​អ្នកជំនាញ​បង្ហាញ​គន្លឹះ​ក្នុងការ​តម្រង់ទិស​ដល់​សិស្ស​ត្រៀម​ចូល​ថ្នាក់​មហាវិទ្យាល័យ​

138
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖ លោក​ប៉ិច បូ​ឡែ​ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Westline Education Group ដែលជា​ស្ថាប័ន​អប់រំ​ឯកជន​ដ៏​ធំ​មួយ​នៅ​កម្ពុជា​បានបង្ហាញ​ពី​គន្លឹះ​មួយចំនួន​សម្រាប់​តម្រង់​ទិស​ដល់​សិស្សានុសិស្ស​ថ្នាក់​វិទ្យាល័យ​ជាពិសេស​សិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​នៅពេល​ខាងមុខ និង​បន្ត​ថ្នាក់​មហាវិទ្យាល័យ​នៅពេល​ឆាប់​នេះ ។

​ថ្លែង​នៅក្នុង​សិក្ខាសាលា​តម្រង់ទិស​នៅ​សាកលវិទ្យាល័យ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៤ មីនា ២០២០ លោក​ប៉ិច​បូ​ឡែ​ន​បាន​មានប្រសាសន៍ថា​៖​កម្មវិធី​តម្រង់ទិស​ដល់​សិស្សានុសិស្ស​មុន​បញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​សម្រាប់​សិស្សសាលា​វេ​ស្ទ​ឡាញ​ត្រូវបាន​ធ្វើឡើង​រៀងរាល់ឆ្នាំ​។​កម្មវិធី​តម្រង់ទិស​ដើម្បីឱ្យ​សិស្ស​ទាំងអស់​អាចមាន​ឱកាស​និង​ស្វែងយល់​ពី​ខ្លួន​គាត់​មុននឹង​គាត់​ជ្រើស​រើសយក​មហាវិទ្យាល័យ​មួយ​សម្រាប់​សិក្សា​ថ្នាក់​ឧ​ត្ត​ម ។

​លោក​បន្តថា​៖​សិក្ខាសាលា​តម្រង់ទិស​នេះដែរ​ក៏មាន​ការចូលរួម​ពី​តំណាង​សាកលវិទ្យាល័យ​ជា​ដៃគូ​ជាច្រើន​និង​ពី​តំណាង​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ផងដែរ​ដើម្បីឱ្យ​តំណាង​សាកល​វិទ្យា​បង្ហាញ​នូវ​អ្វី ដែល​ខ្លួន​មាន​ទៅដល់​សិស្សានុសិស្ស​សម្រេចចិត្ត​ជ្រើស​រើសយក​សាកលវិទ្យាល័យ​មួយណា ជំនាញ​អ្វី​សម្រាប់​ការសិក្សា​របស់ខ្លួន​ពេល​បញ្ចប់​ការប្រឡង​បាក់​ឌុប​រួច ។​

​លោក​បាន​បន្ថែមថា​បច្ចុប្បន្ន​នេះ​ឃើញថា​និស្សិត​ដែល​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ទទួលបាន​ការងារ​ដែល​ត្រូវ​នឹង​ជំនាញ​ច្រើនជាង​មុន​ខុសពី​ប៉ុន្មាន​ឆ្នាំមុនៗ​ឃើញថា​ពួកគេ​ចេញមក​ច្រើនតែ​ខុសពី​ជំនាញ​ដែល​ពួកគេ​រៀន​។ ដោយសារតែ​កន្លងមក​សិស្ស​ទាំងនោះ​ភាគច្រើន​រៀន​តាម​គ្នា ដោយ​មិនបាន​ស្វែងយល់ថា តើ​ខ្លួន​មាន​ជំនាញ​អ្វី​ឱ្យ​ប្រាកដ​មាន​សមត្ថភាព​ទៅលើ​ជំនាញ​ណាមួយ​ដូច្នេះ​ពេល​រៀន​ចប់​គឺ​តែងតែ​ធ្វើ​ការខុស​ជំនាញ​ដែល​បាន​រៀន ។

​បើតាម​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អប់រំ​មួយ​នេះ​បាន​ឱ្យដឹងទៀតថា​សិស្សានុសិស្ស​ឬ​អាណាព្យាបាល​ក៏​មិនគួរ​ផ្ដោតលើ​តែ​មហាវិទ្យាល័យ​ណា​ដែល​ផ្ដល់​អាហារូបករណ៍​ដែរ​ព្រោះ​ពេលខ្លះ​មហាវិទ្យាល័យ​ដែល​ផ្ដល់​អាហារូបករណ៍​នោះ មិនត្រូវ​នឹង​ជំនាញ​របស់​សិស្ស​ឬ​មិនត្រូវ​នឹង​ដុង​របស់​សិស្ស​ដែលមាន ។

​ការសិក្សា​នៅ​មហាវិទ្យាល័យ​ដែល​ទទួលបាន​អាហារូបករណ៍​តែ​មិនត្រូវ​ជំនាញ​ពួកគេ​ចំណេញ​ប្រាក់​ត្រឹម​ពីរ​បី​ពាន់​ដុល្លារ​មែន​។​ក៏ប៉ុន្តែ​ពួកគេ​នឹង​ខាត​ពេលវេលា​ខាតបង់​ប្រាក់​ដែល​ពួកគេ​រក​វិញ​ដោយសារតែ​ការសិក្សា​មិនត្រូវ​ជំនាញ​ចេញ​ក៏​ធ្វើ​ការខុស​ជំនាញ​ហើយក៏​ទទួលបាន​ប្រាក់ខែ​តិចជាង​ការ​ពួកគេ​រៀន​ត្រូវ​ជំនាញ ទោះបីជា​ពួកគេ​បង់ថ្លៃ​សិក្សា​ពេញ​ក៏ដោយ ៕S/

​ចំណងជើង​រូបថត​៖​លោក​ប៉ិច បូ​ឡែ​ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Westline Education Group បានបង្ហាញ​ពី​គន្លឹះ​មួយចំនួន​សម្រាប់​តម្រង់​ទិស​ដល់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​នៅពេល​ខាងមុខ និង​បន្ត​ថ្នាក់​មហាវិទ្យាល័យ​នៅពេល​ឆាប់​នេះ​(​រូប ៖​សុផល​)​