​អំពាវនាវ​ដល់ដៃ​គូ​អភិវឌ្ឍន៍​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​លើកកម្ពស់​ប្រជាធិបតេយ្យ​

261
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​បាន​អំពាវនាវ​និង​ស្នើ​ដល់​ដៃគូ​អភិវឌ្ឍន៍​នានា​អង្គការ​សង្គម​ស៊ីវិល​បន្ត​គាំទ្រ​និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ពង្រឹង​សុខសន្តិភាព​ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​

​ថ្លែង​ក្នុង​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​សមាគម​អង្គការក្រៅរដ្ឋាភិបាល​និង​សហគមន៍​នានា​នៅក្នុង​សាលាខេត្ត​កំពង់ចាម​នៅ​ព្រឹក​ថ្ងៃទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០១៩​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​នេះ​បាន​មានប្រសាសន៍ថា សូម​អំពាវនាវ​ដល់ ដៃគូ​អភិវឌ្ឍន៍​នានា សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ។​ក្នុងនោះ​សហគមន៍​ក្នុង​ខេត្តកំពង់ចាម​ទាំងអស់​បន្ត​អនុវត្តន៍​នូវ​សកម្ម​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​ស្របតាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា​ជា​ធរមាន​។​

​លោក​អ៊ុន​ចាន់​ដា​បាន​មានប្រសាសន៍​ទៀតថា​ស្នើឱ្យ​បន្ត​ផ្តល់​ការគាំទ្រ​និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​លើកកម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ ពង្រឹង​សុខសន្តិភាព ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឲ្យ​កាន់​មាន​ភាព​រីកចម្រើន​រុងរឿង​។​

​លោក​អភិបាលខេត្ត​បាន​បន្ថែមថា ចូលរួម​គាំទ្រ​គោលនយោបាយ​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​។ ពិសេស​កំណែទម្រង់រដ្ឋបាល​សាធារណ​: កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណ​:​កំណែទម្រង់​វិមជ្ឈកា​ល​វិសហមជ្ឈកា​ល​និង​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​។​

​លោក​បាន​បន្តថា​សូម​ចូលរួម​ការងារ​ការពា​រ​បរិស្ថាន​ធនធានធម្មជាតិ​និង​ការប្រយុទ្ធប្រឆាំង​នូវ​បទ​ល្មើ​គ្រប់​ប្រភេទ​ដែល​កើតមាន​ជាអាទិ៍​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ​បទល្មើស​ជួញដូរ​ចែកចាយ​គ្រឿងញៀន​បទល្មើស​សម្អាត​ប្រាក់​និង​បទល្មើស​ជួញដូរ​មនុស្ស​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខសន្តិភាព សុវត្ថិភាព​សង្គម និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។​

​គួរ​បញ្ជាក់ថា​ខេត្តកំពង់ចាម​មាន​សមា​គម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​និង​បរទេស​សរុប​ចំនួន​៤៨​អង្គភាព​។​ក្នុង​សមាគម​ចំនួន​១០​និង​អង្គ​ការមិន​រដ្ឋាភិបាល​ចំនួន​៣៨​និង​មា​នស​មហគម​ន៍​សរុប​ចំនួន​៩០​គឺ​សហគមន៍​ប្រើប្រាស់​ទឹក​ចំនួន​៤១​សហគមន៍​កសិកម្ម​ចំនួន​២៥​និង​សហគមន៍​ទេសចរណ៍​ចំនួន​ពីរ ព្រមទាំង​សហជីព​តាម​រោងចក្រ​ចំនួន ១៥៕S/​