​អ៊ីង ហូល​ឌី​ង នឹង​វិនិយោគ​សួន​កម្សាន្ត​ធំ​មួយ ស្របពេល​អ្នកជំនាញ​អំពាវនាវ​ឲ្យ​មានការ​វិនិយោគ​លើ​រមណីយដ្ឋាន​ទេសចរណ៍

1480
ចែករម្លែក
គំរោង​សួន​កម្សាន្ត​ស្តង់ដា​អន្តរជាតិ​ដែល​នឹង​សាងសង់​នៅពេល​ខាងមុខ​(​រូបថត​ឯកសារ​)​

ដោយ​: ច្រាយ ចំណាន / ភ្នំពេញ​: ក្រុមហ៊ុន​អ៊ីង ហូល​ឌី​ង (ING Holding) ដែល​វិនិយោគ​លើ​គម្រោង​ទីក្រុង​រណប អ៊ីង ស៊ី​ធី (ING CITY) ស្ថិតនៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​សាងសង់​សួ​នក​ម្សា​ន​ស្តង់ដា​អន្តរជាតិ​មួយ នៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ​។​

ING CITY ជាទី​ក្រុង​រណប​មាន​ទំហំ​ដី​ធំជាងគេ ដែលមាន​ផ្ទៃដី​ទំហំ​ជាង​២០០០​ហិកតា​។ គម្រោង​បង្កើត​សួន​កម្សាន្ត​នេះ មានឈ្មោះ Amusement Park ស្ថិត​តាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន សែន​ឬ​ផ្លូវ​៦០​ម៉ែត្រ​។​

​លោក​មាស វី​រី​យ៉ា អនុប្រធាននាយកដ្ឋាន​បច្ចេកទេស​នៃ​ក្រុមហ៊ុន​អភិវឌ្ឍន៍ ING Holiding Co, Ltd បាន​ប្រាប់​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា «​ដោយ​គិតគូរ​ជា​ចម្បង​ទៅលើ​ការថែរក្សា​ការពារ​បរិស្ថាន សុវត្ថិភាព និង​ផាសុក​ភាព សម្រាប់​អ្នករស់នៅ​ក្នុង​ក្រុង​រណប​ថ្មី​នេះ ក្រុមហ៊ុន ING Holiding Co, Ltd ក៏បាន​រៀបចំ​នូវ​ប្រព័ន្ធ​លូ​យ៉ាង​ពិសេស ដោយមាន​ទំហំ​ចាប់ពី ០,៣២,៨ ម៉ែត្រ និង​មាន​បែងចែក​ដាច់ពីគ្នា​រវាង​លូបង្ហូរទឹក​ភ្លៀង និង​លូទឹកស្អុយ​»​។​

​ក្នុង​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប ING City មាន​ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​កំពុង​ចូលរួម​សិក្សា​បច្ចេកទេស និង​ផលប៉ះពាល់​បរិស្ថាន ដូចជា​ក្រុមហ៊ុន​រៀបចំ​ប្លង់គោល និង​ឌី​ហ្សា​ញ Surbana International Consultants Pte, Ltd ក្រុមហ៊ុន Yachiyo Engineering Co, Ltd និង​ក្រុមហ៊ុន Hitachi Ltd, Japan ជា​ក្រុមហ៊ុន​ជួយ​សិក្សា​បរិស្ថាន និង​សិក្សា​ពី​សហគមន៍​ដែល​ត្រូវ​រៀបចំ​ក្នុង​ក្រុង​រណប​នេះ​។ ចំណែក​ក្រុមហ៊ុន Green Consultant Co, Ltd និង​ក្រុមហ៊ុន Daun Penh EIA Consultant សិក្សា​ពី​ផលប៉ះពាល់​បរិស្ថាន (EIA) រីឯ​ក្រុមហ៊ុន IMORI Construction Co, Ltd ជា​អ្នកត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​។​

​បច្ចុប្បន្ន​ទីក្រុង​រណប​នេះ បាន​ទាក់ទាញ​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​ជាច្រើន​រួចទៅហើយ ដូចជា​គំរោង​បុរី​និង​ផ្សារ​ទំនើប​ប៉េង ហួត​, បុរី WOODLAND, គំរោង R&F CITY ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​R&F Priperties គម្រោង​ខុន​ដូ សាល​តាំងពិព័រណ៍​រថយន្ត​ម៉ែ​ក​សឺ​ដេ​ស សាលារៀន​អន្តរជាតិ​ISPP​ជាដើម​។

​ទាក់ទង​នឹង​គម្រោង​វិនិយោគ​សួន​កម្សាន្ត​នេះ ត្រូវបាន​ស្វាគមន៍​ពី​អ្នកជំនាញ​ទេសចរ ណ៍​នានា​នៅ​កម្ពុជា​។​

​លោក​ហូ វណ្ឌី​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែងថា រាជធានី​ភ្នំពេញ​មានការ​កែលំអរ​មួយចំនួន ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ប៉ុន្តែ​រាជធានី​នេះ គួរ​មាន​កន្លែង និង​រមណីយដ្ឋាន​ទេសចរណ៍​ថ្មីៗ​បន្ថែមទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មក​ស្នាក់នៅ​កម្ពុជា​ឲ្យ​កាន់តែច្រើន និង​ចំណាយ​រយៈពេល​ស្នាក់នៅ​យូរ​នៅ​ទីក្រុង​នេះ​។​

​លោក​បន្តថា “​បើសិនជា​គម្រោង​នេះ​កើតឡើង​ពិតមែន វា​នឹង​ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ ដែល​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ អាចដាក់​ក្នុង​កញ្ចប់​ទេសចរណ៍​ជូន ភ្ញៀវ​កំសាន្ត និង​ទាក់ទាញ​ពួកគេ​ឲ្យ​ស្នាក់នៅ​យូរ​នៅ​កម្ពុជា​”​។​

​លើកឡើង​ស្រដៀង​គ្នា​នេះ លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​បាន​ថ្លែងថា នៅ​រាជធានី​ភ្នំពេញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ស្នាក់នៅ​រយៈពេល​ខ្លី ត្រឹម​មួយ​យប់​ឬ​ពីរ​យប់​យ៉ាងយូរ ដោយសារ​យើង​មិនមាន​កន្លែង​កំសាន្ត​ជូន​ដល់​ពួកគេ​បាន​ទស្សនា ហេតុនេះ​ក្នុងនាម​សមាគម​លោកស្រី ចង់ឃើញ​វិស័យ​ឯកជន​ចូលរួមចំណែក​វិនិយោគ​រមណីយដ្ឋាន​ទេសចរណ៍ និង​ផលិតផល​ទេសចរណ៍​ឲ្យ​បាន​ច្រើន​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​។​

​លោកស្រី​បន្តថា “​យើង​ចង់ឃើញ​រាជធានី​ភ្នំពេញ មាន​កន្លែង​កំសាន្ត​ច្រើន​ទាំង​ពេល​ថ្ងៃ និង​ពេល​រាត្រី ព្រោះ​បច្ចុប្បន្ន​ពេល​រាត្រី​នៅ​រាជធានី​ភ្នំពេញ មិនមាន​កន្លែង​កំសាន្ត ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​នៅឡើយ​ទេ​”​។​

​គម្រោង​នេះ​ពុំទាន់​ដឹងថា នឹង​ចាប់ផ្តើម​សាងសង់​នៅពេលណា​? មាន​ទំហំ​ផ្ទៃដី​ប៉ុណ្ណា និង​បោះទុន​វិនិយោគ​ប៉ុន្មាន​នៅឡើយ​ទេ​៕ ​/មន