​អស់​ចំនួន​១២៨.៦៣២.៤០​ដុល្លារ​អាមេរិក​ដែលជា​ជំនួយ​របស់​មូលនិធិ​សកល​ប្រជាជន​កាណាដា​៕S/