​អំពាវនាវ​សុំ​ពលរដ្ឋ​កុំ​ចាក់ដី​លុប​ប្រឡាយទឹក​និង​កុំ​បំពាន​យក​ដី​ចំណីផ្លូវ​

379
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​លោក​សំលាង​ទ្រី​បាន​សុំឱ្យ​ប្រជាពលរដ្ឋ​កុំ​ចាក់ដី​លុប​ប្រឡាយទឹក​ចាក់ដី​លុបមុខ​ទឹក​ហូរ​ឬ​ចាក់ដី​ខ្ពស់ជាង​ថ្នល់​ជាពិសេស​កុំ​រំលោភបំពាន​យក​ដី​ចំណីផ្លូវ​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​លោក​សំលាង​ទ្រី​បានឱ្យដឹងថា​”​ការចាក់ដី​លុប​ប្រឡាយទឹក​ចាក់ដី​លុបមុខ​ទឹក​ហូរ​ចាក់ដី​ខ្ពស់ជាង​ថ្នល់​និង​ការរំលោភបំពាន​ដី​ចំណីផ្លូវ​ថ្នល់​គឺជា​មូលហេតុ​ចម្បង​ដែល​បណ្តាលឱ្យ​ផ្លូវថ្នល់​របស់​យើង ឆាប់​ខូច​ប្រើប្រាស់​មិនបាន​យូរអង្វែង​”​។​

​លោក​បាន​បន្តថា ក្រុមការងារ​ថែទាំ​ផ្លូវជាតិ​លេខ​៩៥ បានធ្វើ​សកម្មភាព​ស្តារ​ប្រឡាយ​រំដោះ​ទឹក នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៣៨+៤០០​ក្នុង​ឃុំ​ពុទ្រា​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​បាន​ប្រវែង​៣២០​ម៉ែត្រ​។​លោក​បាន​បន្តថា​នេះ​ជាហេតុ​ផល​មួយ​ក្នុងចំណោម​ហេតុផល​ជាច្រើន​ទៀត​ដែល​បណ្តាលឱ្យ​ផ្លូវថ្នល់​ឆាប់​ខូចខាត​។​

លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​”​បើ​យើង​មិន​កាយ​ប្រឡាយ​រំដោះ​ទឹក​ឲ្យ​ហូរ​ចេញ​ទេ​ទឹក​និង​ជ្រាប​ដល់​ផ្លូវថ្នល់​ហើយ​ការចាក់ដី​ខ្ពស់ជាង​ថ្នល់​ក៏បង្ក​ឱ្យ​ទឹក​ដក់​ផ្លូវថ្នល់​ធ្វើឱ្យ​ជ្រាប​ផ្លូវថ្នល់​ដែរ​យូរៗ​ទៅ​ធ្វើឱ្យ​ផ្លូវថ្នល់​របស់​យើង​ស្រុត​រង​ការ​ខូចការ​ខូចខាត​មិន​ខាន​”៕S/​