​អ្នកនាំពាក្យ​នៃ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បកស្រាយ​តប​ទៅ​បណ្តឹង​អនាមិក​

220
ចែករម្លែក

ដោយ : ប​.​ជ័យ /បន្ទាយ​មាន​ជ័​យៈ​កន្លងទៅ​ថ្មីៗ​នេះ​ជនអនាមិក​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​លួ​យ​(ACU)​រឿង​ដោះលែង​ឧក្រិដ្ឋជន​គ្រឿងញៀន​ហើយ​បញ្ហា​នេះ​បានធ្វើ​ឲ្យ​កក្រើក​ឡើង​នៅ​បណ្តាញសារព័ត៌មាន​ក៏ដូចជា​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​ទន្ទឹម​កាលពី​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៩​អ្នកនាំពាក្យ​នៃ​សាលាដំបូង​និង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បានរួម​គ្នា​ចេញ​សេចក្តីថ្លែងការណ៍​មួយ​បញ្ជាក់​អំពី​ការពិត ។​


​ក្រុម​ជនអនាមិក​បាន​ប្តឹង​លោក បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​, លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​, លោក តេង សា​ម៉ៃ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​, លោក ផេង អិ និង​ប្រពន្ធ​ឈ្មោះ ថោង រដ្ឋា ទៅកាន់​អង្គភាព​ប្រឆាំង​អ​ពើ​ពុករលួយ (ACU)​ថា បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុងការ​ដោះលែង​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​។​
សេចក្តី​ថ្លែង​ការណ៍​របស់​អ្នកនាំពាក្យ​នោះ បាន​រៀបរាប់​អំពី​ដំណើររឿង​ថា កាលពី​ថ្ងៃទី​០៩​ខែមីនា​ឆ្នាំ​២០១៧ ក្រុមប្រតិបត្តិការចម្រុះដែល​ដឹកនាំ​និង​សម្របសម្រួល​ដោយ​លោក តេង សា​ម៉ៃ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅក្នុង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

វត្ថុតាងដែលរឹបអូសបានពេលបង្រ្កាប


នៅក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​សមត្ថកិច្ច​បាន​ប្រើ​វិធាន​ញុះញង់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ប្រាំពីរ​នាក់​រួមមាន ឈ្មោះ តេង ផូង ភេទ​ប្រុស​, ឈ្មោះ យ៉ាន់ មាន ភេទ​ប្រុស​, ឈ្មោះ ឃុ​ត ដា​រ៉ុង ភេទ​ប្រុស​, ឈ្មោះ រ៉ុង វាសនា ភេទ​ប្រុស​, ឈ្មោះ យ៉ាន់ មុំ ភេទ​ស្រី​, ឈ្មោះ ឃឿ​ត កញ្ញា ភេទ​ស្រី និង​ឈ្មោះ សុំ​រ៉ូ​ឌី រួម​ក្លាង ភេទ​ស្រី (​ជនជាតិ​ថៃ​)​។​
នៅពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​បាន​គ្រឿងញៀន​ជាច្រើន​ប្រភេទ​រួមមាន មេ​តំ​ហ្វេ​តា​មីន​អាយ ហៅ​ម៉ា​ទឹកកក ចំនួន​បួន​ដុំ មាន​ទម្ងន់ ៩៨០,៤២​ក្រាម​, មេ​តំ​ហ្វេ​តា​មីន​WY ប្រភេទ​គ្រាប់​ចំនួន​បួន​ដុំ​មាន​៨០៧២​គ្រាប់​,​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​មួយគ្រឿង​, សម្ភារ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​, កាំភ្លើង​ខ្លីម៉ាក G-Lock ចំនួនមួយ​ដើម មាន​គ្រាប់​៩៨​គ្រាប់ និង​រថយន្ត​ចំនួន ប្រាំ​គ្រឿង​។​


ក្រោយពី​ពិនិត្យ​ភស្តុតាង និង​ផ្អែកលើ​របាយការណ៍​សំយោគ​របស់​សមត្ថកិច្ច លោក តេង សា​ម៉ៃ ជា​តំណាង​អយ្យការ​បាន​បើក​ការ​ស៊ើបសួរ​និង​ចោទប្រកាន់​លើ​ជនសង្ស័យ​ចំនួន​ប្រាំមួយ​នាក់ រួមមាន ឈ្មោះ តេង ផូង ភេទ​ប្រុស​, ឈ្មោះ យ៉ាន់ មាន ភេទ​ប្រុស​, ឈ្មោះ ឃុ​ត ដា​រ៉ុង ភេទ​ប្រុស​, ឈ្មោះ យ៉ាន់ មុំ ភេទ​ស្រី និង​ឈ្មោះ ស្រេង ព្រំ​ស៊ិ​រិទ្ធី ហៅ ស្រេង រិទ្ធី ហៅ ធី ភេទ​ប្រុស (​រត់គេចខ្លួន​) ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​សន្និធិ​(​ស្តុក​)​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​ផង​ទៀត​ដោយ​គ្មាន​ការអនុញ្ញាត​។ ចំណែក​ឈ្មោះ រ៉ុង វាសនា ត្រូវ​ចោទប្រកាន់​ពីបទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​។​


ដោយឡែក​ជនសង្ស័យ ឈ្មោះ ឃឿ​ត កញ្ញា ភេទ​ស្រី គឺ​គ្រាន់តែ​អ្នកបម្រើ​នៅផ្ទះ​របស់​ឈ្មោះ ឃុ​ត ដា​រ៉ុង (​ជា​ប្តី​) និង​ឈ្មោះ យ៉ាន់ មុំ (​ជា​ប្រពន្ធ​) និង​ជនសង្ស័យ​ឈ្មោះ សុំ​រ៉ូ​ឌី រួម​ក្លាង ភេទ​ស្រី​ជនជាតិ​ថៃ គឺជា​សង្សារ​របស់​ឈ្មោះ រ៉ុង វាសនា តែប៉ុណ្ណោះ ។​
ពួកគេ​ត្រូវបាន​ឃាត់ខ្លួន​នៅក្នុង​រង្វង់​ប្រតិបត្តិការ និង​ពុំមាន​ការជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ខាងលើ​នោះទេ ហេតុនេះ​តំណាង​អយ្យការ​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​។​គឺធ្វើឡើង​ដោយ​ផ្អែកលើ​ភាពត្រឹមត្រូវ​ដោយ​ឯករាជ្យ​របស់​តំណាង​អយ្យការ​ទទួលបន្ទុក​សំណុំរឿង​ឈរលើ​គោលការណ៍​យុត្តិធម៌​។ នេះ​បញ្ជាក់​ឲ្យ​ឃើញថា ការដោះលែង​គឺ​មិនមាន​ការឃុបឃិត​គ្នា​ជាមួយ​បុគ្គល​ណាមួយ​ដូច​ក្នុង​បណ្តឹង​ចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ។​


ប្រភព​ដដែល​បន្តថា​ក្រោយមក​ជន​ត្រូវ​ចោទ​ទាំង​ប្រាំមួយ​នាក់​ដែល​ត្រូវ​តំណាង​អយ្យកា​រលោក តេង សា​ម៉ៃ បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​តាមច្បាប់ និង​បញ្ជូនទៅ​ជំនុំជម្រះ​ដោយ​ផ្តន្ទាទោស​ជនជាប់ចោទ ឈ្មោះ តេង ផូង ភេទ​ប្រុស​, ឈ្មោះ យ៉ាន់ មាន ភេទ​ប្រុស​, ឈ្មោះ ឃុ​ត ដា​រ៉ុង ភេទ​ប្រុស​, ឈ្មោះ យ៉ាន់ មុំ ភេទ​ស្រី និង​ឈ្មោះ ស្រេង ព្រំ​ស៊ិ​រិទ្ធី ហៅ ស្រេង រិទ្ធី ហៅ ធី ភេទ​ប្រុស (​រត់គេចខ្លួន​) ដាក់ពន្ធនាគារ​កំណត់​ក្នុង​ម្នាក់​ពី ២២​ឆ្នាំទៅ​២៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ចំនួន ៤០​លាន​រៀល​ទៅ ៥០​លាន​រៀល ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​សន្និធិ​(​ស្តុក​ទុក​)​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​ដោយ​គ្មាន​ការអនុញ្ញាត​។​
ចំណែក ឈ្មោះ រ៉ុង វាសនា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​រយៈពេល​មួយឆ្នាំ ព្យួរ​ធម្មតា​ពីបទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​។​
​អ្នកនាំពាក្យ​នៃ​សាលាដំបូង​និង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បាន​ច្រានចោល​ទាំងស្រុង​នូវ​ការប្តឹង​និង​ចុះផ្សាយ​ថា ឈ្មោះ ផេង អិ និង​ប្រពន្ធ​ឈ្មោះ ថោង រដ្ឋា បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​លោក បោ​ន ប៊ិន និង​មន្ត្រី​តុលាការ​ក្នុងការ​រត់ការ​ដោះលែង​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​៕សរន