​អ៊ុក តាត ៖ អនុសេនីយ៍ទោ​

«​ផេះផង់​ធូលី​» រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​

382
ចែករម្លែក

រូបថត និង អត្ថបទ ដោយៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ជួប ប៊ុនថន ជា​កូនស្រី​របស់ អ៊ុក តាត បាន​និយាយ​រៀបរាប់​ប្រាប់ថា​៖​ ​
​ឪពុក​របស់ខ្ញុំ​ឈ្មោះ អ៊ុក តាត គឺជា​ទាហាន​ម្នាក់​។ នៅក្នុង​គ្រួសារ​មានតែ​គាត់​ម្នាក់​គត់​បានទទួល​ការសិក្សា​រៀនសូត្រ​។ គាត់​បាន​ទៅ​សាលារៀន​នៅក្នុង​វត្ត​មួយ និង​បាន​ជួយ​គ្រួសារ​របស់គាត់​ដឹកជញ្ជូន​បន្លែ ផ្លែឈើ​ទៅ​ផ្សារ​។ បន្ទាប់មក រដ្ឋាភិបាល​បារាំង​បាន​ជ្រើស​គាត់​ឲ្យ​ចូល​បម្រើកងទ័ព​។​

អ៊ុក តាត និង ភរិយា​របស់គាត់ ឈឹម រ៉េត​, នៅ​ខេត្តកណ្តាល នៅ​ឆ្នាំ​១៩៧២​ឬ ឆ្នាំ​១៩៧៣

​ម្តាយ​របស់ខ្ញុំ​ឈ្មោះ ឈឹម រ៉េត ធ្លាប់បាន​លក់​នំ​នៅក្នុង​ផ្សារ កាលពី​គាត់​នៅ​ក្មេង​។ ឪពុក​របស់ខ្ញុំ​បានឃើញ​ម្តាយ​របស់ខ្ញុំ ហើយ​បាន​តាម​ម្តាយ​ខ្ញុំ​ទៅដល់​ផ្ទះ​របស់គាត់​នៅ​ជិត​ក្រុងភ្នំពេញ​។ ឪពុក​ខ្ញុំ​បានស្នើ​សុំ​ម្តាយ​ខ្ញុំ​រៀបការ​ដោយ​ខ្លួន​គាត់​ផ្ទាល់ ប៉ុន្តែ​ជីដូន​របស់ខ្ញុំ​បាន​បដិសេធ​សំណើ​របស់គាត់ ព្រោះ​ឪពុក​ខ្ញុំ​មិនបាន​នាំ​ឪពុកម្តាយ​របស់គាត់​ម​ក​ជាមួយ​ទេ​។ ដូច្នេះ គាត់​ក៏បាន​នាំ​ចាស់ទុំ​ម្នាក់​មក​ផ្ទះ​ម្តាយ​ខ្ញុំ​ដើម្បី​ស្នើសុំ​រៀបការ​។ បន្ទាប់មក​ជីដូន​ជីតា​របស់ខ្ញុំ​បាន​យល់ព្រម​។​

​នៅក្នុង​របប​សង្គមរាស្ត្រនិយម ពេលដែល​ការិយាល័យ​របស់គាត់រ​ក​បេក្ខជន​ជាច្រើន​នាក់​ទៅ​ចូលរួម​ប្រឡងប្រណាំង​កីឡា ឪពុក​របស់ខ្ញុំ​បាន​ស្ម័គ្រចិត្ត ព្រោះ​គាត់​ជា​អ្នកជិះ​កង់​ប្រណាំង​ផង និង​ជា​គ្រូបង្វឹក​ផង ហើយ​គាត់​បានឈ្នះ​ការប្រឡង​ជិះ​កង់​ប្រណាំង​ថ្នាក់ជាតិ​។ គាត់​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី ចូលរួម​ប្រកួត​បាន​ចំនួន​បី​ដង​។ លើកទីមួយ​គាត់​ប្រណាំង​ចាញ់ លើក​ទី​ពីរ​គាត់​បានទទួល​មេដៃ​ធម្មតា​មួយ​។ ម្តាយ​ខ្ញុំ​បាន​ប្រាប់​ឪពុក​ខ្ញុំ​ថា គាត់​ចាញ់​ដោយសារ​គាត់​ជា​មនុស្ស​ខិល​។ គាត់​បាន​សុំទោស​ម្តាយ​ខ្ញុំ ពី​ការដែល​គាត់​មិនបាន​ទទួល​ជ័យជម្នះ និង​បាន​និយាយថា គាត់​បាត់បង់​ការប្រមូល​ផ្តុំ​អារម្មណ៍ ដោយសារ​ឥណ្ឌូណេស៊ី​បាន​បញ្ជូន​ស្រី​ស្អាតៗ​មក​រោម​ចែចង់​ជាមួយ​ក្រុម​របស់គាត់​។​

​នៅពេល​បន្ទាប់ ឪពុក​ខ្ញុំ​បាន​ត្រៀម​ចិត្ត និង​មាន​អារម្មណ៍​នឹងនរ ហើយក៏​ទទួល​ជ័យជម្នះ​បាន​លេខ​ពីរ​។ គាត់​រីករាយ​សប្បាយចិត្ត​យ៉ាងខ្លាំង និង​ដាក់តាំង​បង្ហាញ​ពានប្រាក់​របស់គាត់​នៅក្នុង​ផ្ទះ​។ ចៅហ្វាយ​របស់គាត់​បាន​ទាមទារ​ប្រាក់រង្វាន់​មួយចំណែក ហើយក៏​ចង់បាន​ពាន​នោះដែរ​។ គាត់​បាន​ខឹង​នឹង​ឪពុក​ខ្ញុំ ព្រោះ​ឪពុក​ខ្ញុំ​បាន​បដិសេធ​។ ក្រោយមក​ចៅហ្វាយ​នោះបាន​ផ្ទេរ​ឪពុក​ខ្ញុំ​ទៅ​ច្បាំង​នៅ​ខេត្តបន្ទាយមានជ័យ​។​

​ម្តាយ​ខ្ញុំ​លក់​ពង​ទា​ស្ងោរ និង​លក់​បបរ​ត្រី​ឲ្យ​ទាហាន ដូច្នេះ​ម្តាយ​ខ្ញុំ​អាច​រក​ចំណូល​បន្ថែម​ជួយ​ផ្គត់ផ្គង់​គ្រួសារ​របស់​យើង​។

​មិត្តភក្តិ​របស់​ឪពុក​ខ្ញុំ និង​ប្រព​ន្ឋ​របស់​ពួកគាត់​បាន​សរសើរ​ម្តាយ​ខ្ញុំ ហើយ​បាន​និយាយថា ម្តាយ​របស់ខ្ញុំ​ជា​ភរិយា​គំរូ​ម្នាក់ មិន​ដូច​ភរិយា​អ្នក​ផ្សេងទៀត​ដែល​ញៀន​នឹង​ល្បែង​នោះទេ​។ សាច់ញាតិ​របស់​ឪពុក​ខ្ញុំ​ខ្លះ​នៅ​ខេត្ត មានមុខ​ដំណែង​សំខាន់ៗ​នៅក្នុង​ជួរ​ទាហាន បាន​ជួយ​ផ្ទេរ​ឪពុក​ខ្ញុំ​ឲ្យ​ត្រឡប់​ទៅ​ភ្នំពេញ​វិញ ធ្វើការ​ជា​គណនេយ្យករ​នៅក្នុង​ការិយាល័យ​យោធា ទោះបី​គាត់​មិន​យល់ដឹង​អ្វី​សោះ​អំពី​គណនេយ្យ​ក៏ដោយ​។

​ប្រហែល​ឆ្នាំ​១៩៧០ ឪពុក​ខ្ញុំ​បាន​ឡើង​ឋានន្តរសក្តិ​ជា​អនុសេនីយ៍ទោ ហើយ​បាន​រក្សា​ដំណែង​នេះ​រហូតដល់​ឆ្នាំ​១៩៧៥​។ បន្ទាប់ពី​គាត់​ត្រឡប់មក​ភ្នំពេញ គាត់​បាន​ស្លៀកពាក់​ឯកសណ្ឋាន​របស់​គាត់ តែ​នៅក្នុង​ការិយាល័យ​ប៉ុណ្ណោះ​។ គាត់​ស្លៀកពាក់​ស៊ីវិល​ទៅធ្វើ​ការ និង​ត្រឡប់មកផ្ទះ​វិញ​នៅពេល​យប់​។​

​ឪពុក​ខ្ញុំ​ជា​បុរស​រួសរាយ​រាក់ទាក់​។ គាត់​មិនមែនជា​បុរស​សង្ហារ​ទេ ប៉ុន្តែ​គាត់​មាន​វិធីសាស្ត្រ​និយាយ​បានល្អ​។ គាត់​ក៏​ខិល​ណាស់ដែរ ហើយ​មាន​ប្រព​ន្ឋ​លួចលាក់​ម្នាក់​ឬ​ពីរ​នាក់​។ នៅមុន​ថ្ងៃ​ដែល​យើង​ជម្លៀស​ចេញពី​ក្រុងភ្នំពេញ គាត់​បាន​នាំ​ប្រព​ន្ឋ​ទី​ពីរ​របស់គាត់​មកជួប​ម្តាយ​របស់ខ្ញុំ​។ ស្ត្រី​នោះបាន​លុតជង្គង់​អង្វរ​ម្តាយ​ខ្ញុំ​ឲ្យ​លើកលែងទោស​។ ម្តាយ​របស់ខ្ញុំ​បានគិត​ថា ស្ត្រី​នោះ​គ្រាន់តែ​ជា​មិត្តស្រី​ធម្មតា ដែល​ឪពុក​ខ្ញុំ​មិនសូវ​ចាប់អារម្មណ៍​នឹង​នាង​ប៉ុន្មាន​ឡើយ​។ ប៉ុន្តែ​បន្ទាប់មក​ម្តាយ​ខ្ញុំ​បានដឹងថា ឪពុក​ខ្ញុំ​បាន​ឲ្យ​ប្រាក់ខែ​របស់គាត់​ជាច្រើន​ទៅ​ស្ត្រី​នោះ ដែល​នាង​មានកូន​ប្រុស​ពីរ​នាក់​ជាមួយ​ឪពុក​ខ្ញុំ​។ មាន​ក្មេងស្រី​ពីរ​នាក់​នៅក្នុង​គ្រួសារ​របស់ខ្ញុំ ប៉ុន្តែ​ឪពុក​ខ្ញុំ​ស្រឡាញ់​កូនប្រុស និង​ចង់បាន​ក្មេងប្រុស​ទាំងអស់​។ ក្មេងប្រុស​ទាំងពីរ​នាក់​ស្រដៀង​នឹង​ឪពុក​របស់ខ្ញុំ​។​

​នៅ​ថ្ងៃ​ដែល​ខ្មែរក្រហម​ឲ្យ​យើង​ចាក​ចេញពី​ទីក្រុង ឪពុក​របស់ខ្ញុំ​ដឹងថា ទាហាន​លន់ នល់ នឹង​ចាញ់ ដូច្នេះ​គាត់​បាន​គ្រវាត់​ឯកសណ្ឋាន​យោធា​របស់គាត់​ចោល រូ​ចពាក់​អាវយឺត​ស​ធម្មតា​។ គាត់​បានដាក់​ប្រាក់​ទាំងអស់​ដែល​គាត់​សន្សំ​បាន​ទៅក្នុង​ថង់​មួយ​។ គាត់​បាន​ប្រាប់​យើង មិន​ឲ្យ​និយាយប្រាប់​អ្នកផ្សេង​អំពី​វិជ្ជាជីវៈ​ដែល​គាត់​បានធ្វើ​ឡើយ​។ គាត់​បាន​ប្តូរ​ឈ្មោះ​របស់គាត់​ទៅជា គង់ ទៀង ឈ្មោះ​ដើម​របស់គាត់​គឺ អ៊ុក តាត​។ ក្រោយមក​ឪពុក​ខ្ញុំ​បាន​នាំ​ប្រព​ន្ឋ​ទី​ពីរ​របស់គាត់​និង​កូនៗ​មកជា​មួយ គ្រួសារ​របស់​យើង​ទាំងពីរ​បានធ្វើ​ដំណើរ​ជាមួយគ្នា​។​

​ដំបូង​ឡើយ យើង​ដើរ​មិន​ឆ្ងាយ​ទេពី​ភ្នំពេញ​ទៅផ្ទះ​របស់​យើង​នៅ​ស្រុក​កៀនស្វាយ ប៉ុន្តែ​នៅពេល​យើង​ទៅដល់​យើង​ឃើញថា អ្នក​ជម្លៀស​ជាច្រើន​បាន​ស្នាក់នៅ​រួចទៅហើយ​។ យើង​បាន​ដេក​ផ្ទាល់​ដី​នៅ​ក្រោមផ្ទះ​។ បន្ទាប់មក​អង្គការ​បាន​ប្រាប់​យើង​ឲ្យ​ចាកចេញ​។ ឪពុក​ខ្ញុំ​បាន​សម្រេចចិត្តថា​យើង​ត្រូវតែទៅ​ស្រុក​ជីដូន​របស់ខ្ញុំ​នៅ​ព្រៃវែង ព្រោះ​អី​ទីនោះ​មាន​អ្វីៗ​ហូប​ជាច្រើន​។

​បន្ទាប់ពី​ស្នាក់នៅ​ជាមួយ​ជីដូន​របស់ខ្ញុំ​មួយរយៈ​មក យើង​ត្រូវបាន​ជម្លៀស​ទៅកាន់​សហករណ៍​មួយ​ជាទី​ដែល​ឪពុក​ខ្ញុំ​គាត់​កាប់​សម្អាត​ព្រៃ​ឫស្សី គាស់ដើមឈើ និង​ដាំ​ស្រូវ​។ នៅ​ទីនោះ មានការ​រើសអើង​ប្រជាជន​ថ្មី​ខ្លាំងណាស់ ប្រជាជន​មូលដ្ឋាន​បានទទួល​បាយ​ពីមួយ​ទៅ​បី​វែក ប៉ុន្តែ​មិនមែន​សម្រាប់​យើង​ទេ​។ យើង​ទទួលបាន​បាយ​តែម្តង​ក្នុង​មួយពេល​។ ប្រជាជន​មូលដ្ឋាន​ត្រូវបាន​ផ្តល់​សម្ល​ត្រី​មុន ហើយ​បន្ទាប់ពី​ប្រជាជន​មូលដ្ឋាន​ហូប​រួច មិនមាន​នៅសល់​ត្រី​សម្រាប់​ប្រជាជន​ថ្មី​ទេ​។ ម្តាយ​របស់ខ្ញុំ និង​ប្រព​ន្ឋ​ទី​ពីរ​របស់​ឪពុក​ខ្ញុំ​បានធ្វើការ​យ៉ាង​លំបាក​ជាមួយគ្នា ហើយ​មិនដែល​ឈ្លោះប្រកែក​គ្នា​ម្តងណា​ឡើយ​។ ខ្ញុំ​ក៏បាន​មើលថែទាំ​កូនៗ​ប្រព​ន្ឋ​ទី​ពីរ​របស់​ឪពុក​ខ្ញុំ​ដែរ​។

ឈឹម រ៉េត នៅ​ខាងឆ្វេង ជាមួយ​បងប្អូន​ជីដូនមួយ អ៊ុក តាត​, នី និង កេ​ត​, និង​កូនស្រី ជួប ប៊ុនថន នៅក្នុង​ពិធីមង្គលការ​របស់ នី នៅ​ភ្នំពេញ ក្នុងសង្គម​លន់ នល់​។​

​ប្រហែលជា​នៅ​ចុងឆ្នាំ​១៩៧៧ អង្គការ​បាន​បញ្ជូន​បុរស​ម្នាក់​ឈ្មោះ ស៊ុំ ទៅធ្វើ​ការ​នៅ​សហករណ៍​ផ្សេងទៀត បន្ទាប់មក​គាត់​ក៏បាន​បាត់​ខ្លួន​។ ឪពុក​របស់ខ្ញុំ​គិតថា គាត់​ជា​អ្នក​បន្ទាប់​ព្រោះ​អី​គាត់​បាន​និយាយ​ភាសា​បារាំង​ញឹកញាប់​ជាមួយ ស៊ុំ​។ ពីរ​បី​ថ្ងៃ​ក្រោយមក ឪពុក​ខ្ញុំ​ត្រូវបាន​ប្រាប់​ឲ្យ​ចេញទៅ​ដឹកជញ្ជូន​អំបិល​ទៅ​សហករណ៍​ផ្សេងទៀត​។ ប៉ុន្តែ​មិនមាន​អំបិល​នៅក្នុង​សហករណ៍​របស់​យើង​ត្រូវ​ដឹកជញ្ជូន​ទេ​។ មុនពេល​ដែល​ឪពុក​ខ្ញុំ​ចេញទៅ គាត់​បាន​ប្រាប់​ម្តាយ​ខ្ញុំ​ឲ្យ​មើលថែទាំ​កូនៗ​ទាំងអស់​។ ម្តាយ​ខ្ញុំ​បាន​តប​ថា ប្រសិនបើ​ឪពុក​ខ្ញុំ​ដឹងថា​មានរឿង​អាក្រក់​នឹង​កើតឡើង គាត់​ត្រូវតែ​រត់​ភៀសខ្លួន​ចេញទៅ​។ ខ្មែរក្រហម​បាន​ចាប់​ឪពុក​ខ្ញុំ ប្រហែល​មកពី​គាត់​និយាយ​ភាសា​បារាំង​។ ខ្មែរក្រហម​គិតថា​គាត់​គឺជា​ខ្មាំងសត្រូវ​របស់​អង្គការ​។​

​ខ្ញុំ​បាន​ភ្ញាក់ឡើង​យឺត​ពេល​ដើម្បី​និយាយ​ពាក្យ​ថា លា​ហើយ​ទៅកាន់​ឪពុក​ខ្ញុំ ព្រោះ​គាត់​បាន​ចាក​ចេញទៅ​បាត់​ហើយ​។ ប្រជាជន​មូលដ្ឋាន​នៅក្នុង​សហករណ៍​បាន​ខ្សឹបប្រាប់​ម្តាយ​ខ្ញុំ​ថា មិនបាច់ចាំ​ឪពុក​ខ្ញុំ​ទេ អង្គការ​បាន​បញ្ជូន​គាត់​ទៅ​សម្លាប់​ហើយ​។ បន្ទាប់​ពីថ្ងៃ​នោះមក បុរស​ម្នាក់​ឈ្មោះ ហ៊ួ​ន ដែលជា​ប្អូនប្រុស​របស់​គណ​:​សហករណ៍ បានឃើញ​រូបថត​របស់​ឪពុក​ខ្ញុំ​មួយ​សន្លឹក ហើយ​បាន​ចោទ​គាត់​ថា ជា​វរសេនីយ៍ឯក និង​ចោទ​ខ្ញុំ​ថា​ជា​កូនស្រី​របស់​ខ្មាំង​។ ហ៊ួ​ន បាន​និយាយថា «​នេះ​ជា​សាច់ញាតិ​របស់​ពួក​ខ្មាំង​។ គាត់​បាន​ប្រាប់​អ្នកភូមិ​ថា ឪពុក​ខ្ញុំ​បន្លំ​ជា​អ្នកធាក់ស៊ីក្លូ ប៉ុន្តែ​ការពិត​គាត់​ជា​នាយទាហាន​»​។ តាំងពី​ពេលនោះ​មក យើង​មិនមាន​ព័ត៌មាន​អំពី​ឪពុក​របស់ខ្ញុំ​ទេ ហើយ​ខ្ញុំ​ក៏​មិនមាន​ឱកាស​កប់​សាកសព​របស់គាត់​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ​៕