​អ្នកលក់​ទា​ដុត​កាន់តែច្រើន ខណៈ​ទីផ្សារ​ទា​រស់​កាន់​តែមាន​តម្រូវការ​ខ្ពស់​

1600
ចែករម្លែក
  • 63
    Shares

ដោយ​:​ដេប៉ូ / ភ្នំពេញ​: អ្នក​ប្រកប​អាជីវកម្ម​ទា​ដុត​ទឹកឃ្មុំ ដែល​កាលពី​មុនគេ​ឃើញ​មាន​ចំនួន​តិចតួច នៅតាម​តំបន់​ខ្លះ​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​បច្ចុប្បន្ន​មុខរបរ​លក់​ទា​ដុត​មួយបែប​នេះ កាន់តែ​ពេញនិយម ហើយ​បាន​រីក​រាលដាល​ស្ទើរ​គ្រប់​ទីកន្លែង និង​ពិសេស​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ក៏មាន​ប្រក​បរបរ​នេះ​ផងដែរ​។​

​អាជីវករ​លក់​ទា​ដុត​កន្លែង​ខ្លះ បាន​លើកឡើងថា ការលក់​ទា​ដុត​របស់​ពួកគាត់​ដាច់​គួរសម​។ កន្លែង​ខ្លះ​អាច​លក់ដាច់​ចាប់ពី​ជាង​១០​ក្បាល​រហូតដល់​៥០​ក្បាល​។ ទោះបីយ៉ាងណា​ពួកគាត់​ថា នៅពេល​ការលក់​ទា​ដុត​កាន់តែ​ដាច់ ធ្វើឱ្យ​ទីផ្សារ​ទា​ពេលនេះ​ឡើងថ្លៃ ដោយ​ក្នុងនេះ​មួយ​ក្បាល​ទិញ​ចូល​ចាប់ពី​១២.០០០​ដល់​១៣.០០០​រៀល​ធ្វើឱ្យ​ការលក់​ចេញ​វិញ​មិនសូវ​ចំណេញ​ដូច​មុន​ទេ​។​

​អ្នកលក់​ទា​ដុត​នៅតាម​ផ្លូវ​វេ​ង​ស្រេង និង​តំបន់​ផ្លូវ​សហព័ន្ធរុស្ស៊ី បាន​និយាយថា មុខរបរ​នេះ​កាក់កប​គួរសម​ក្នុងនេះ ពួកគាត់​លក់​មួយ​ក្បាល​ពីរម៉ឺន​រៀល ដោយ​ក្នុង មួយថ្ងៃ​អាច​រកប្រាក់​កម្រៃ​ចាប់ពី​១០​ម៉ឺន​ដល់​៣០​ម៉ឺន គ្រាន់​ដោះស្រាយ​ជីវភាព​។​

​ស្ត្រី​ឈ្មោះ ចាន់ថា ដែល​កំពុង​ឈរ​លក់​ទា​ដុត​ជាមួយ​ស្វាមី​មួយកន្លែង​នៅ​តំបន់​ផ្លូវ​វេ​ង​ស្រេង បានឱ្យដឹងថា មុខរបរ​លក់​ទា​ដុត​បច្ចុប្បន្ន​មាន​ភាពល្អប្រសើរ​គួរសម ពីព្រោះ​វា​អាចជួយ​ឱ្យ​គាត់​រក​ចំណូល​ក្នុង​មួយថ្ងៃ​ចាប់ពី​ប្រាំ​ម៉ឺន​រៀល រហូត​ល់​ជាង​១០​ម៉ឺន​រៀល​។ ចំណូល​នេះ​គ្រាន់​ផ្គត់ផ្គង់​គ្រួសារ​។​

​ស្ត្រី​រូបនេះ​បាន​បន្ថែម​ឱ្យដឹងថា​” កាលពីមុន​ទារ​រស់​ទិញ​ចូលក្នុង​មួយ​ក្បាល​តែ​១១.០០០​រៀល​ឬ​១២.០០០​រៀល​ទេ​។ ប៉ុន្តែ​ចាប់ពី​មាន​អ្នកលក់​ទា​ដុត​ច្រើន​មក ពេលនេះ​ទារ​ស់ទិញ​ចូល​មួយ​ក្បាល​១៣.០០០​រៀល​ធ្វើឱ្យ​ទូទាត់​ទៅ​មិនសូវ​ចំណេញ​ប៉ុន្មាន​ឡើយ​”​។​

​ចំណែក​បុរស​ជា​អ្នកលក់​ទា​រស់​ម្នាក់ទៀត នៅ​តំបន់​វេ​ង​ស្រេង​ឈ្មោះ​ឌី​សាវ៉ាត​បាន​ប្រាប់​ឱ្យដឹងថា មុខរបរ​លក់​ទា​ដុត​ទឹកឃ្មុំ​នេះ​កាក់កប​គួរសម ដោយ​ក្នុង​មួយថ្ងៃ​គាត់​អាច​លក់​ទា​ដុត​បាន​ចាប់ពី​៣០​ទៅ​៥០​ក្បាល​។​

​បុរស​រូបនេះ​បាន​បន្ត​ឱ្យដឹងថា បើ​ប្រៀបធៀប​អ្នកលក់​មាន់​ដុត​និង​ទា​ដុត​ពេលនេះ​ទីផ្សារ​ទា​ដុត​ប្រសើរ​ជាង ហើយ​ការរក​ប្រាក់កម្រៃ​ក៏​ប្រសើរ​ជាង​ដែរ​។​

​ចំណែក​អតិថិជន​ទិញ​ទា​ដុត​មួយរូប​ឈ្មោះ​សារ៉ាត់ បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ទា​ដុត​ទឹកឃ្មុំ​ពេល​បរិភោគ​ឆ្ងាញ់​ខុសប្លែក​ពី​សាច់មាន់ ហើយ​ស្របពេល​តម្លៃថោក​សមរ​ម្យ​ទើប​ធ្វើ​ឱ្យគេ​ចូលចិត្ត​ទិញ​បរិភោគ​ញឹកញាប់​។​

​ទាក់ទិន​ទៅនឹង​របរ​លក់​ទា​ដុត​នេះដែរ លោក​ស្រ៊ុន​ពៅ​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​បញ្ជាក់ថា​នា​កន្លងទៅ​ទា​មានតម្លៃ​ថោក​និង​ខ្វះ​ទីផ្សារ​។ ប៉ុន្តែ​ការបង្កើត​របរ​លក់​ទា​ដុត​នេះ​នឹង​ជួយ​ឱ្យ​តម្លៃ​ទា​ល្អប្រសើរ​ឡើងវិញ​។​

​គួរ​បញ្ជាក់ថា ទា​ដុត​ពេលបច្ចុប្បន្ន​គេ​ឃើញ​មាន​ដុត​ក្នុង​ពាង ខ្លះ​ដុត​ក្នុង​ធុងសាំង និង​ខ្លះ​ដុត​លើ​បន្ទះ​ចង្ក្រាន​ដែក​ផ្ទាល់​តែម្តង​។​ចំពោះ​រសជាតិ​វិញ​ឆ្ងាញ់ ពិតជា​ទាក់ទាញ និង​ពិសេស​មើលទៅ​ក្រហម​ស្រាល់​ទំនង​ចង់​ទិញ​បរិភោគ​ណាស់​៕ ល​