​អ្នកនាំពាក្យ​សាលាដំបូង ខេត្ត​ព្រះសីហនុ ប្រកាស​បដិសេធ​ព័ត៌មាន​មិន​ពិត​មួយ​

189
ចែករម្លែក

ដោយ​៖ ទេព មង្គល​/ភ្នំពេញ​៖ អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង ខេត្ត​ព្រះសីហនុ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៩​នេះ ដោយបាន​បដិសេធ​នូវ​ព័ត៌មាន​មិន​ពិត​មួយ ដែល​បណ្ដាញសារព័ត៌មាន និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក មួយចំនួន បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ ថា “​បុរស​ម្នាក់ បានធ្វើ​អត្តឃាត ក្រោយពី​អាជ្ញាធរ ចុះ​រុះរើ​កម្ទេច​ផ្ទះ នៅ​ខេត្ត​ព្រះសីហនុ​” ។​

​ដោយ​ផ្ដោតទៅលើ​ការចេញផ្សាយ​អត្ថបទ របស់​គេហទំព័រ​ឈ្មោះ www.clicknews.com.kh ដែលមាន​ចំណងជើង​ដូចខាងលើ​នេះ អ្នកនាំពាក្យ នៃ​អយ្យការ​អម សាលាដំបូង ខេត្ត​ព្រះសីហនុ បានបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ​ថា ករណីនេះ អយ្យការ​អម​សាលាដំបូង ខេត្ត​ព្រះសីហនុ ក្នុងនាម​ស្ថាប័ន​ដឹកនាំ និង​សម្របសម្រួល​សកម្មភាព របស់​មន្ត្រីនគរបាល​យុត្តិធម៌ នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន និង​មាន​កាតព្វកិច្ច ក្នុង​ការធ្វើ​សេចក្តីថ្លែងការណ៍ ជា​សាធារណៈ ក្នុងករណី​មាន​ព័ត៌មាន ធ្វើឱ្យ​ច្របូកច្របល់ ដល់​សណ្តាប់ធ្នាប់​សាធារណៈ សូម​បំភ្លឺ​ជូន​សាធារណជន មេត្តា​ជ្រាប​ដូចតទៅ​៖ ដោយ​ផ្អែក​តាម​ការចុះ​ស៊ើបអង្កេត ស្រាវជ្រាវ​របស់ អាជ្ញា​ធរមាន​សមត្ថកិច្ច ដល់ទី​តាំង​កើតហេតុ ស្ថិតនៅ​ចំណុច​ដី​ក្រុមហ៊ុន អេ​វី​ហ្គី​ន (​ព្រែក​ត្របែក​) ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ស្តាប់​ការបំភ្លឺ​របស់​ឈ្មោះ សុខ ធី ភេទ​ស្រី ជនជាតិ​វៀតណាម ជា​ប្រពន្ធ​ជនរងគ្រោះ បាន​បំភ្លឺថា ជនរងគ្រោះ មាន​ជម្ងឺ​បេះដូង​ប្រចាំកាយ ហើយ​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩ មុនពេល​កើតហេតុ ជនរងគ្រោះ មាន​អាកា​រៈ​ចុក​រោយ​ឆ្អឹងខ្នង ក៏​បានឱ្យ​ប្រពន្ធ កោសខ្យល់ រួច​បានធ្វើការ​ធ្ងន់ធ្ងរ មិនបាន​សម្រាក ដោយបាន​រាយ​រនង ដាក់​នុយ​ត្រី និង​បន្ត​ជួសជុល​ម៉ាស៊ីន ដែល​ខូច​ដល់​វេលា​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ ទើប​ប្រាប់​អោយ ប្រពន្ធ​របស់ខ្លួន ចូល​សម្រាក ។ លុះដល់​វេលា​ម៉ោង ៤:៣០ នាទី ទៀបភ្លឺ ទើប​ប្អូនជីដូនមួយ​របស់​ជន​រងគ្រោះ ប្រទះឃើញ​ដេកស្លាប់ ក្នុង​ទឹកតែ​ម្តង​។​

​សមត្ថកិច្ច​ជំនាញ បាន​សន្និដ្ឋានថា នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ ប្រហែល​ម៉ោង ៣:៣០ នាទី​ទៀបភ្លឺ ជនរងគ្រោះ​ឈ្មោះ ឡុង រិ​ន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ចាំ​ដី ស្ថិតនៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ស្រុកកំណើត នៅ​ខេត្តកោះកុង មាន​ប្រពន្ធ​ឈ្មោះ សុខ ធី អាយុ ៤៧​ឆ្នាំ ជនជាតិ​វៀតណាម ធ្លាប់មាន​ប្រវត្តិ​ជាប់ពន្ធនាគារ នៅ​ខេត្តកោះកុង នៅ​ឆ្នាំ​២០១៥ ចេញពី​ពន្ធនាគារ​វិញ នៅ​ខែកក្កដា ឆ្នាំ​២០១៨ បាន​ស្លាប់ ដោយសារ​ខ្យល់គរ គាំងបេះដូង រួច​ធ្លាក់​ពីលើ​ទូក ចូល​ទឹក​ព្រែក​ទឹកសាប ខណៈពេលដែល​ជនរងគ្រោះ បាន​ចេញទៅ​មើល​សន្ទូចរនង​ដាក់​ត្រី នៅ​ទីនោះ ។​

​អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង ខេត្ត​ព្រះសីហនុ បាន​គូសបញ្ជាក់ថា ករណី​ស្លាប់​របស់​ឈ្មោះ ឡឹង រិ​ន មិនមែនជា​ការធ្វើអត្តឃាត ដូច​បណ្ដាញសារព័ត៌មាន និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក មួយចំនួន បាន​ចុះផ្សាយ​ឡើយ​៕​សរន