​អាស៊ីៈ ការត្រៀមខ្លួន​សម្រាប់​ស​មុ​ទ្រ​ពោរពេញ​ដោយ​រលក​ .​ទំព័រ​បញ្ចេញមតិ​អំពី​ចក្ខុវិស័យ​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​

1026

បទវិភាគ: ​ចក្ខុវិស័យ​សេដ្ឋកិច្ច​ចំពោះ​អាស៊ី និង​ប៉ាស៊ីហ្វិក មាន​ភាពរឹងមាំ​ខ្លាំងជាងគេ​នៅលើ​ពិភពលោក ប៉ុន្តែ​វា​ក៏​បង្កប់​នូវ​បញ្ហា​ប្រឈម​ជាច្រើន​ទាំង​នៅក្នុង និង​ក្រៅ​ស្រុក​។​នេះ​បើ យោងតាម​របាយការណ៍​ចុងក្រោយ​របស់ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ស្ដីពី​តំបន់ ។​

ចក្ខុវិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ខែមេសា ឆ្នាំ​២០១៧ “​ការត្រៀមខ្លួន​សម្រាប់​ស​មុ​ទ្រ​ពោរពេញ​ដោយ​រលក​” បង្ហាញថា គោលនយោបាយ​គាំទ្រ​កំណើន​នៅតែ​បន្ត​ជំរុញ​តម្រូវការ​ក្នុងស្រុក​ដ៏​រឹងមាំ​នៅក្នុង​ប្រទេស​ចិន និង​ជប៉ុន នា​រយៈពេល​ខ្លី​ខាងមុខ ដែល​ផ្ដល់​ផល​ល្អប្រសើរ​ដល់​សេដ្ឋកិច្ច​ផ្សេងទៀត​នៅក្នុង​អាស៊ី​ដូចគ្នា​ផងដែរ​។ ស្ថាន​ភាពជា​សកល ក៏មាន​លក្ខណៈ​អំណោយផល​ផងដែរ​។​កំណើន​កំពុងតែ​បន្ថែម​ល្បឿន​នៅក្នុង​សេដ្ឋកិច្ច​ប្រទេស​អភិវឌ្ឍន៍ និង​សេដ្ឋកិច្ច​ប្រទេស​កំពុង​ងើបឡើង​ជាច្រើន ជាពិសេស​សហរដ្ឋអាមេរិក និង​ប្រទេស​ពឹង​ផ្អែកលើ​ការនាំចេញ​ទំនិញ ហើយ​ទីផ្សារ​ហិរញ្ញវត្ថុ​ភាគច្រើន​ក៏​នៅតែមាន​ភាពរឹងមាំ​ផងដែរ​។ ទោះបីយ៉ាងណា​ក៏ដោយ បញ្ហា​ប្រឈម​ជាច្រើន​ក៏​នៅតែមាន​ចំពោះ​ដំណើរ​ខាងមុខ​។ ជាពិសេស សម្រាប់​រយៈពេល​មធ្យម បញ្ហា​ប្រឈម​ចម្បង គឺ​ការរក្សា​ឱ្យបាន​នូវ​កំណើន​រឹងមាំ រួមទាំង​បញ្ហា​ប្រឈម​ពី​កំណើនប្រជាជន​ជរា នៅក្នុង​ប្រទេស​មួយចំនួន និង​ផលិតភាព​ដែលមាន​កំណើន​យឺត​ជាង​មុន​។

​ក្រោយពី​កំណើនសេដ្ឋកិច្ច​យឺតយ៉ាវ​ក្នុង​ឆ្នាំ​២០១៦ កំណើន​ក្នុង​តំបន់​ត្រូវបាន​ព្យាករ​ថា​នឹង បន្ថែម​លឿន​នៅក្នុង​ឆ្នាំ​២០១៧ ។​កំណើន​នៅក្នុង​តំបន់​បាន​ថយ​ចុះមក​ត្រឹម ៥,៣ ភាគរយ​ក្នុង​ឆ្នាំ​២០១៦ ពី ៥,៦ ភាគរយ​ក្នុង​ឆ្នាំ​២០១៥ ទោះជា​សកម្មភាព​សេដ្ឋកិច្ច នៅក្នុង​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ​២០១៦ មាន​ភាពប្រសើរឡើង​ក៏ដោយ​។ ការនាំចេញ​សុទ្ធ​បាន​បន្ត​កាត់បន្ថយ​កំណើន​។ តម្រូវការ​ក្នុងស្រុក​នៅតែមាន​ភាពរឹងមាំ ដែល​គាំទ្រ​ដោយ​ចំណាយ​វិស័យ​ឯកជន​។ កំណើន ផ​.​ស​.​ស ត្រូវបាន​ព្យាករ​ថា​កើនឡើង​ដល់ ៥,៥ ភាគរយ​ក្នុង​ឆ្នាំ​២០១៧ ដែល​កើនឡើង ០,១ ភាគរយ​ធៀប​នឹង​ការប៉ាន់ស្មាន​លើក​មុន នៅក្នុង​ចក្ខុវិស័យ​សេដ្ឋកិច្ចពិភពលោក ខែតុលា ឆ្នាំ​២០១៦ របស់ IMF និង ៥,៤ ភាគរយ​ក្នុង​ឆ្នាំ​២០១៨​។ គោលនយោបាយ​សម្របសម្រួល​នឹង​គាំទ្រ​ដល់​តម្រូវការ​ក្នុងស្រុក ដែល​ជួយ​ប៉ះប៉ូវ​នូវ​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​សកល​ដែល​កាន់​តែមាន​ភាព​តានតឹង ។ ល្បឿន​កំណើន​ក្នុង​ឆ្នាំ​២០១៧ ឆ្លុះបញ្ចាំង​ពី​ការ​ងើប​ឡើងវិញ ដូចដែល​បាន​រំពឹងទុក​នៃ​ពាណិជ្ជកម្ម​អាស៊ី តម្រូវការ​ក្នុងស្រុក​រឹងមាំ និង​គោលនយោបាយ​គាំទ្រ​កំណើន ។​
​ប៉ុន្តែ​ចំពោះ​ចក្ខុវិស័យ​រួម​សម្រាប់​តំបន់​ក៏​បង្កប់​នូវ​ភាពខុសគ្នា​រវាង​ប្រទេស​នានា​ផងដែរ​។ ក្នុងចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លូតលាស់​ធំៗ កំណើន​ដែល​បាន​ព្យាករ​នៅក្នុង​ប្រទេស​ចិន និង​ជប៉ុន​សម្រាប់​ឆ្នាំ​២០១៧ ត្រូវបាន​ពិនិត្យឡើងវិញ ដោយសារ​តែមាន​ការបន្ត​គាំទ្រ​ផ្នែក​គោលនយោបាយ និង​ទិន្នន័យ​ដ៏​រឹងមាំ​នៅ​ដំណាច់ឆ្នាំ​២០១៦​។ កំណើន ផ​.​ស​.​ស ប្រទេស​ចិន​ត្រូវបាន​រំពឹងថា​នៅតែមាន​ភាពរឹងមាំ ប៉ុន្តែ​បន្ត​ថយចុះ​បន្តិច​មក​ត្រឹម ៦,៦ ភាគរយ​ក្នុង​ឆ្នាំ​២០១៧ ដោយសារ​វិធានការ​រឹតបន្តឹង​កាលពីពេល​ថ្មីៗ​នេះ​ចូល​ជា​ធរមាន និង​មក​ត្រឹម ៦,២ ភាគរយ​ក្នុង​ឆ្នាំ​២០១៨​។ កំណើន​នៃ​ប្រទេស​ជប៉ុន​ត្រូវបាន​ព្យាករ​ថា​កើនឡើង ១,២ ភាគរយ ដោយមាន​កម្លាំង​ជំរុញ​ដែល​ត្រូវបាន​កំណត់ថា​នឹង​បន្តទៅ​ឆ្នាំ​២០១៧ ប៉ុន្តែ​បន្ទាប់ពីនោះ ប្រហែលជា​នឹង​ថយចុះ​ស្របពេល​នឹង​ការ​រឹតបន្តឹង​គោលនយោបាយ​សារពើពន្ធ និង​ការដំឡើង​ពន្ធ​លើ​ការប្រើប្រាស់​ដូចដែល​បានគ្រោង​ទុក​។ ប្រទេស​កម្ពុជា ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​ឆាប់រហ័ស និង​បើកចំហ ជាមួយនឹង​ប្រជាជន​វ័យក្មេង ធៀប​ទៅនឹង​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់ នឹង​ទទួល​អត្ថប្រយោជន៍​ពី​ភាព​កាន់តែ​ប្រសើរឡើង​នៅក្នុង​សកល និង​តំបន់​។ កំណើន ផ​.​ស​.​ស ពិត (Real GDP) ត្រូវបាន​ប៉ាន់​ប៉ាន់ប្រមាណ​ថា​មាន​កំណើន​ប្រហែល ៧ ភាគរយ​ក្នុង​ឆ្នាំ​២០១៦ ដែល​ទ្រទ្រង់​ដោយ​ការនាំចេញ​សម្លៀកបំពាក់ និង​សកម្មភាព​នៅក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់ ហើយ​ត្រូវបាន​រំពឹងថា​នៅតែ​បន្ត​មាន​ស្ថិរភាព​សម្រាប់​ឆ្នាំ​២០១៧-១៨​។​

​កំណើន​ក្នុង​រយៈពេល​ខ្លី​កំពុង​បន្តរ​ជំរុញ​ទៅមុខ ប៉ុន្តែ​ហានិភ័យ​អវិជ្ជមាន​បន្ត​គ្រប ដណ្តប់​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច​។ កំណើន​សកល​អាច​ទទួល​បាន​កម្លាំង​ពី​កត្តា​ជំរុញ​ផ្នែក​សេដ្ឋកិច្ច​នៅក្នុង​សេដ្ឋកិច្ច​ធំៗ​មួយចំនួន ជាពិសេស សហរដ្ឋអាមេរិក​។ ប៉ុន្តែ​ការបន្ត​នៃ​ភាព​តានតឹង​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​សកល​អាច​នឹង​បង្កើន​តម្លៃ​ប្រាក់កម្ចី និង​ជំរុញឱ្យមាន​បម្រែបម្រួល​លំហូរ​មូលធន​។ បំណុល​វិស័យ​ឯកជន​បាន​កើនឡើង​នៅក្នុង​សេដ្ឋកិច្ច​ជាច្រើន​នៅក្នុង​តំបន់​នា​ទសវត្សរ៍​កន្លងមក ហើយ​តម្លៃ​ប្រាក់កម្ចី​កាន់តែ​ខ្ពស់​អាចធ្វើ​ឲ្យ​ក្រុមហ៊ុន និង​គ្រួសារ​មួយចំនួន​ទទួលរង​ផលប៉ះពាល់​ដែល​អាច​រារាំង​ដល់​កំណើន​។

គោលនយោបាយ​កាន់តែ​ចង្អៀត​របស់​សេដ្ឋកិច្ច​ប្រទេស​ធំៗ នឹង​ផ្ដល់​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​អាស៊ី ដោយសារតែ​កន្លងមក​តំបន់​នេះ​បានទទួល​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​សមាហរណកម្ម​សេដ្ឋកិច្ច​ឆ្លង​ព្រំដែន​។ បំលាស់ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​កាន់តែ​រលាក់​លើ​ស​ពី​ការរំពឹងទុក​នៅក្នុង​ប្រទេស​ចិន​ក៏​នឹងមាន​ផលវិបាក​ធ្ងន់ធ្ងរ​ផងដែរ​។ ហានិភ័យ​អវិជ្ជមាន​ក្នុង​តំបន់​ភាគច្រើន ក៏​ពាក់ព័ន្ធ​ផងដែរ​សម្រាប់​ប្រទេស​កម្ពុជា​។ ដោយសារតែ​ចំណង​សេដ្ឋកិច្ច​មានការ​កើនឡើង កំណើន​ខ្សោយ​ជាង​ការ រំពឹងទុក​នៅក្នុង​ប្រទេស​ចិន នឹង​ផ្ដល់​ផលប៉ះពាល់​អវិជ្ជមាន​ធ្ងន់​ធ្ង​រលើ​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការថយចុះ​នៃ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស និង​លំហូរ​ចូល​តាម​វិស័យ​ហិរញ្ញវត្ថុ ព្រមទាំង​មកលើ​ផ្នែក​ទេសចរណ៍​ផងដែរ​។​

​កំណើន​ក្នុង​តំបន់​រយៈពេល​មធ្យម នឹង​ជួបប្រទះ​បញ្ហា​ប្រឈម​ពី​ចំនួន​ប្រជាជន​ដែលមាន​វ័យ​ជរា និង​កំណើន​ផលិតភាព​មានការ​យឺតយ៉ាវ​។ អាស៊ី​គឺជា​តំបន់​ចម្រុះ ហើយ​តំបន់​មួយចំនួន​ប្រឈម​នឹង​ប្រជាជន​ចាប់ផ្តើម​ចាស់ មុនពេល​ក្លាយជា​អ្នកមាន​។ នេះ​គឺ​ដោយសារ​ភាព​ជរា​នៅ​អាស៊ី​មាន​ល្បឿន​លឿន​ជាង បើ​ធៀប​ទៅនឹង​បទ ពិសោធន៍​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក​។ សម្រាប់​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់ ផ្អែកលើ​និន្នាការ​បច្ចុប្បន្ន ចំណូល​ក្នុង​មនុស្ស​ម្នាក់ (​វាស់វែង​ធៀប​នឹង​សហរដ្ឋអាមេរិក​) នឹង​ទាប​ខ្លាំង​ជាង​ចំណូល​ដែល​សម្រេចបាន​ដោយ​សេដ្ឋកិច្ច​អភិវឌ្ឍន៍ នៅ​ចំណុច​ស្រដៀង​គ្នា​នៅក្នុង​វដ្ត​អាយុ​របស់​ពួកគេ​។ កំណើន​ផលិតភាព​កាន់តែ​យឺត​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​សកល បានធ្វើ​ឲ្យ​តំបន់​នេះ​មិនអាច​តាម​ទាន់​សហរដ្ឋអាមេរិក និង​ប្រទេស​ផ្សេងទៀត​លើ​ផ្នែក​ចំណេះដឹង​បច្ចេកវិទ្យា ហើយ​បានធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​យ៉ាប់យឺន​។ ការធ្លាក់ចុះ​នេះ​មាន​ភាព​ធ្ងន់ធ្ងរ​បំផុត ចំពោះ​ប្រទេស​ជឿនលឿន​នៅក្នុង​តំបន់​។ ប្រសិនបើ​គ្មាន​កំណែទម្រង់​ទេនោះ កំណើន​ផលិតភាព​ទំនងជា​នៅតែ​ទាប​មួយរយៈ​ទៀត ជាមួយនឹង​ឧបសគ្គ​នៃ​ប្រជាជន​ដែលមាន​វ័យ​ចំណាស់​ឆាប់រហ័ស ដែល​ក្លាយជា​បញ្ហា​កាន់តែ​ធំ​ឡើងៗ​។​

​កំណើន​នៅក្នុង​ប្រទេស​កម្ពុជា អាច​ទ្រទ្រង់បាន តាមរយៈ​គោលនយោបាយ​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ស្ថិរភាព​ហិរញ្ញវត្ថុ និង​កំណែទម្រង់​រចនាសម្ព័ន្ធ​។ អ្នករៀបចំ​គោលនយោបាយ​គួរតែ​បន្ត​ពឹង​ផ្អែកលើ​វិធានការ​ប្រុងប្រយ័ត្ន​ទ្រង់ទ្រាយ​ធំ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ស្ថិរភាព​ហិរញ្ញវត្ថុ​។ កាលពីពេល​ថ្មីៗ​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ណែ​នាំនូវ​វិធានការ​មាន​ប្រសិទ្ធិភាព​នានា ដូចជា ប្រកាស​ស្តីពី​អនុ​បាត​ក្របខ័ណ្ឌ​សន្ទនីយ​ភាព និង​ដើមទុន​ចុះបញ្ជី​អប្បបរមា​ខ្ពស់ជាង​មុន ដើម្បី​ជំរុញ​ភាព​ធន់​នៃ​វិស័យ​ធនាគារ​។ ទោះជា​យ៉ាងណាក៏ដោយ វិធានការ​បន្ថែម ដូច​បាន​គូសបញ្ជាក់​នៅក្នុង​របាយ​ការណ៍ IMF ស្តីពី​កម្ពុជា ឆ្នាំ​២០១៦ មាន​ភាពចាំបាច់​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ម៉ាក្រូ​ហិរញ្ញវត្ថុ និង​រៀបចំ​នូវ​ការបញ្ចប់​វដ្ត​ឥណទាន​ដោយ​សន្សឹមៗ ។

គោលនយោបាយ​រដ្ឋាភិបាល​គួរផ្តោត​លើ​ការរក្សា​ស្ថិរភាព​សារពើពន្ធ និង​ការគាំទ្រ​ការអភិវឌ្ឍ​។ ក្នុងអំឡុង​ពេលដែល​ស​ម្ពា​ធ​ចំណាយ​កើនឡើង គោលនយោបាយ​រដ្ឋាភិបាល​គួរ​ទាញយក​អត្ថប្រយោជន៍ ពី​ចំណូល​ដែល​កំពុងមាន​ភាពរឹងមាំ​ដើម្បី​គាំទ្រ​តម្រូវការ​អភិវឌ្ឍន៍ តាមរយៈ​ការផ្តល់​អាទិភាព​ដល់​ចំណាយ​អភិវឌ្ឍន៍ (​រួមទាំង​លើ​វិស័យ​អប់រំ និង​សុខាភិបាល​) និង​ការវិនិយោគ​សាធារណៈ​លើ​ចំណាយ​ផ្សេងទៀត ។ សំខាន់បំផុត ប្រទេស​កម្ពុជា​ដែល​នៅតែ​ទទួល​ប្រយោជន៍​ពី​ប្រជាជន​ដែលមាន​វ័យក្មេង​ច្រើន គួរតែ​ព​ន្លឿ​ន​ការអនុវត្ត​កំណែទម្រង់​រចនាសម្ព័ន្ធ​ដើម្បី​ជំរុញ​ភាព​ប្រកួតប្រជែង លើកស្ទួយ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​បង្កើត​ឱកាស​ការងារ​ល្អៗ​សម្រាប់​យុវជន​របស់ខ្លួន​៕MN

កំណត់សម្គាល់ៈ​Jarkko Turunen គឺជា​ប្រធាន​បេសកកម្ម IMF ប្រចាំ​នៅ​កម្ពុជា និង Yong Sarah Zhou គឺជា​តំណាង​និវេសន​ជន​របស់ IMF ប្រចាំ​ប្រទេស​កម្ពុជា​