​អ្នកជំនាញ​ស្នើឱ្យ​មានការ​ចូលរួម​ពី​ពលរដ្ឋ​ដើម្បី​ថែរក្សា​រក្សា​ព្រៃឈើ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

333
ចែករម្លែក
  • 12
    Shares

ដោយ​:​អង្គរតូច​/​សៀមរាប​:​ការរក្សា​ការពារ​ទេសភាព​បៃតង​នៃ​ព្រៃឈើ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាប្រចាំ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​តំបន់ការពារទេសភាព​អង្គរ​របស់​មន្ទី​បរិស្ថាន​ខេត្តសៀមរាប ដើម្បី​ធានា​ឱ្យបាន​ភាព​គង់វង្ស​នូវ​ព្រៃឈើ​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ការកាប់​ទន្ទ្រាន​ដីព្រៃ នៅតែ​ជា​បញ្ហា​ចោទ​ក្នុង​ការបង្ការ និង​ទប់ស្កាត់​។​

​តាម​ការលើកឡើង​រប​ស់លោក ឡី គឹម​ស៊ី អ្នកជំនាញ​គ្រប់គ្រង​ព្រៃឈើ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា ការបំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អង្គរ គឺ​កើតចេញពី​ការកាប់​ទន្ទ្រាន​ដីព្រៃ​រមណីយដ្ឋាន​យក​ធ្វើជា​កម្មសិទ្ធិ​។

​លោក​បន្តថា​ជន​ដែល​ប្រព្រឹត្តិ​បទល្មើស​ខ្លះ​ជា​ម្ចាស់​ផ្ទាល់​ខ្លះ​ជា​អ្នកស៊ីឈ្នួល​ឱ្យគេ​ដែលជា​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផង ជា​ឈ្មួញ​ដី ឬ​អ្នកទិញ​ដី​ទុក​ផង ក្នុង​បំណង​ពង្រីក​ដី​សម្រាប់ធ្វើ​លំនៅដ្ឋាន ចម្ការ និង​លក់ដូរ​ដោយ​ខុសច្បាប់​។

ចំពោះ​ករណី​ដែល​ទប់ស្កាត់បាន​បទល្មើស​ជាក់ស្តែង​នាពេល​កន្លងមក អាជ្ញាធរ​ជាតិ​អប្សរា​បានធ្វើ​ការណែនាំ ដោយ​រៀបចំ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​បទល្មើស និង​ក្នុងករណី​មិន​រាងចាល ដោយ​នៅតែ​បន្ត​ប្រព្រឹត្ត​បទល្មើស គឺ​បញ្ជូន​ទៅកាន់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដើម្បី​អនុវត្ត​និតិ​វិធី​បន្ត​។​

​ចំពោះ​ទីតាំង​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​អង្គរ​ដែល​កើតឡើង​ញឹកញាប់​មាននៅ​ភូមិ​ក្រ​វ៉ាន់​កែង​ផ្លូវ​៦០​ម៉ែត្រ ភូមិ​អារក្ស​ស្វាយ ភូមិ​ស្រះស្រង់​ខាងជើង សង្កាត់​នគរធំ ភូមិ​គោក​បេង ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ភូមិ​មណ្ឌល​បី សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ភូមិ​ភ្លង់ គោក​គ្រើល ភូមិ​សំរោង ឃុំ​លាងដៃ ស្រុក​អង្គរធំ ភូមិ​អូរទទឹង ឃុំ​ព្រះ​ដាក ស្រុក​បន្ទាយស្រី ភូមិ​គិរី​មាន​ន្ទ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង​។​ល​។​

​ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ បំផ្លាញ​គម្រប​បៃតង​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា តែងតែ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ និង​តាម​សាលារៀន​នានា ដើម្បីឱ្យ​យល់​កាន់តែច្បាស់​ពី​សារៈប្រយោជន៍​នៃ​ព្រៃឈើ និង​ហានិភ័យ​នៃ​ការបាត់បង់​ព្រៃឈើ​។

បន្ថែម​ពី​នោះ អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​បន្ថែម​ភ្នាក់ងារ​អភិរក្ស​ព្រៃឈើ ដើម្បី​ដើរល្បាត​ជាប្រចាំ ពង្រឹង​វិធានការ​ទប់ស្កាត់​ពិសេស​គឺ​បន្ត​ការបណ្តុះ​ប្រភេទ​ឈើ​ប្រណីត​ដែល​បាត់បង់​និង​ដាំ​ដើមឈើ​បន្តវេន​ក្នុង​តំបន់​អង្គរ​រួមទាំង​ចែកចាយ​កូនឈើ​ដោយ​មិន​គិតថ្លៃ​ជូន​សាធារណជន​បាន​រាប់ម៉ឺន​ដើម​ជា​រៀងរាល់ឆ្នាំ​ផងដែរ​។​

​ទោះជា​យ៉ាងណាក៏ដោយ​ព្រៃឈើ​ក្នុង​តំបន់​អង្គរ​អាច​គង់វង្ស​ទៅបាន​មិនមែន​ពឹង​លើ​តែ​អាជ្ញាធរ​ជាតិ​អប្សរា​ឡើយ គឺ​ត្រូវមាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ពាក់ព័ន្ធ ជាពិសេស​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ដែល​កំពុង​រស់នៅក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្បីល្បាញ​មួយ​នេះ តាមរយៈ​ការបណ្តុះ​គំនិត​ស្រឡាញ់​បរិស្ថាន និង​អង្គរ​៕S/​

#