​អ្នកភូមិ​កោះ​តា​កូវ​មិន​បោះបង់​ការធ្វើ​កន្ទេលចចូត​ទោះ​ប្រាក់ចំណូល​តិចក្តី​

1819
ចែករម្លែក
  • 15
    Shares

(​កំពត​)៖​អ្នកភូមិ​កោះ​តា​កូវ​ក្នុង​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្តកំពត​ប្រហែល​៥០​ភាគរយ​នៅតែ បន្ត​ប្រពៃណី​ត្បាញកន្ទេល​ចចូត​លក់​ទោះបី​មុខរបរ​នេះ​រកប្រាក់​ចំណូល​បាន​តិចតួច​ធៀប​នឹង​ពេលវេលា​ក្តី​។​

ក្នុង​វ័យ​៥៨​ឆ្នាំ ស្ត្រី​ឈ្មោះ​អ៊ំ សា​មិត្ត រស់នៅ​ភូមិ​កោះ​តា​កូវ ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​រៀបរាប់ថា តាំងពី​ធំ​ដឹងក្តី​ពេលណា​មក គាត់​តែងតែ​ឃើញ​អ្នកភូមិ​ធ្វើ​កន្ទេល មួក ការុង​ចចូត ដើម្បី​លក់​រក​ចំណូល​សម្រាប់​គ្រួសារ​ស្ទើរ​គ្រប់​គ្រួសារ ក្រៅពី​ការងារ​ធ្វើស្រែ​។ ​ដោយសារ​ឪពុកម្តាយ​ក៏​ជា​អ្នកចេះ​ការងារ នេះ​ផងដែរ​នោះ គាត់​បាន​ហាត់រៀន​ធ្វើ​រហូតមកដល់​សព្វថ្ងៃ​នៅតែ​ដកខ្លួន​ចេញ​មិន​រួច​។

ស្ត្រី​ដដែល​បញ្ជាក់ថា មកដល់​សព្វថ្ងៃនេះ អ្នកភូមិ​នៅ​ត្បាញ​តែ​កន្ទេល​មួយ​មុខ​ប៉ុណ្ណោះ ដោយ​បោះបង់​ការធ្វើ​មួក ការុង​ចោល ដ្បិត​របស់​ទាំងនេះ​រក​ទីផ្សារ​ចាញ់​ទំនិញ​ដែល​ផលិត​ចេញពី​រោងចក្រ​។ តាមពិត​នៅក្នុង​ភូមិសាស្ត្រ​របស់គាត់ មិនមាន​រុក្ខជាតិ​ចចូត​ដុះ​ទេ គឺ​អ្នកភូមិ​ទៅ​កាត់​ពី​ខេត្តកោះកុង ខេត្ត​ព្រះសីហនុ ឬ​ទិញ​ពី​ប្រជាជន​វៀតណាម​ដែល​គេ​ដឹក​មក​លក់​ដល់ផ្ទះ​តែម្តង​។​

ស្ត្រី​អ៊ំ សា​មិត្ត​បាន​ត្អូញត្អែរថា ពេលនេះ​គាត់​ចាស់​ហើយ មិនសូវ​រហ័សរហួន​ទេ បើ​ត្បាញកន្ទេល​ប្រភេទ​តូច ត្រូវ​ប្រើពេល​ប្រហែល​ពីរ​ទៅ​បី​ថ្ងៃ​ទើប​រួចរាល់ ចំណែក​ខ្នាត​ធំ​ពី​ប្រាំ​ទៅ​ប្រាំពីរ​ថ្ងៃ​។ ឯ​អ្នក​នៅមាន​កម្លាំង​ពេញ​កន្ទេល​តូច​គេ​ប្រើពេល​មួយថ្ងៃ និង​ប្រភេទ​ធំ​ត្រឹម​បី​ទៅ​បួន​ថ្ងៃ​គេ​ធ្វើ​ហើយ​យ៉ាង​ងាយ​។ ប៉ុន្តែ​ការងារ​នេះ​ក៏​មិន ជា​ធុញទ្រាន់ ឬ​នឿយហត់​ប៉ុន្មាន​ទេ គឺ​បើ​ធ្វើ​ជុំគ្នា មាត់​អាច​ជជែក​លេង​បណ្តើរ ហើយ​ដៃ​ចេះតែធ្វើ​អ៊ីចឹងទៅ​។​

​ជា​អ្នកភូមិ​ដូចគ្នា អ្នកស្រី ឆាយ ឡី អាយុ ៤៨​ឆ្នាំ​បាន​រៀបរាប់ថា ចចូត​មកពី​វៀតណាម​មានគុណ​ភាព ល្អ​ជាង​ដោយ​គឺ​សរសៃ​ម៉ត់​តូចៗ​ដែល​អាចធ្វើ​ន្ទេ​ល​ជាប់​បានយូរ​។ ក្នុង​កន្ទេល​ធំ​មួយ​ដែល​ប្រើពេល​ត្បាញ​ប្រ ហែល​ប្រាំ​ថ្ងៃ​ដោយ​ទិញ​តាំងពី​នៅ​ស្រ​ស់រួច​ជួល​ឱ្យគេ​កិន និង​ទិញ​ល័ខ​មក​ជ្រលក់​ត្រូវ​ចំណាយ​អស់​ប្រហែល បី​ម៉ឺន​រៀល​ហើយ​លក់បាន​ប្រាំពីរ​ម៉ឺន​រៀល​ប៉ុណ្ណោះ​។

ចំណែក​ធុន​តូច​ប្រើពេល​ត្បាញ​ពីរ​ថ្ងៃ​ចំណាយ​ប្រហែល មួយ​ម៉ឺន​រៀល លក់​វិញ​បាន​បី​ម៉ឺន​រៀល​។ មួយខែៗ​អាច​សល់​បាន​ប្រហែល​ពី​៣០​ម៉ឺន​រៀល​ទៅ​៥០​ម៉ឺន​រៀល​។ និយាយ​រួម​ប្រាក់ចំណូល​បាន​តិចតួច​បំផុត​បើ​ប្រៀបធៀប​នឹង​ពេលវេលា​ដែល​ប្រើប្រាស់​ក្នុងការ​ត្បាញ​នេះ​។ ប៉ុន្តែ យ៉ាងណា​ក៏​អាចជួយ​សម្រាល​ជីវភាព​គ្រួសារ​ផងដែរ ពិសេស​សម្រាប់​រដូវ​ការ និង​បុណ្យទាន​ផ្សេងៗ​។​

លោកស្រី ហ៊​ន សារ៉ាត់ សមាជិកា​ក្រុមប្រឹក្សាឃុំ​ព្រែក​ក្រឹស​បាន​ប្រាប់​ឱ្យដឹងថា កាលពីមុន​ស្ទើរ​គ្រប់​គ្រួសារ​ក្នុង ភូមិ​កោះ​តា​កូវ​នោះ​សុទ្ធ​ប្រកប​របរ​ធ្វើ​កន្ទេល មួក ការុង​ចចូត​លក់ ដោយ​ចំណេះ​ជំនាញ​នេះ​បាន​ចេះ​តៗ​គ្នា ពី​ដូនតា​មក​។ សូម្បី​គ្រួសារ​លោកស្រី​ក៏​តែងតែ​ត្បាញកន្ទេល​ជាប្រចាំ​ដែរ​។ប៉ុន្តែ​សព្វថ្ងៃ ក្នុងចំណោម​ប្រជាពលរដ្ឋ​ក្នុងភូមិ​៤០៤​គ្រួសារ គឺ​៥០​ភាគរយ​នៅ​បន្ត​ត្បាញ​កន្ទេលចចូត​នោះ​។

តាម​ការ​ប្រាប់​ពី​អ្នក​ដែល​កំពុង​បន្ត​មុខរបរ​នេះ​គឺ​ទោះបីជា​ប្រាក់ចំណូល​តិចតួច​ក្តី​ក៏​ពួកគាត់​មិន​បោះបង់ចោល​ការងារ​ដែរ​។ លោកស្រី​បានបញ្ជាក់​ដោយ​ភាព​មោទនៈ​ថា ការប្រកាន់​គំនិត​បែប​នោះ​ជា​ប្រការ​ដ៏​ប្រពៃ​បំផុត​ព្រោះ​ជា​ចំណែក​មួយ​ក្នុងការ អភិរក្ស​ចំណេះ​ជំនាញ​ទំនៀមទម្លាប់​ប្រពៃណី​ដែល​អ្នកស្រុក​ធ្លាប់មាន ពិសេស​គឺ​ការមិន​យក​ពេលវេលា​ជួបជុំ​ជជែក​គ្នា​រឿង​ឥតប្រយោជន៍ ឬ​ប្រព្រឹត្ត​ល្បែងស៊ីសង​ដូច​នៅ​ផ្សេងៗ​មួយចំនួន​ជាដើម​៕S/​ដោយ បូកគោ​

​អ្នកភូមិ​កោះ​តា​កូវ​មិន​បោះបង់​ការធ្វើ​កន្ទេលចចូត​ទោះ​ប្រាក់ចំណូល​តិចក្តី​