​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏ត្រូវ​តែ​គោរព​ច្បាប់​ចរាចរណ៍​ដែរ

966
ចែករម្លែក

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បាន​លើកឡើងថា “​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទាំងអស់ ចាំបាច់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​ខ្ជាប់ខ្ជួន ដើម្បី​ធ្វើជា​គំរូ​ល្អ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​និង​បញ្ចៀស​គ្រោះថ្នាក់​ដង​តាមផ្លូវ​សាធារណៈ​ទោះបីជា​ខ្លួន​ជា​អាជ្ញាធរ​សមត្ថកិច្ច​ក៏ដោយ​”​។​

​អភិបាលខេត្ត​កោះកុង​បាន​ពន្យល់​តាមរយៈ​កាសែត​រស្មី​កម្ពុជា​ថា​គ្រប់ពេល​បើកបរ​ម៉ូតូ​និង​រថយន្ត​តាមផ្លូវ​មន្ត្រីរាជការ​អាជ្ញាធរ​មូ​ល​ដ្ឋា​ន​។​ពិសេស​កងកម្លាំង​តែម្តង​ចាំបាច់​ត្រូវ​ពាក់មួក​សុវត្ថិភាព​កុំ​បើកបរ​ហួស​ល្បឿន​និង​ដាក់​ខ្សែក្រវាត់​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់​កំណត់​។​ពីព្រោះ​សមត្ថកិច្ច​អាជ្ញា​ធរមាន​តួនាទី​សំខាន់​ណាស់​លើ​ការផ្តល់​ទំនុកចិត្ត​លើ​ការអនុវត្ត​ច្បាប់​ព្រមទាំង​ផ្តល់​សេវាសាធារណៈ​ជៀសវាង​ធ្វើ​គំរូ​មិនល្អ​ដល់​ប្រជាពលរដ្ឋ​។

​លោកស្រី​មិថុនា​ភូ​ថង​អភិបាលខេត្ត​លើកឡើង​យ៉ាង​ដូច្នេះ​ក្នុង​ទិវា​អន្តរជាតិ​រម្លឹក​ដល់​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក លើ​ទី​១៣ នៅ​សួនច្បារ​ទល់មុខ​អគារ​រដ្ឋបាលខេត្ត​។​
​ទន្ទឹម​នោះ លោកស្រី​អភិបាលខេត្ត ក៏​ស្នើឱ្យ​ស្នងការ​នគរបាល មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកោះកុង​បង្កើន​ការយកចិត្តទុកដាក់​ព​ង្រឹ​ង​ត្រួតពិនិត្យ​ចំពោះ​អ្នកបើកបរ​រថយន្ត​ធុន​ធំ​។​ស្វែងរក​ប័ណ្ណបើកបរ ក្រមសីលធម៌ និង​លក្ខណៈ​បច្ចេកទេស​យាន ខណៈ​មួយរយៈ​ចុងក្រោយ​នេះ ផ្លូវជាតិ​លេខ​៤៨ មាន​ករណី​ក្រឡាប់​រថយន្ត​ធ្លាក់​ផ្លូវ និង​ធ្លាក់​ជ្រោះ​ជាច្រើន​គ្រឿង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កៅ​ប៊ុន​គីម​ស្នងការរង​នគរបាល​ខេត្ត​ទទួលបន្ទុក​ផែនការ​ចរាចរណ៍​សណ្តាប់ធ្នាប់​បានឱ្យដឹង​ដែរ​ថា​យន្តការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​តាមផ្លូវ​សាធារណៈ​មន្ត្រីរ​បស់​លោក​តែងតែ​ធ្វើឡើង​ជាប្រចាំ​ក្នុង​គោលដៅ​លើកកម្ពស់​សុវត្ថិភាព​អំឡុង​ធ្វើដំណើរ​។​ក៏​រកឃើញ​មាន​មន្ត្រីរាជការ​ប៉ូលីស​និង​យោធា​មួយចំនួន​ពុំបាន​ពាក់មួក​សុវត្ថិភាព​ពេល​បើកបរ​ទេ​។​ដោយ​ភាគច្រើន​ពួកគាត់​ធ្វើ​មកពី​តំបន់ការពារព្រំដែន​។​

ឆ្លើយតប​នឹង​ការណែនាំ​អភិបាលខេត្ត​ស្នងការរង​នគរបាល​ខេត្ត​រូបនេះ​អះអាងថា​ខ្លួន​នឹង​បង្កើន​អនុវត្ត​ការងារ​ចរាចរណ៍​អោយមាន​ប្រសិទ្ធភាព​ខ្ពស់​និង​តម្លាភាព​តាម​គោលនយោបាយ​រដ្ឋាភិបាល​កម្ពុជា គ្មាន​ការយោគយល់ ករណី​សមត្ថកិច្ច​ណាមួយ​ល្មើសច្បាប់​រង​ការពិន័យ​តែម្តង​។​

​បើតាម​លោក កៅ ប៊ុន​គីម ជាង​៤​ខែ​មកនេះ នគរបាល​ចរាចរណ៍​នៃ​ស្នងការ​នគរបាល​ខេត្តកោះកុង ពុំ​សូវ​បាន​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​បាន​ពេញលេញ​នោះទេ​។​ដោយសារតែ​កត្តា​អាកាសធាតុ​ភ្លៀង​ធ្លាក់​ច្រើន ទើប​នាំឱ្យ​មន្ត្រីរាជការ សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​មួយចំនួន​ខ្វះចន្លោះ​ចូលរួម​គោរព​ច្បាប់​៕S/

​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏ត្រូវ​តែ​គោរព​ច្បាប់​ចរាចរណ៍​ដែរ