​អេ​ឌី​ប៊ី​មើលឃើញ​ពី​សក្ដានុពល​កំណើន​ខ្ពស់ជាង​មុន​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅ​អាស៊ី​

1450
ចែករម្លែក

​យោងតាម​របាយការណ៍​ថ្មី​មួយ​ដែល​ចេញផ្សាយ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី​(​អេ​ឌី​ប៊ី​,ADB)​បានឱ្យដឹងថា​សក្ដានុពល​កំណើនសេដ្ឋកិច្ច​នៅតាម​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​អាស៊ី​សម្រាប់​ឆ្នាំ​២០១៧​ដែល​ក្នុងនោះ​មា​នក​ម្ពូ​ជា​ផង​ដែរនោះ មាន​ភាពល្អប្រសើរ​ជាង​មុន​ដោយសារ​តែមាន​តម្រូវការ​នាំចេញ​ខ្ពស់ជាង​ការរំពឹងទុក​នៅក្នុង​ត្រីមាស​ទី ១ នៃ​ឆ្នាំនេះ ។​

​ជាការ​បំពេញបន្ថែម​លើ​របាយការណ៍​ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី​២០១៧​របស់ខ្លួន​អេ​ឌី​ប៊ី បាន​បង្កើន​សក្ដានុពល​កំណើន​សម្រាប់​តំបន់ ពី ៥,៧​ភាគរយ ទៅ ៥,៩​ភាគរយ សម្រាប់​ឆ្នាំ ២០១៧ និង ពី ៥,៧​ភាគរយ​ទៅ​៥,៨​ភាគរយ​សម្រាប់​ឆ្នាំ​២០១៨​។​ការបង្កើន​ត្រឹម​កម្រិត​តិចតួច​សម្រាប់​អត្រា​នៅក្នុង​ឆ្នាំ ២០១៨​បែបនេះ​ឆ្លុះបញ្ចាំង​ពី​ទស្សនៈ​បែប​ប្រយ័ត្នប្រយែង​ជុំវិញ​និរន្ដរភាព​នៃ​កំណើន​ការនាំចេញ​ខាងលើ​។

​លោក អ៊ី​យ៉ា​ស៊ូ​អ៊ី​យូគី សាវ៉ា​ដា​(Yasuyuki Sawada )​ប្រធាន​សេដ្ឋវិទូ​របស់​អេ​ឌី​ប៊ី មានប្រសាសន៍ថា “​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅ​អាស៊ី ចាប់ផ្ដើម​ចេញដំណើរ​បា​ន​យ៉ាង​ល្អ​នៅ​ឆ្នាំនេះ ជាមួយនឹង​កំណើន​នៃ​ការនាំចេញ ដែលនាំឱ្យ​សក្ដានុពល​កំណើន​ជារួម​មានការ​កើនឡើង សម្រាប់​រយៈពេល​ដែល​នៅ​សេសសល់​ក្នុង​ឆ្នាំ ២០១៧​។ បើទោះបី​ជាមាន​ភាពមិន​ប្រាកដប្រជា​ជុំវិញ​ភាព​មាំមួន​នៃ​ការ​ងើបឡើង​វិញ​របស់​សេដ្ឋកិច្ច​សកលលោក​ក៏ដោយ យើង​គិតថា​សេដ្ឋកិច្ច​របស់​តំបន់​នេះ​គឺ​ស្ថិតនៅ​ក្នុងស្ថានភាព​មួយ​ដ៏​ល្អប្រសើរ​សម្រាប់​ទប់ទល់​ជាមួយនឹង​វិបត្តិ​នានា​ដែល​អាច​កើតមានឡើង ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ទស្សនវិស័យ​នៃ​តំបន់​នេះ​”​។

​របាយការណ៍​របស់​អេ​ឌី​ប៊ី បានឱ្យដឹង​ទៀតថា កំណើន​រួមគ្នា​នៃ​បណ្ដា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ឧស្សាហកម្ម​ធំៗ​ត្រូវបាន​ព្យាករ​ថា​នឹង​នៅ​បន្ដ​ក្នុង​កម្រិត ១,៩​ភាគរយ ក្នុង​ឆ្នាំ ២០១៧ និង ២០១៨​។ តួលេខ​ព្យាករណ៍​សម្រាប់​ប្រទេស​ដែល​ស្ថិតនៅក្នុង​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូ និង​ប្រទេស​ជប៉ុន​កើនឡើង​ខ្ពស់ជាង​មុន ដោយសារតែ​តម្រូវការ​ក្នុងស្រុក​ខ្ពស់ អាច​ទូទាត់​ជាមួយនឹង​ការ​ថមថយ​តិចតួច​នៃ​កំណើន​ក្នុង​សហរដ្ឋអាមេរិក ឲ្យ​មក​នៅត្រឹម ២,២​ភាគរយ បើ​ធៀប​ការព្យាករណ៍​កន្លងមក ២,៤​ភាគរយ ដោយសារតែ​លទ្ធផល​ក្នុង​ត្រីមាស​ទី ១ នៃ​ឆ្នាំ ២០១៧ មិនបាន​សម្រេច​ដល់ក​ម្រិ​ត​ជាទី​គាប់ចិត្ត​។​

​បើ​បែងចែក​ទៅតាម​តំបន់ កំណើន​សម្រាប់​អាស៊ី​បូព៌ា ត្រូវបាន​កែសម្រួល​ឡើងដល់ ៦,០​ភាគរយ ក្នុង​ឆ្នាំ ២០១៧ និង ៥,៧​ភាគរយ ក្នុង​ឆ្នាំ ២០១៨ បើ​ធៀប​នឹង​ការ​ព្យាករ​ដំបូងៗ ត្រឹម ៥,៨​ភាគរយ និង ៥,៦​ភាគរយ​។ បន្ទាប់ពី​មានការ​កើនឡើង​តិចតួច​កាលពីពេល​ថ្មីៗ​នេះ កំណើន​ការនាំចេញ​សុទ្ធ និង​កំណើន​នៃ​ការប្រើប្រាស់​ក្នុងស្រុក បាន​ជួយ​ឲ្យ​សក្ដានុពល​កំណើន​នៅក្នុង​ប្រទេស​ចិន​មានការ​កើនឡើង​។ ឥឡូវនេះ ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​លំដាប់​ទី ២ ក្នុង​សកលលោក​មួយ​នេះ នឹងមាន​កំណើន​៦,៧​ភាគរយ​ក្នុង​ឆ្នាំ ២០១៧ និង​៦,៤​ភាគរយ​ក្នុង​ឆ្នាំ ២០១៨​។
​អាស៊ី​ខាងត្បូង​នៅតែ​ជា​អនុតំបន់​ដែលមាន​កំណើន​ឆាប់រហ័ស​ជាងគេ ក្នុងចំណោម​អនុតំបន់​ទាំងអស់​នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក ដោយ​កំណើន​នឹង​អាច​សម្រេច​ទៅតាម​ការ​ព្យាករ​ដំបូងៗ ពោលគឺ ៧,០​ភាគរយ ក្នុង​ឆ្នាំ ២០១៧ និង ៧,២​ភាគរយ ក្នុង​ឆ្នាំ ២០១៨ ។​នេះ​បើតាម​ការលើកឡើង​នៅក្នុង​របាយការណ៍​នេះ​។ ប្រទេស​ឥណ្ឌា​ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​របស់​អនុតំបន់​នេះ នឹង​អាច​សម្រេច​ទៅតាម​ការ​ព្យាករ​កំណើន​ដែល​ត្រូវបានធ្វើ​កន្លងមក ពោលគឺ ៧,៤​ភាគរយ ក្នុង​ឆ្នាំ ២០១៧ និង ៧,៦​ភាគរយ ក្នុង​ឆ្នាំ ២០១៨ ដោយសារតែ​ការប្រើប្រាស់​ក្នុងប្រទេស​មាន​កម្រិត​ខ្ពស់​។​

​ការ​ព្យាករ​កំណើន​សម្រាប់​អាស៊ីអាគ្នេយ៍​គឺ​នៅ​ដដែល ពោលគឺ ៤,៨​ភាគរយ ក្នុង​ឆ្នាំ ២០១៧ និង ៥,០​ភាគរយ ក្នុង​ឆ្នាំ ២០១៨ ជាមួយនឹង​កំណើន​កាន់តែ​ឆាប់​ជាង​មុន​សម្រាប់​ប្រទេស​ម៉ាឡេស៊ី ហ្វីលីពីន និង​សិង្ហ​បុរី​បើទោះបីជា​និន្នាការ​នេះ​មានការ​ថមថយ​តិចតួច​ដោយសារតែ​ប្រទេស​ព្រុយ​ណេ​មាន​កំណើន​យឺត​ជាង​ការរំពឹងទុក​ក៏ដោយ​។​របាយការណ៍​នេះ​លើកឡើងថា តម្រូវការ​ក្នុងស្រុក​ខ្ពស់ ជាពិសេស​ការប្រើប្រាស់​ជា​លក្ខណៈ​ឯកជន និង​ការវិនិយោគ នឹង​បន្ដ​ជួយ​គាំទ្រ​ដល់​កំណើន​នៅក្នុង​អនុតំបន់​នេះ​។

​ទស្សនវិស័យ​សម្រាប់​អាស៊ី​កណ្ដាល​នៅ​ឆ្នាំនេះ​ក៏មាន​ភាពល្អប្រសើរ​ជាង​មុន​ផងដែរ ដោយសារតែ​តម្រូវការ​ក្នុងស្រុក និង​ការនាំចេញ​ខ្ពស់​នៅតាម​ប្រទេស​មួយចំនួន បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​អនុតំបន់​នេះ អាច​ងើប​ឡើងវិញ​បាន​យ៉ាង​ឆាប់រហ័ស ផ្ទុយទៅនឹង​ការរំពឹងទុក​កន្លងមក​។ គេ​រំពឹងថា​កំណើន​នេះ​នឹង​កើន​ឡើងដល់ ៣,២​ភាគរយ ក្នុង​ឆ្នាំ ២០១៧ និង ៣,៨​ភាគរយ ក្នុង​ឆ្នាំ ២០១៨ បើ​ធៀប​នឹង ៣,១​ភាគរយ និង ៣,៥​ភាគរយ នៅក្នុង​ការ​ព្យាករ​កន្លងមក​។​

​កំណើន​នៅ​តំបន់​ប៉ាស៊ីហ្វិក​នឹង​នៅ​បន្ដ​ក្នុង​អត្រា​ដដែល ពោលគឺ ២,៩​ភាគរយ ក្នុង​ឆ្នាំ ២០១៧ និង ៣,៣​ភាគរយ ក្នុង​ឆ្នាំ ២០១៨ ដោយសារតែ​ប្រទេស​ប៉ា​ពូ​ញូ​ហ្គី​នី ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​របស់​អនុតំបន់​នេះ បន្ដ​ធូរស្រាល​មកវិញ​ជា​បណ្ដើរ ដោយសារតែ​ការ​ងើបឡើង​វិញ​នូវ​ឧស្សាហកម្ម​រ៉ែ និង​វិស័យ​កសិកម្ម​របស់​ប្រទេស​នេះ​។ គេ​ក៏​រំពឹង​ផងដែរ​ថា សក្ដានុពល​រឹងមាំ​ក្នុង​វិស័យ​ទេសចរណ៍​នឹង​ជួយ​ជំរុញ​ឲ្យ​អនុតំបន់​នេះ មាន​កំណើន​រឹតតែ​ខ្ពស់​បន្ថែមទៀត ជាពិសេស​ក្នុងប្រទេស​ហ្វូ​ជី និង​ប្រទេស​ប៉ា​ឡាវ​។​

​ក្នុងពេល​ជាមួយគ្នា មានការ​ព្យាករ​ថា អតិផរណា​តម្លៃ​ទំនិញប្រើប្រាស់​ក្នុង​តំបន់​នេះ នឹងមាន​កម្រិត​ទាប​ជាង​ការប៉ាន់ប្រមាណ​កាលពី​លើ​ក​មុន ដោយសារតែ​តម្លៃ​ប្រេង និង​តម្លៃ​ស្បៀង​នៅលើ​ទីផ្សារ​​អន្ដរជាតិ​នៅ​បន្ដ​មាន​កម្រិត​ថេរ បើទោះបីជា​មានការ​កើនឡើង​នូវ​តម្រូវការ​ក៏ដោយ នេះ​គឺ​ដោយសារតែ​ការផ្គត់ផ្គង់​មាន​កម្រិត​គ្រប់គ្រាន់ ហើយ​អាកាសធាតុ​មាន​លក្ខណៈ​អំណោយផល​។ ឥឡូវនេះ គេ​រំពឹងថា​
​អតិផរណា​តម្លៃនឹង​ថយ​ចុះមក​នៅត្រឹម ២,៦​ភាគរយ ក្នុង​ឆ្នាំ ២០១៧ និង ៣,០​ភាគរយ ក្នុង​ឆ្នាំ ២០១៨ បើ​ធៀប​ជាមួយនឹង​ការ​ព្យាករ​ដំបូងៗ ៣,០​ភាគរយ និង ៣,២​ភាគរយ​។​

មាន​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​ម៉ានីល ធនាគារអភិវឌ្ឍន៍អាស៊ី​ប្តេជ្ញា​កាត់បន្ថយ​ភាពក្រីក្រ នៅ​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ច តាមរយៈ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន កំណើន​ដែល​ធានា​ដល់​ចីរភាព​បរិស្ថាន​និង​សមាហរណកម្ម​តំបន់​។​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៦៦ ធនាគារអភិវឌ្ឍន៍អាស៊ី​នឹង​ប្រារព្ធ​ខួប​លើក​ទី​៥០​នៃ​ភាពជា​ដៃគូ​អភិវឌ្ឍន៍​របស់ខ្លួន​ក្នុង​តំបន់​។​ធនាគារ​នេះ​ជា​កម្មសិទ្ធិ​របស់​សមាជិក​ចំនួន ៦៧ ប្រទេស ដែល​ក្នុងនោះ ៤៨​ប្រទេស​មកពី​តំបន់​នេះ​។ ក្នុង​ឆ្នាំ​២០១៦ ជំនួយ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​មាន​ចំនួន​សរុប ៣១,៧ ពាន់​លាន​ដុល្លារ ក្នុងនោះ​មាន​សហ​ហិរញ្ញប្បទាន​ចំនួន ១៤ ពាន់​លាន​ដុល្លារ​៕
ដោយៈសុផល

ភាពរីកចំរើននៃពិភពលោក(រូបហ្គូហ្គល)