ដោយ:អង្គរតូច/សៀមរាប÷អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថាអេស៊ីយូ=ACUឆ្លើយតបម្ចាស់បណ្តឹងដោយបង្ហាញលិខិតរកមិនឃើញតម្រុយនៃការប្រព្រឹត្តអំពើពុករលួយលុយប្រាំម៉ឺនដុល្លារនៅក្នុងស្ថាប័នតុលាការ ខេត្តសៀមរាប ។
យោងតាមលិខិតមួយច្បាប់របស់ ACU កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ បញ្ជាក់ថា ACU បានទទួល និងពិនិត្យរួចហើយ លើពាក្យប្តឹងដែលបានចោទប្រកាន់ លោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍បឹងពារាំងករណីបទប៉ុនប៉ងមនុស្សឃាតគិតទុកជាមុនករណីសមគំនិត ជាមួយលោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ។
លោក គង់ ប៊ីប ចៅសង្កាត់ជ្រាវរងទី១ យកប្រាក់ចំនួន ៥ ម៉ឺនដុល្លារ ទៅឲ្យលោក អ៊ូ ផន ក្រឡាបញ្ជី ដើម្បីយកប្រគល់ជូន លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាបនិងលោកងួនណារ៉ាប្រធានសាលាដំបូងខេត្តសៀមរាបដើម្បីតម្កល់សំណុំរឿងព្រហ្មទណ្ឌ លេខ១១៦ ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ របស់សាលាដំបូង ខេត្តសៀមរាប ទុកឥតចាត់ការ។
លិខិត ACU បញ្ជាក់ទៀតថា ករណីដែលអះអាងថា លោក គង់ មង្គល រួមជាមួយនឹងសមាជិក សហគមន៍របស់ខ្លួនជាច្រើននាក់បានប៉ុនប៉ងវាយសម្លាប់រូបលោកស៊ីមឈីវឈានពិសិដ្ឋដោយមានគម្រោងគិតទុកជាមុន។លោកបានប្តឹងនោះអយ្យការអមសាលាដំបូងខេត្តបានស៊ើបអង្កេតនិងបានសម្រេច ចេញដីកាសន្និដ្ឋាន បញ្ជូនរឿងឲ្យស៊ើបសួរ រហូតចៅក្រមស៊ើបសួរ បានចេញដីកាបញ្ជូនរឿង ឲ្យពិនិត្យ របស់ចៅក្រមស៊ើបសួរ រួចហើយ។ តាមរយៈ ចំណាត់ការលើសំណុំរឿងនេះបានបង្ហាញថា អយ្យការអមសាលាដំបូង ខេត្តសៀមរាប និងចៅក្រមស៊ើបសួរ បានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដោយយកចិត្តទុកដាក់ខ្ពស់ តាមនីតិវិធី ។
ហេតុនេះ ការចោទប្រកាន់ថា លោក គង់ មង្គល បានសមគំនិតគ្នា ជាមួយលោក ក្អោប រ៉ន និងលោក គង់ ប៊ីប ដើម្បីយកប្រាក់ចំនួន ៥ ម៉ឺនដុល្លារ ឲ្យលោកក្រឡាបញ្ជីអ៊ូផនដើម្បីយកបន្តទៅឲ្យ លោកកើតវណ្ណារ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបនិងលោកងួនណារ៉ាប្រធានសាលាដំបូង ខេត្តសៀមរាប ដើម្បីតម្កល់រឿង ទុកឥតចាត់ការ លើសំណុំរឿងព្រហ្មទណ្ឌលេខ ១១៦ ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នោះ គឺមិនពិត ដូចការចោទប្រកាន់ទេ ។
ជុំវិញការឆ្លើយតបរបស់ ACU ទៅម្ចាស់បណ្តឹង ដោយបដិសេធថា មិនមានការប្រព្រឹត្តអំពើពុករលួយ ដោយប្រធានសហគមន៍ ចៅសង្កាត់ជ្រាវ និងចៅ សង្កាត់រង សមគំនិតគ្នាយកលុយ ៥ ម៉ឺនដុល្លារ ទៅសូកប៉ាន់ប្រធានតុលាការនិងព្រះរាជអាជ្ញាខេត្តសៀមរាបលោកគង់មង្គលប្រធានសហគមន៍ទេសចរណ៍ បឹងពារាំង បានថ្លែងតាមទូរសព្ទ័ថា ពេលនេះ លោកកំពុងពិភាក្សា ជាមួយមេធាវី និងស្ថាប័នច្បាប់ អំពីការប្តឹងបកវិញ។
លោកបានបន្តថា បុគ្គលឈ្មោះស៊ឹម ឈីវឈានពិសិដ្ឋ បានប្តឹងបរិហាកេរ្តិ៍លើរូបលោក ដោយគ្មានមូលដ្ឋាន និងភស្តុតាង។ ក្រៅពីចោទប្រកាន់លើរូបលោក ចៅសង្កាត់ និងចៅសង្កាត់រង បុគ្គលនេះ លាបពណ៌ ដោយភ្ជាប់រូបលោក ទាំងបីនាក់ ទៅដល់ស្ថាប័នតុលាការថែមទៀត ។ ដូច្នេះ លោក នឹងបង្ហាញលទ្ធផល ក្រោយពិភាក្សា អំពីផ្លូវច្បាប់ រួចរាល់។
ចៅសង្កាត់ជ្រាវ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ដដែលនេះ ក៍បានបង្ហាញជំហរ មិនខុសពីលោក គង់ មង្គល នេះដែរ ដោយបញ្ជាក់អោយដឹងថា លោកសុំពេលពិភាក្សា ជាមួយអ្នកច្បាប់សិន នៅពេលបន្ទាប់ នឹងបង្ហាញលទ្ធផលថា ត្រូវប្តឹងតប ឬយ៉ាងណា។លោក ងួន ណារ៉ា អតីតប្រធានតុលាការ ខេត្តសៀមរាប បានមានប្រសាសន៍ តាមទូរស័ព្ទថា រឿងនេះ លោកទើបតែឮដំណឹង ហើយមិនទាន់ច្បាស់លាស់ ដូច្នេះលោកសុំមិនទាន់ឆ្លើយទេ។
ដោយឡែកលោកកើតវណ្ណារ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបពុំអាចសុំការពន្យល់បានទេ ជុំវិញករណី ខាងលើនេះ ដោយប្រព័ន្ធទូរស័ព្ទ មិនអាចទាក់ទងបាន។ចំណែកលោក ស៊ឹម ឈីវឈានពិសិដ្ឋ ម្ចាស់បណ្តឹង ដែលចោទថា ដោយសារលុយ ៥ ម៉ឺនដុល្លារ ទើបតុលាការសៀមរាប តំកល់ឥតចាត់ការ បណ្តឹងរបស់លោក នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកានេះ ពុំអាចស្វែងរកជួប ដើម្បីសុំការបំភ្លឺបានដែរ។
អ្នកតាមដានសំណុំរឿងមួយនេះ ហាក់កំពុងចាំអ៊ុតមើលថា លទ្ធផលចុងក្រោយ ទៅជាយ៉ាងណា ព្រោះធ្លាក់ពីរឿងឃាតកម្ម ធ្លាយទៅដល់រឿង លុយប្រាំម៉ឺនដុល្លារ៕S/