​អ្នកភូមិ​បង្កោង​រៀបចំ​ពិធី​រកត្រី​រួម​ដើម្បី​ត្រៀម​ឡើង​មាឃ​ពេលខាងមុខ​

462
ចែករម្លែក

ដោយ​៖​អង្គរតូច​/​សៀមរាប​៖​ប្រជាជន​ក្នុងភូមិ​បង្កោង​ឃុំ​អំពិល​នៃ​ស្រុក​ប្រាសាទបាគង​កាលពី​ព្រឺ​ក​ថ្ងៃទី​៥​បានរៀបចំ​ពិធី​រកត្រី​រួម​ក្នុង​បឹង​អភិរក្ស​ដើម្បី​ត្រៀម​ឡើង​មាឃ​ឬ​ឡើងអ្នកតា​នាពេលខាងមុខ​។​ដែលជា​ទំនៀមទម្លាប់​ធ្វើជា​រៀងរាល់ឆ្នាំ​មិនអាច​ខាន​បាន​។

​សកម្មភាព​រកត្រី​រួម​របស់​អ្នកភូមិ​នេះ​ធ្វើឡើង​នៅ​បឹង​មួយ​ដែល​អ្នកភូមិ​តែងតែ​អភិរក្ស​ទុក​មិន​អនុញ្ញាតឱ្យ​នេសាទ​ផ្តេសផ្តាស​ចាប់ពី​ខែមិថុនា​ដើម្បី​រក្សា​ត្រី​ទុក​សម្រាប់​ប្រារព្ធ​ពិធី​ឡើង​មាឃ​ឬ​ឡើងអ្នកតា​។​

​មេភូមិ​បង្កោង លោក ពេជ្រ ឃិន បានឱ្យដឹងថា ពិធី​រកត្រី​នេះ​ធ្វើឡើង​មួយឆ្នាំ​ម្តង​ជា​រៀងរាល់​ខែមាឃ ។​បន្ទាប់ពី​ឯកភាព​ពី​ចាស់ព្រឹទ្ធាចារ្យ​ក្នុងភូមិ​និង​បានប្រកាស​កំណត់​ថ្ងៃ​រកត្រី​ដើម្បី​យក​ត្រី​ទៅធ្វើ​ទឹក​នំ​បញ្ចុក​និង​ធ្វើ​អាហារ​រួម​សម្រាប់​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា​តាម​ទំនៀម​។

​លោក​បន្តថា​នៅក្នុង​ផ្ទៃ​បឹង​ទាំងមូល​បានដាក់​សម្រាស់​២​កន្លែង​ត្រី​ដែល​ចាប់បាន​នៅ​បរិវេណ​ខាងក្រៅ​ប្រជាជន​អាច​យកទៅ​ធ្វើ​ម្ហូប​ហូប​ជា​លក្ខណៈ​គ្រួសារ​រីឯ​ត្រី​ចាប់​ក្នុង​សម្រាស់​ត្រូវ​ទុក​រួម​សម្រាប់ធ្វើ​ទឹក​នំ​បញ្ចុក​។​

ឯ​ពេលវេលា​មិនអាច​កំណត់​យក​ថ្ងៃ​ណាមួយ​ជាក់​លាស់​បានទេ​ដោយ​អាស្រ័យ​លើទឹក​បឹង​បើសិន​ទឹក​បឹង​នៅ​ច្រើន​ក៏​ពន្យា​ពេល​រង់ចាំ​ទឹក​បឹង​រីង​ដើម្បី​អាច​ចាប់​ត្រី​បាន​ច្រើន​។​តែ​ឆ្នាំនេះ​ទឹក​សមល្មម​អាចឱ្យ​ប្រជាជន​នេសាទ​ត្រី​បាន និង​ចំពេល​វេលា​ល្មម​។​

​លោក​ពេជ្រ​ឃិន​បាន​បញ្ជាក់ថា​ក្រោយពី​ប្រ​កួ​ក​ប្រកាស​ឱ្យ​នេសាទ​អ្នកភូមិ​បាន​ត្រៀម​នូវ​ឧបករណ៍​សម្រាប់​នេសាទ​បែប​បុរាណ​មាន​សំណាញ់​ឈ្នាង​អង្រុត​មក​ចាំ​កុះករ​នៅ​មាត់បឹង​។​ប្រជាជន​មួយចំនួន​មក​តាំងពី​ម៉ោង​១២​យប់​អ្នកខ្លះ​ក្រោក​មក​តាំងពី​ម៉ោង​៣​ម៉ោង​៤​មកម្ល៉េះ​។

នៅ​ឆ្នាំនេះ​កម្មវិធី​នេសាទ​ត្រី​ចាប់ផ្តើម​នៅវេលា​ម៉ោង​៧ ដោយមាន​គណៈកម្មការ​ចាំ​ប្រកាស​មេក្រូ និង​បាញ់​កាំ​ជ្រួញ​ជាស​ញ្ញា​។ លោក​បន្ថែមថា អ្នកភូមិ​ដែល​មក​នេសាទ​ទាំងអស់នោះ​មិន​ផ្តោត​តែ​លើ​រកត្រី​មួយ​មុខ​នោះទេ គឺ​មកជួបជុំ​សប្បាយរីករាយ​និង​មាន​សាមគ្គីភាព​កាន់តែ​ស្និ​ទ្ធិ​ស្នាល​រវាង​ប្រជាជន​នៅក្នុង​ភូមិ​ថែម​ទៀតផង​។

​អ្នកភូមិ​បង្កោង​លោកស្រី​ហេន​ទេ​ត​បានឱ្យដឹងថា​គ្រួសារ​លោកស្រី​ក៏​ដូច​ប្រជាជន​ផ្សេងទៀត​មក​នេសាទ​ត្រី ហើយ​យក​ត្រី​ដែល​រកបាន​មួយចំនួន​យកទៅ​ធ្វើ​ទឹក​នំ​បញ្ចុក​ដើម្បី​ត្រៀម​ឡើង​មាឃ ឬ​ឡើងអ្នកតា និង​មួយចំនួនទៀត​សម្រាប់ធ្វើ​ម្ហូប​។

លោកស្រី​បញ្ជាក់ថា ការរក​ត្រី​ឡើង​មាឃ​នេះ​មាន​ជា​យូរ​មកហើយ ចាស់ៗ​ក្នុងភូមិ​បានធ្វើ​ត​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​។​ពិធី​នេះ​នៅ​គង់វង្ស​ដោយសារតែ​អ្នកភូមិ​បន្ត​ប្រណិប័តន៍​រហូតមកដល់​សព្វថ្ងៃ នឹង​បន្តទៅ​ជំនាន់​ក្រោយៗ​ទៀត​។​

​គួរ​រំឭក​ដែរ​ថា តំបន់​រមណីយដ្ឋាន​អង្គរ​ជា​តំបន់​បេតិកភណ្ឌ​រស់​ដែល​សម្បូរ​ទៅដោយ​មរតក​អរូបី​ជាច្រើន ហើយ​ត្រូវបាន​អ្នកស្រុក​អង្គរ​បន្ត​ប្រណិប័តន៍​យ៉ាង​ខ្ជាប់ខ្ជួន​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។​

ពិធីបុណ្យ​ឡើង​មាឃ​ឬ​បុណ្យ​ឡើងអ្នកតា​ក៏​ជា​ទំនៀមទម្លាប់​ប្រពៃណី​មួយ​ក្នុងចំណោម​បេតិកភណ្ឌ​អរូបី​ជាច្រើន​ប្រណិប័តន៍​ដោយ​អ្នកស្រុក​អង្គរ​៕S/​សរន