​អ្នកជំនាញ​នៅតែ​ព្រួយបារម្ភ​ពីសារ​ជាតិគីមី​និង​កង្វះ​អនាម័យ​នៅតាម​ភោជនីយដ្ឋាន​

1754
ចែករម្លែក

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​បច្ចុប្បន្ន​ទោះបីជា​វិស័យ​ទេសចរណ៍​និង​វិស័យ​ភោជនីយដ្ឋាន​ទទួលបាន​ការរីកចម្រើន​ក្តី​ប៉ុន្តែ​ផលប៉ះពាល់​ដែល​កើតចេញពី​កត្តា​ចំណីអាហារ​ពិសេស​អាហារ​មិន​ស្អាត​និង​មាន​សារ​ជាតិគីមី​នៅតែ​ជា​ក្តី​ព្រួយបារម្ភ​របស់​អ្នក​បរិភោគ​នៅឡើយ​។​
​បើតាម​អ្នកជំនាញ​បាន​លើកឡើងថា​នៅតាម​ភោជនីយដ្ឋាន​និង​អាហា​រដ្ឋា​ន​នានា​ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​បើ​គេ​ក្រឡេកមើល​ទៅលើ​គុណភាព​អាហារ​នៅមានកម្រិត​។​នៅតាម​ភោជនីយដ្ឋាន​មួយចំនួន​ថែមទាំង​កង្វះ​អនាម័យ​ដែលជា​ក្តី​ព្រួយបារម្ភ​។​ចំពោះ​សារជាតិ​គីមី​ក៏​ចោទ​ជា​បញ្ហា​មួយទៀត​ដល់​អ្នក​បរិភោគ​។​

​ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគិន និង​ប្រធាន​សមាគមយុវជន សេដ្ឋកិច្ចកម្ពុជា លោក ឡី សុភាព ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​អនាម័យ​ចំណីអាហារ​នៅតាម​ភោជនីយដ្ឋាន​និង​អាហា​រដ្ឋា​ន​នា​ថ្ងៃទី​១៣​ខែឧសភា​ឆ្នាំ​២០១៨ បាន​អំពាវនាវ​ឱ្យ​ម្ចាស់​អាជីវករ និង​មេផ្ទះ ឱ្យមក​ចូលរួម​រៀន​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បញ្ជ្រៀប​ការយល់​ដឹង​ខាង​អនាម័យ​ចំណីអាហារ​ឱ្យបាន​ត្រឹមត្រូវ​។​លោក​ថា​”​កត្តា​អនាម័យ​ចំណីអាហារ​ជា​រឿង​មួយ​សំខាន់​សម្រាប់​​​អាយុ​អា​ជីវិត​មនុស្ស​។​បើ​មិនបាន​យល់​ពី​ការសម្អាត​ទាក់ទង​ទៅនឹង​មេរោគ​បាក់តេរី​និង​គីមី​ពុល​ក្នុង​បន្លែ​ផ្លែឈើ​ត្រី​និង​សាច់​នឹង​នាំឱ្យមាន​បញ្ហា​សុខភាព​កើតឡើង “​។​

​ ​ជុំវិញ​លើ​ចំណេះដឹង​មូលដ្ឋាន​នៃ​កត្តា​ចំណីអាហារ​នេះដែរ​លោក​បាន​បញ្ជាក់ថា​តាម​ភោជនីយដ្ឋាន​មួយចំនួន​នៅតែ​ចោទ​ជា​បញ្ហា​ដល់​អ្នក​បរិភោគ​។​កត្តា​ធំ​បំផុត​គឺ​គេ​ឃើញ​អ្នកគ្រប់គ្រង​ពុំបាន​អនុវត្តបាន​ត្រឹមត្រូវ​ទៅលើ​ក្បួន​វិធី​អនាម័យ​ក៏ដូចជា​ចំណេះដឹង​ទៅលើ​ការដោះស្រាយ​បញ្ហា​សារជាតិ​គីមី​។​

​ដោយឡែក​លោក​ងី​មាន​ហេង​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ឱ្យ​អ្នក​ផលិត​ចំណីអាហារ​ក៏ដូចជា​អ្នក​ដាំ​ដុះ​លើ​បន្លែ​ផ្លែឈើ​ដាច់ខាត​មិនត្រូវ​ប្រើ​សារជាតិ​គីមី​ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ។ លោ​កថា​សារ​ជាតិគីមី​ដែល​គេ​ហាមឃាត់​ទាំងនេះ​រួមមាន​ហ្វ​ក​ម៉ុ​ល បូរ៉ា​ក់ ម្សៅ​ស​ជាដើម​។​សារជាតិ​គីមី​ទាំងនេះ​នៅពេល​បរិភោគ​ចូលទៅ​វា​នឹង​បង្ហាញ​នូវ​អាការ​ពីរបែប​។​គឺ​មួយ​ប្រភេទ​ដែល​នៅពេល​បរិភោគ​ចូលទៅ​នឹង​ពុល​ភ្លាមៗ​បង្ហាញ​អាការ​ចេញមក​តែម្តង​និង​មួយទៀត​វា​នឹង​ប្រ​មូ​ផ្តុំ​ទុក​រ៉ាំរ៉ៃ​មុននឹង​បង្ហាញ​ចេញ​ជា​រោគ​ធ្ងន់ធ្ងរ​ដូចជា​មហារីក​ឡើងមក​ជាដើម​៕​មន​