​អាជ្ញាធរ និង​ពលរដ្ឋ នៅ​ស្រុក​សំឡូត អំពាវនាវ​អ្នកពាក់ព័ន្ធ រក​ទីផ្សារ​ម្រេច ឲ្យ​បាន​សមរម្យ

1180
ចែករម្លែក

ដោយៈ ​អ៊ុង ​សា​រុំ​/
​បាត់ដំបងៈ ​ប្រជាពលរដ្ឋ ដាំ​ដំណាំ​ម្រេច នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង បាន​សុំ​អំពាវនាវ ដល់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​រក​ទីផ្សារ ឲ្យ​បាន​សមរម្យ ខណៈដែល​តម្លៃ​ម្រេច ធ្លាក់ចុះ​ដល់ ៩ ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម ធ្វើ​ឲ្យ​ជីវភាព​របស់​ពួកគាត់ មានការ​លំបាក ខាតបង់ មិនអាច​ទូទាត់ លើ​ការចំណាយ​ដាំ​ដុះ និង​ការថែទាំ​។​

​បុរស​ម្នាក់ ឈ្មោះ ណុប ផន រស់នៅ​ភូមិ​ជង់​១ ឃុំ​ជង់ ស្រុក​សំឡូត បាន​ឲ្យ​ដឹងថា គាត់​ដាំ​ម្រេច ចំនួន ១.០០០ ជន្លង់ មិនទាន់​ដឹងថា បាន​ប៉ុន្មាន​តោន នៅឡើយ​ទេ​។ តែ​កាលពី​ឆ្នាំ​២០១៧ គាត់​ដាំ​ម្រេច បាន​ចំនួន ៣០០ ជន្លង់ ទទួលបាន​ផល​ម្រេច​ស្រស់ ចំនួន​មួយ​តោន និង​ស្ងួត ចំនួន​មួយ​តោន​។ ចំពោះ​តម្លៃ​វិញ កាលពី​ឆ្នាំ​កន្លងទៅ តម្លៃ​ម្រេច​ជាង ២ ម៉ឺន​រៀល ក្នុង​មួយ​គីឡូក្រាម​។ នៅ​ឆ្នាំ​២០១៨ នេះ តម្លៃ​ម្រេច​ស្ងូ​ត ធ្លាក់​ដល់ ៩ ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម ហើយ​នៅ​ខែ​មិនា​នេះ ទើប​ឡើង​បាន​១០១៥០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​

​ចំណែក​បុរស​ម្នាក់ទៀត ឈ្មោះ ប៉ុក ហាត អាយុ​៦០​ឆ្នាំ បាន​លើកឡើងថា កាលពី ៣ ទៅ ៤ ឆ្នាំមុន អ្នក​ដាំ​ម្រេច នៅ​ស្រុក​សំឡូត មិនសូវមាន ការ​ផុលផុស​នោះទេ ហើយ​តម្លៃ​នៅពេលនោះ ចាប់ពី ៣ ម៉ឺន​រៀល ទៅ ៤ ម៉ឺន​រៀល ឥឡូវ បាន​ធ្លាក់ចុះ​ដល់ ៩ ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម ។ អ្នក​ដាំ​ម្រេច​ខ្លះ បាន​យកប្រាក់​ធនាគារ មក​ធ្វើ​ដើមទុន មានការ​ខាតបង់​ច្រើន​ដែរ ព្រោះ​តម្លៃ​ម្រេច បាន​ធ្លាក់ចុះ​ខ្លាំង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ក្នុងស្រុក​សំឡូត ដែល​ដាំ​ម្រេច មាន​ជីវភាព ធ្លាក់ចុះ​ច្រើន​គ្នា​។​

​លោក សើរ សា​ម៉េ​ត អភិបាលស្រុក​សំឡូត បាន​ឲ្យ​ដឹងថា ស្រុក​សំឡូត មិនសូវមាន​ប្រជាពលរដ្ឋ ធ្វើស្រែ​នោះទេ ហើយ​ក្នុងឆ្នាំនេះ មិនថាតែ​ស្រុក​សំឡូត នោះទេ ដែល​តម្លៃ​ពោតក្រហម ដំឡូង​មី ស្រូវ និង​កសិផល​មួយចំនួនទៀត បាន​ឡើងថ្លៃ ប៉ុន្តែ​សម្រាប់​ម្រេច​វិញ មិនទាន់បាន​ឡើង នៅឡើយ ។

​លោក​អភិបាលស្រុក បាន​អំពាវនាវ សុំ​រាជរដ្ឋាភិបាល ជួយ​រក​ទីផ្សារ​ម្រេច ឲ្យ​បាន​សមរម្យ សម្រាប់​ពួកគាត់ (​អ្នក​ដាំ​ម្រេច​) លក់​ផងដែរ​៕V

#