​អ្នករាយការណ៍​ពិសេស អ​.​ស​.​ប នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​១១​ថ្ងៃ​

592
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​២៩ ខែមេសា ដល់​ថ្ងៃទី​០៩​ខែឧសភា​ឆ្នាំ​២០១៩​តាម​ការអញ្ជើញ​របស់​រាជរដ្ឋាភិបាល​។​

នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩​។​

​លោកស្រី​រ៉ូ​ណា​ស្មី​ត​បាន​មានប្រសាសន៍ថា​“​ខ្ញុំ​នឹង​ផ្តោត​បេសកកម្ម​របស់ខ្ញុំ​ទៅលើ​ស្ថានភាព​សិទ្ធិមនុស្ស​នាពេល​បច្ចុប្បន្ន និង​តាមដាន​ពី​ដំណើរ​វិវត្តន៍​នានា​ចាប់តាំងពី​បេសកកម្ម​របស់ខ្ញុំ​កាលពី​ខែវិច្ឆិកា​កន្លងមក​”​។ ខ្ញុំ​មានបំណង​បន្ត​ការពិនិត្យ​ផងដែរ​ទៅលើ​វិស័យ​សិ​ទិ្ធ​មនុស្ស​ទាក់ទង​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដោយ​ពិនិត្យ​ជាពិសេស​ទៅលើ​ការមិន​រើសអើង និង​សមភាព ព្រមទាំង​ការចូលរួម និង​គណនេយ្យភាព​”​។​
​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​រយៈពេល ១១​ថ្ងៃ អ្នកជំនាញ​រូបនេះ គ្រោង​ជួបប្រជុំ​ជាមួយ​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល តំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ការទូត​នានា​។ លោកស្រី ស្មី​ត នឹង​បំពេញ​ទស្សនកិច្ច​ផងដែរ​ទៅតាម​តំបន់​ផ្សេងៗ ដើម្បី​ប្រមូល​ព័ត៌មាន​ដោយផ្ទាល់​។​
​អ្នករាយការណ៍​ពិសេស អ​.​ស​.​ប បំពេញបេសកកម្ម​ផ្លូវការ​ជាប្រចាំ​មកកាន់​ប្រទេស​កម្ពុជា និង​ធ្វើ​របាយការណ៍​ប្រចាំ​ឆ្នាំទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដែល​ក្រុមប្រឹក្សា​នេះ បានតែងតាំង​លោកស្រី នៅក្នុង​ខែមីនា ឆ្នាំ​២០១៥​។ លោកស្រី​នឹង​បង្ហាញ​របាយការណ៍​បន្ទា​ប់​របស់​លោកស្រី ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៩​។​

​អ្នកស្រី ស្មី​ត នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ដោយមាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​ពិភាក្សា​អំពី​លទ្ធផល​ស្រាវជ្រាវ​បឋម​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ដែល​សន្និសីទ​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​រសៀល​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០១៩​នៅ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដែលមាន​អាសយដ្ឋាន អគារ​លេខ​៤ ផ្លូវ ២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕S/

​រូប​ថ​តៈ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស អ​.​ស​.​ប​