​អ្នកបើករថយន្ត​ធុន​ធំ​ហាក់​មិន​ខ្វល់​ពី​ជីវិត​អ្នកដំណើរ​តាម​ដងផ្លូវ​ទេ​

521
ចែករម្លែក

​ដោយ បូកគោ​/​កំ​ពតៈ​ក្រោយ​បង្ក​គ្រោះថ្នាក់​ដែល​បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​បីនាក់​រងរបួស​ធ្ងន់​ស្រាល សមត្ថកិច្ច​រកឃើញថា​រថយន្ត​ធុន​ធំ​មួយគ្រឿង​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នេះ​ហ្វ្រាំង​មិន​ស៊ី​ទាល់តែសោះ​។ ភាព​ធ្វេសប្រហែស​បែប​នោះ​ត្រូវបាន​សន្និដ្ឋានថា​អ្នកបើកបរ​និង​ម្ចាស់​រថយន្ត​ហាក់ដូចជា​មិន​ខ្វល់​រាល់​ជីវិត​អ្នកដំណើរ​តាម​ដងផ្លូវ​ឡើយ​។​

​លោក​វរសេនីយ៍ត្រី​ស៊ូ​វណ្ណាត​នាយផ្នែក​នគរបាល​ចរាច​រណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បាន​រៀបរាប់ថា​កាលពី​វេលា​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃទី​២​ខែវិច្ឆិកា​ឆ្នាំ​២០១៨​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​ដោយ​រថយន្ត​ធុន​ធំ​បុក​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​បីនាក់​រងរបួស​ធ្ងន់​ស្រាល​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃំ​ុ​ត្រពាំង​ធំ ស្រុក​ទឹកឈូ​។

​ក្រោយ​បង្ក​គ្រោះថ្នាក់ អ្នកបើកបរ​បាន​រត់​គេច​បាត់​ដោយ​បន្សល់ទុក​រថយន្ត​នៅនឹងកន្លែង​កើតហេតុ​។ លោក​វរសេនីយ៍​បាន​ប្រាប់​ឱ្យដឹងថា​ជនរងគ្រោះ​ក្នុងករណីនេះ រួមមាន ១. ឈ្មោះ​អ៊ុន ស្រីរ​ត្ន័ ភេទ​ស្រី អាយុ ១៧​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ រងរបួស​ស្រាល​។ ២. ឈ្មោះ​ព្រំ​ុ​រ៉ាត់ ភេទ​ស្រី អាយុ ៣៣​ឆ្នាំ រងរបួស​ធ្ងន់​។ ៣. ឈ្មោះ​ប៊ុន សង្ហា ភេទ​ប្រុស អាយុ ២​ឆ្នាំ របួសស្រាល​។

​អ្នក​ទាំងបី​រស់នៅ​ភូមិ​កំពង់​ចិន​ឃុំ​ស្ទឹង​កែវ​ស្រុក​ទឹកឈូ​ខេត្តកំពត​។​លោក​ស៊ូ​វណ្ណាត​បាន​បញ្ជាក់ថា​មុនពេល​គ្រោះថ្នាក់​កើតឡើង​មាន​ម៉ូតូ​មួយគ្រឿង​ធ្វើដំណើរ​ដោយ​មនុស្ស​ប្រុស​ស្រីក្មេង​ចាស់​បីនាក់​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​ស្របពេលនោះ​ស្រាប់​តែមាន​រថយន្ត​ធុន​ធំ​មួយគ្រឿង​បើក​មកពី​ជើង​ដោយ​ល្បឿន​យ៉ាង​លឿន​រួច​បត់​ទៅខាង​ឆ្វេង​បម្រុង​បន្តដំណើរ​លើផ្លូវ​វាង​ក្រុង​ក៏​បុក​ពេញទំហឹង​ថែមទាំង​អូស​ម៉ូតូ​ដែលជា​ប់​នៅក្រោម​រថយន្ត​យ៉ាង​ឆ្ងាយ​។ ក្រោយ​រថយន្ត​អស់​ល្បឿន អ្នកបើកបរ​បាន​រត់​គេច​បាត់​តែម្តង​។

លោក​វរសេនីយ៍​បាន​បន្តថា​ឃើញ​បែប​នោះ​អ្នកជិតខាង​ក៏​ប្រញាប់ប្រញាល់​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​ដើម្បី​ហៅ​រថយន្ត​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​។​អ្វីដែល​ហួសចិត្ត​ពេល​សមត្ថកិច្ច​នាំយកទៅរ​ក្សា​ទុក​នៅ​ស្នងការដ្ឋាន រថយន្ត​បង្ក​គ្រោះថ្នាក់​នោះ​ហ្វ្រាំង​មិន​ស៊ី​ទាល់តែសោះ​។ នេះ​មានន័យថា​ទាំង​អ្នកបើក​បរទាំង​ម្ចាស់​រថយន្ត​ហាក់​មិន​ខ្វល់​រាល់​ជីវិត​អ្នកដំណើរ​តាម​ដងផ្លូវ​បន្តិច​ណា​ឡើយ​៕S/​