​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​ដកហូត​ថ្នាំញៀន​១​គីឡូក្រាម​

958
ចែករម្លែក
  • 1
    Share

(​ស្ទឹងត្រែង​)៖​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់ ដកហូត​ថ្នាំញៀន​បាន​១​គីឡូក្រាម​។ ការឃាត់ខ្លួន​នោះបាន​ធ្វើឡើង​នៅ​ភូមិសាស្ត្រ​ភូមិ​ណា​អូ​ង​ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​កាលពី​រសៀល​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៧​។​

​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ​កង​មួន​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​រស់នៅ​ភូមិ​ឃី​ហាក់​ស្រុក​ខូង​ខេត្ត​ចម្ប៉ា​សាក់​ប្រទេស​ឡាវ​។​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រូបនោះ​ខណៈពេល​កំពុង​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ភូមិសាស្ត្រ​ណា​អូ​ង​ឃុំ​ស្រែ​សំបូរ​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​ជាប់​នឹង​ព្រំដែន​ប្រទេស​ឡាវ​។​

​ក្រោយពី​សមត្ថកិច្ច​ឃាត់ខ្លួន បាន​ជនសង្ស័យ​ភ្លាមៗ ក៏​បញ្ជូន​មកកាន់​ទីបញ្ជាកា​រ​កងរាជអាវុធហត្ថ​ជាមួយនឹង​ថ្នាំញៀន​មួយកញ្ចប់​មាន​ទម្ងន់ ប្រហែល​មួយ​គីឡូក្រាម​ដើម្បី​ធ្វើការ​ពិសោធន៍​បឋម​។​ថ្នាំញៀន​ដែល​ដកហូត​បាន​នោះ​គឺជា​ប្រភេទ​ម្សៅ​ពណ៍​ស​ថ្លា​មេ​តំ​ហ្វេ​តា​មីន​ICE​មាន​ទម្ងន់​សរុប​ទាំង​សំបក​មួយ​គីឡូក្រាម​។​យោងតាម​ចម្លើយសារភាព​ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យដឹងថា ខ្លួន​គឺ​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​នាំ​ថ្នាំញៀន​មួយកញ្ចប់​ក្នុងតម្លៃ​៥០០​ដុល្លារ​ពី​ប្រទេស​ឡាវ​ដឹក​តាម​ម៉ូតូ​មួយគ្រឿង​យកមក​ដោះដូរ​នៅ​ទឹកដី​ស្រុក​សៀម​កម្ពុជា​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បានតែ​ម្តង​។​
​ ​
​សូមបញ្ជាក់ថា ជនសង្ស័យ​ជនជាតិ​ឡាវ​រូបនោះ ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​មក​សាកសួរ​ពាក់ព័ន្ធ​ទៅនឹង​ការជួញដូរ​ថ្នាំញៀន ពី​ប្រទេស​ឡាវ មក​កម្ពុជា​នេះ​គឺ​មិនចេះ​និយាយ​ភាសា​ខ្មែរ​សូម្បី​តែមួយ​ម៉ាត់​។​តែ​សមត្ថកិច្ច​បាន​រក​ជន​ជាតិខ្មែរ​ដែល​ចេះ​ភាសា​ឡាវ​ទៅ​បកប្រែ​។​នៅ​ល្ងាច​ថ្ងៃ​ដដែល​សមត្ថកិច្ច​បានធ្វើ​ការត្រួតពិនិត្យ​វត្ថុតាង​នៅ​ចំពោះមុខ​ចៅក្រម​និង​តំណាង​អយ្យា​ការ​ដើម្បី​ធ្វើ​កំណត់ហេតុ​ក្នុង ករណី​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​អនុវត្ត​ទៅតាម​ច្បាប់​នៃ​ប្រទេស​កម្ពុជា​៕S​ដោយៈ​សុខុម​